តំណាង​សហគមន៍​ខេត្ត​រតនគិរី​ថា​រង​ការ​គំរាម​សម្លាប់​បន្ទាប់​ពី​ប្ដឹង​មន្ត្រី​ប៉ូលិស​ព្រំដែន

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​តាំង​លោម ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី លោក ក្លាន ពេវ អះអាង​ថា បាន​រង​ការ​គំរាម​សម្លាប់​បន្ទាប់​ពី​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផាតាម ពីរ​នាក់ និង​អ្នក​ភូមិ​ម្នាក់ ក្នុង​បទ​បណ្តែតបណ្តោយ និង​ឃុបឃិត​ឲ្យ​ឈ្មួញ​វៀតណាម នាំ​កម្មករ​ឆ្លង​ដែន​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។

លោក​បញ្ជាក់​ថា អ្នក​ភូមិ​ម្នាក់​ដែល​រស់នៅ​ជិត​ផ្ទះ​គ្នា កាន់​កាំបិត​មក​ផ្ទះ​លោក ហើយ​គំរាម​សម្លាប់​លោក ដោយសារ​តែ​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​អ្នក​ភូមិ​នោះ​ថា ជា​អ្នក​នាំ​ផ្លូវ​ឈ្មួញ​វៀតណាម ឲ្យ​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស៖ «គេ​កាន់​កាំបិត​ទៅ​ផ្ទះ​ខ្ញុំ គេ​សួរ​ថា ប៉ា​ឯង​ទៅ​ណា?គេ​ចង់​រក​អ្នក​ណា​ផុស​ហ្នឹង អ្នក​ណា​ហ្នឹង​បើ​ខ្ញុំ​ដឹង​គេ​ផុស​ខ្ញុំ​កាប់​ចោល។ ខ្ញុំ​ទៅ​អាដហុក (ADHOC) ខ្ញុំ​ចង់​ឲ្យ​គេ​ជួយ​ទប់ស្កាត់​ការពារ​រឿង​ឈើ ខ្ញុំ​ព្រួយ​បារម្ភ​អស់​ឈើ​ហើយ»

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា តំណាង​សហគមន៍​តាំង​លោម មាន​គ្នា​បី​នាក់ បាន​នាំ​យក​ពាក្យ​ប្ដឹង​ចំនួន​ពីរ​ច្បាប់ មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាង ១០០​នាក់ ដាក់​ជូន​ការិយាល័យ​ការពារ​សិទ្ធិ​មនុស្ស​មួយ​ច្បាប់ និង​សុំ​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​នេះ អន្តរាគមន៍​ពាក្យ​ប្ដឹង​មួយ​ច្បាប់​ទៀត​ទៅ​ស្នងការ​ប៉ូលិស​ខេត្ត ក្នុង​រឿង​ចោទ​នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផាតាម គឺ​លោក ទូច ហ៊ីង និង​តម្រួត​ការពារ​ព្រំដែន​ជាមួយ​គ្នា​ម្នាក់​ទៀត​មាន​ឈ្មោះ ថង ថា​បាន​អនុញ្ញាត​ឲ្យ​ឈ្មួញ​វៀតណាម ដឹក​ជញ្ជូន​កម្មករ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ការ​គំរាម​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ​នេះ​តាម​ទូរស័ព្ទ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា។ នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ លោក​នឹង​អន្តរាគមន៍​ពាក្យ​ប្ដឹង​ពាក់ព័ន្ធ​ករណី​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ និង​ករណី​គំរាម​សម្លាប់​នេះ​ទៅ​ស្នងការ​ប៉ូលិស​ខេត្ត ដើម្បី​ស៊ើប​អង្កេត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។