ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តព្រៃវែង ​៖ ផ្ទះ​ឈើ​ប្រក់ស័ង្កសី​ទំហំ​៣​,​៦០​ម៉ែត្រ​គុណ​​​៣​,​៦០​ម៉ែត្រ ចំនួន​៨​ខ្នង ​ត្រូវ​បាន​អង្គការ​មូល​និធិ​កុមារ​កម្ពុជា ​ប្រគល់​ជូន​គ្រួសារ​ក្រីក្រ​ ​ចាស់ជរា​គ្មាន​ទីពឹង ក្មេង​កំព្រា​នៅ​ឃុំ​ស្ពឺ​(​ក​) ​ស្រុក​បាភ្នំ ​កាលពី​​​ព្រឹក​ថ្ងៃ​ទី​៩​ មក​រា ​​២០១៦​ ​តាម​រយៈលោក ​ប៊ុ​ន សេរី អភិបាលរង​រាជ​ធានី​ភ្នំពេញ អនុប្រធាន​ក្រុមការងារ​ជួយ​ស្រុក​បាភ្នំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ស្ពឺ​(​ក​) និង​លោកស្រី​ ។

លោក​ Scott Nelson ប្រធាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ មាន​ដើម​កំណើត​ជា​ជនជាតិអូស្ត្រាលី​ បច្ចុប្បន្ន​បាន​ចូល​ជា​សញ្ជាតិ​កម្ពុជា​ហើយ​នោះ ​បាន​ថ្លែង​ថា​​ ​អង្គការ​របស់​លោក បាន​ធ្វើ​សកម្មភាព​ផ្តោត​សំខាន់​លើ​ការ​ជួយ​គាំពារ​ដល់​កុមារ​កំព្រា​ គ្រួសារ​ក្រីក្រ​បំផុត និង​ជន​ចាស់ជរា​គ្មាន​ទីពឹង ​ដែល​សកម្មភាព​មនុស្សធម៌​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​រួច​មក​ហើយ ក្នុង​នោះ ​បាន​ផ្តល់​អំណោយ​ជា​ផ្ទះ​ចំនួន​៤០០​ខ្នង​ ​ជួយ​ចិញ្ចឹម​កុមារ​កំព្រាក្រីក្រ​ បាន​ជាង​២៣០០​នាក់ ​។

​ការ​ផ្តល់​អំណោយ​នេះ​ធ្វើ​ឡើង​តាម​លក្ខ​ខណ្ឌ​មួយ​ចំនួន​​ គឺ​ មិន​​វាយ​​កូន​ មិន​ផឹកស្រា​ មិន​លេងល្បែង និង​ជំរុញ​កូនចៅ​ឲ្យ​ទៅ​រៀន​នៅ​សាលា​ឲ្យ​បាន​គ្រប់គ្នា​ ។​ លោក​ScottNelson បញ្ជាក់​ថា​​ ​លោក​នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ឃុំ​ស្ពឺ​(​ក​)​បន្ត​ទៀត តាម​រយៈលោក ​ប៊ុ​ន សេរី ក្នុង​ពេល​ដែល​លក្ខ​ខណ្ឌរបស់​មូលនិធិ​ត្រូវ​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ ។

​លោក​ ប៊ុ​ន សេរី ​បាន​មាន​​ថ្លែង​ថា​ ​នេះ​ជា​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត​ដែល​ប្រជាពលរដ្ឋឃុំ​ស្ពឺ​(​ក​) ​ទទួល​បានជា​ការ​ដូ​​ សម្រាប់​អបអរ​ទិវា​ជ័យ​ជម្នះ​​៧​មក​រា ​ដែល​ជា​កំណើត​ទី​២​របស់យើង​ទាំងអស់​គ្នា​ ។ លោក​បាន​លើក​ឡើង​ពី​ប្រវត្តិ​ដ៏​ឈឹ​ចាប់​ខ្លោចផ្សារ​ក្នុង​របប​វាល​ពិឃាដ​ដ៏សាហាវ​យ៉ុ​ង​ឃ្នង​នៃ​ពូក​ប៉ុ​ល​ពត​ ដែល​ប្រើ​នយោបាយ​អតិ​សម្ព័​ន្ធជា​នយោបាយ​កាប់​សម្លាប់​គ្នា​ឯង ចោទប្រកាន់ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​តាមដាន​គ្នា​ និង​លែង​ទុកចិត្ត​គ្នា ​។ ​គណបក្ស​ប្រជាជនកម្ពុជា​ បាន​នាំ​មក​ជូន​ជាតិ​ គឺសមិទ្ធផល​៧​មក​រា ដែល​មក​ដល់​ពេល​នេះ​មាន​អាយុ​៣៧​ឆ្នាំហើយ​ ។ ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍ​​​ដូច​សព្វ​ថ្ងៃនេះ​ គឺ​កើត​ចេញពី​ថ្ងៃ៧​មក​រា​នេះឯង ជាស​ច្ចធម៌​ប្រវត្តិសាស្ត្រ​មិន​អាច​ន​ណា​កាឡៃ​បាន​ឡើយ​ ។

អ្នក​មីង ​ស៊ូ ពៅ អាយុ​៦២​ឆ្នាំ​ ក្នុង​ចំណោម​អ្នក​ដែល​ទទួល​បាន​ផ្ទះ​នា​ឱកាស​នោះ​បានបង្ហាញ​ទឹកចិត្ត​រីករាយ​ក្រៃ​លែង និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដោយ​ចាត់​ទុកអំណោយ​លំនៅ​​ឋាន​​នេះ​ ​ជា​ពន្លឺ​នៃ​ជីវិត​របស់​អ្នក​មីង ធ្វើ​ឲ្យ​អ្នក​មីង​មានផ្ទះ​នៅ​នឹង​គេ​បានសមរម្យ​ ។

សូម​រំលឹក​ថា​​ ​សមិទ្ធផល​ជា​ច្រើន​នៅ​ក្នុង​ឃុំ​ស្ពឺ​(​ក​) ​ត្រូវ​បាន​បង្កើត​ឡើង​តាម​សំណូ​ម​ពរ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​តាម​រយៈក្រុមការងារ​ដែល​មាន​លោក ​ប៊ុ​ន សេរី ជា​ប្រធាន
​មាន​ ​អគារ​សិក្សា​១​ខ្នង​ នៅ​អនុ​វិទ្យាល័យ​ស្ពឺ​(​ក​) ​សាលា​បឋម​សិក្សា​ព្រេច១​ខ្នង ​៤បន្ទប់​ ​សាលា​បុណ្យ​ ​សាលាឃុំ​ ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ស្ពឺ​(​ក​) ​ព្រះ​វិហារ​វត្តព្រេច​រៈ ​។ កសាង​ផ្លូវលំ​១​ខ្សែ​ប្រវែង​៦០០០​ម៉ែត្រ​ ​កសាង​ផ្លូវ​លំនៅ​ឃុំ​ឈើ​កាច់​១​ខ្សែ​ ក្រាល​ខ្សាច់ ភ្នំ​ប្រវែង​១២០០​​ម៉ែត្រ​ ​កសាង​ផ្លូវ​នៅ​ឃុំ​រោង​ដំរី​១​ខ្សែ​ប្រវែង​១៧០០​ម៉ែត្រ​​នៅ​ភូមិ​ស្នូល​តូច​ប្រវែង២១០០​​ម៉ែត្រ ​ស្តារ​ប្រឡាយ​២​ខ្សែ​នៅ​ភូមិ​ស្ពឺ​លិច​ និងភូមិ​ស្ពឺ​កើត​ ប្រវែង​១.៨០០​​ម៉ែត្រ ​និង​សមិទ្ធផល​មួយ​ចំនួន​ទៀត​ ដែល​កំពុង​ឆ្លើយ​តប​តាម​​តម្រូវ​ការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​​ ​៕ ​

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព