ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

រាជធានីភ្នំពេញ ៖​ នៅបណ្តាញទំនាក់ទំនងសង្គម​ (Facebook) Page​ ​ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរបង្ហោះ​នៅ​ប៉ុន្មាននាទី​មុននេះ​មានខ្លឹមសារទំាងស្រុងថា "​យោងទៅលើស្មារតីនៃសន្និបាត​គណបក្សប្រជាជនលើកទី ៣៩​ អាណត្តិទី ៥ នៅថ្ងៃទី ១០ ​ មករា ឆ្នាំ ២០១៥​នេះ ​ក្នុងនាមជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង ​​ជានាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា ​សម្តេចតេជោ ហ៊ុន សែន​ បានប្រកាសព្យួរចោល​នូវការជាប់ពន្ធលើបន្ទុក​ក្នុងការផ្ទេរមរតកអចលន​ទ្រព្យ​ពីឪពុក​ម្តាយទៅកូន​ ពីជីដូនជីតាទៅអោយចៅ ​និងពីប្តី ​ទៅអោយប្រពន្ធ ​ឬពីប្រពន្ឋទៅអោយប្តី។

ការសម្រេចព្យួរច្បាប់នេះ​គឺដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយ​ចំទិសដៅកុំអោយមានការព្រួយបារម្ភ ​និងកង្វល់ក្នុង​ការផ្ទេរអចលនទ្រព្យ​​ដែលជាកេរ្តិ៍មរតកពី​សមាជិកគ្រួសារម្នាក់​ទៅសមាជិកគ្រួសារម្នាក់ទៀត ​ដោយមិនចាំបាច់បង់​ប្រាក់ថ្លៃសេវាឡើយ។

សម្តេចតេជោ​ ហ៊ុន សែន ​បន្តស្តាប់ ​និងទទួលសំណូមពរពី​ប្រជាពលរដ្ឋទូទាំងប្រទេស​ ដើម្បីដោះស្រាយជូនបងប្អូន​ដើម្បីទទួលបាននូវសេវាសាធារណៈ​សមរម្យ និង​ផលប្រយោជន៍​ច្រើនថែមទៀត​ពីសង្គមជាតិ៕"

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព