ចង់សម្លាប់បាក់តេរីបង្កដំបៅក្រពះក្រៅពីប្រើថ្នាំគួរធ្វើអ្វីទៀត?

ចង់សម្លាប់បាក់តេរីបង្កដំបៅក្រពះក្រៅពីប្រើថ្នាំគួរធ្វើអ្វីទៀត?

បាក់តេរីម្យាងឈ្មោះថា Helicobacter Pylori គឺជាបាក់តេរីដែលអាចចូល និងរស់នៅក្នុងផ្លូវរំលាយអាហាររបស់មនុស្សយើងបានច្រើនឆ្នាំ។ 
 
ប្រហែលជាអត្រាប្រជាជនប្រមាណ ពីរភាគបីហើយដែលមានបាក់តេរីនេះក្នុងខ្លួនពួកគេ។ ក្រោយពីមានបាក់តេរីនេះក្នុងខ្លួនមួយរយៈ ពេលខ្លះវាអាចបង្កជាជំងឺដំបៅក្នុងផ្នែកខាងលើនៃពោះវៀនតូច 
 
និងក្រពះព្រោះតែជាកន្លែងមានមជ្ឈដ្ឋានអាស៊ីតដែលវាអាចរស់នៅបាន។ ចំពោះរោគសញ្ញារបស់វាវិញអាចនឹងប្រែប្រួលទៅតាមមនុស្សម្នាក់ៗ និងអាស្រ័យទៅតាមប្រព័ន្ធភាពស៊ាំទៀងផង។ 
 
បាក់តេរីមួយនេះអាចរស់នៅក្នុងរាងកាយរបស់មនុស្សរហូតដល់រាប់សិបឆ្នាំឯណោះ។ 
 
បាក់តេរីមួយនេះអាចធ្វើដំណើរទៅណាមកណាក្នុងខ្លួនបានយ៉ាងងាយ ហើយវាក៏អាចរកឃើញក្នុងកំណកជាប់ធ្មេញ ដំបៅក្នុងមាត់ និងក្នុងមាត់ផងដែរ។ ជាទូទៅ វាឆ្លងតាមរយៈការកង្វះអនាម័យ។ 
 
ហេតុដូច្នេះហើយទើបបានជាមានប្រជាជនប្រមាណ ៨០ភាគរយឆ្លងជំងឺនេះ។ ជាមួយគ្នានេះដែរ ចំនួនអ្នកឆ្លងមេរោគមួយនេះគឺជាក្មេងៗតែម្តង ហើយក៏មិនមានចេញជារោគសញ្ញាអ្វីច្បាស់លាស់ដែរ។ 
 
ចំពោះមូលហេតុផ្សេងៗទៀតនោះអាចជាការញ៉ាំទឹកដែលមានវត្តមានមេរោគនេះ ការឆ្លងពីមាត់ទៅមាត់ និងដៃដែលគគ្រិច។ អ្នកខ្លះមានរោគសញ្ញាជាច្រើនដូចជា អស់កម្លាំង គេងមិនលក់ មិនឃ្លានអាហារ ស្បែកប្រែពណ៌ និងឈឺធ្ងន់ធ្ងរ។ 
 
អ្វីទៅជាផលវិបាករបស់បាក់តេរីមួយនេះពេលឆ្លងចូលក្នុងខ្លួនមនុស្ស?
បាក់តេរី Helicobacter ត្រូវបានរកឃើញដោយម្ចាស់ពាន់រង្វាក់ណូបែលពីររូបគឺ វេជ្ជបណ្ឌិត Berry Marshall និង វេជ្ជបណ្ឌិត Robyn Warren កាលពីឆ្នាំ ១៩៨២។ 
 
បាក់តេរីមួយនេះអាចបណ្តាលឱ្យមានការរលាកក្នុងប្រព័ន្ធរំលាយអាហារ និងជំងឺមហារីកជាដើម។ 
 
តេស្តដែលអាចរកឃើញបាក់តេរីនេះ
បាក់តេរីនេះមានវិធីសាស្រ្តរកឃើញបានទាំងប៉ះពាល់ដល់អ្នកជំងឺ និងមិនប៉ះពាល់។ តេស្តទាំងនោះមានដូចជា ការធ្វើតេស្តឈាម តេស្តដង្ហើម តេស្តលាមក និងការធ្វើតេស្តដោយបំពង់ឆ្លុះ។ 
 
អ្នកត្រូវតែឈប់ប្រើថ្នាំព្យាបាលទាំងអស់មុនពេលធ្វើតេស្តទាំងនេះ។ 
 
ការព្យាបាល
ការព្យាបាលដែលសមស្របសម្រាប់ការបង្ករោគដោយបាក់តេរីនេះយូរបំផុតគឺរយៈពេល ៧ ទៅ១៤ថ្ងៃ ដោយមានបញ្ចូលនូវការប្រើថ្នាំផ្សះចំនួនពីរប្រភេទក្នុងពេលតែមួយ និងប្រើថ្នាំបញ្ចុះជាតិអាស៊ីតក្នុងក្រពះ (PPI)។ 
 
អ្នកក៏នឹងត្រូវផ្លាស់ប្តូររបបអាហារផងដែរ ដូចជា កាត់បន្ថយអាហារហិរ និងញ៉ាំតិចៗ តែច្រើនដងក្នុងមួយថ្ងៃ។ នៅពេលប្រើថ្នាំ វាអាចនឹងមានផលរំខានដែរដូចជា ក្នុងមាត់មានរសជាតិដូចដែកៗ ក្រពះមិនកិន រមួលក្នុងពោះ និងរាករូស។ បើសិនជាអ្នកជំងឺញ៉ាំគ្រឿងស្រវឹងទៀត គាត់នឹងធ្លាប់មានអាការៈឈឺក្បាលខ្លាំង បែកញើស ក្អួត និងបេះដូងលោតកាន់តែខ្លាំង។ 
 
ការព្យាបាលនឹងជោគជ័យបើសិនលទ្ធផលនៃការធ្វើតេស្តឃើញអវិជ្ជមានក្រោយពីព្យាបាលបាន ៤សប្តាហ៍។ 
 
ជីវជាតិ
កត្តាដ៏សំខាន់ដើម្បីឈានទៅរកការព្យាបាលដ៏ជោគជ័យគឺធ្វើយ៉ាងណាទទួលបានជីវជាតិគ្រប់គ្រាន់។ យកល្អអ្នកគួរតែចៀសវាងអាហារដូចជា  ប៉ាស្តាជាដើម។ អ្នកក៏គួរតែកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន គ្រឿងស្រវឹង 
 
សាច់កៃឆ្នៃ ភេសជ្ជៈមានជាតិផ្អែម និងជាតិប្រៃដែរ ។ អ្នកគួរតែញ៉ាំបន្លែ ផ្លែឈើ និងត្រីឱ្យបានច្រើន៕
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។