ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

សៀង​ហៃ ៖ ទីផ្សារ​ផ្ទះ​ចាស់​នៅ​ទីក្រុង​សៀង​ហៃ​បាន​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ដែល​បាន​ចូល​ក្នុង​កំណត់​ត្រា​ប្រចាំឆ្នាំ​២០១៥ ដោយសារ​កត្តា​អំណោយផល​ក្នុង​ការ​កំណត់​តម្លៃ​សមរម្យ​នៃ​គោលនយោបាយ​របស់​រដ្ឋាភិបាល ដោយ​បាន​ទាក់ទាញ​អ្នកទិញ​ជា​ច្រើន ។

បើ​យោង​តាម​របាយការណ៍​ដែល​ចុះ​ផ្សាយ​ដោយ​ភ្នាក់ងារ​អចលនទ្រព្យ Shanghai Homelink ឲ្យ​ដឹង​ថា អត្រា​លក់​ផ្ទះ​ចាស់​នៅ​ទីក្រុង​សៀង​ហៃ​កាលពី​ឆ្នាំ​មុន បាន​កើនឡើង​ខ្ពស់​រហូត​ដល់​ទៅ​៨៩% គិត​ជា​ផ្ទះ​មាន​ចំនួន​៣៣៧.៣០០​ខ្នង​ផ្ទះ ខណៈ​ដែល​តម្លៃ​កើន​ដល់​១៧.៨% បើ​គិត​ជា​ប្រាក់​សរុប​មាន​ចំនួន​២៥.១០០​យន់ (៣.៨៣០​ដុល្លារ​អា​មេ​រិ​ក​) ក្នុង​មួយ​ម៉ែត្រការ៉េ ។

នៅ​ខែធ្នូ ឆ្នាំ​២០១៥​កន្លង​មក ផ្ទះ​ចាស់​ចំនួន ៣៤.៦០០​ខ្នង​ផ្ទះ​នៅ​ទូ​ទាំង​ទីក្រុង ត្រូវ​បាន​ទិញ​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយ ដែល​តួលេខ​នេះ​គឺ​នៅ​រក្សា​ចំនួន​លក់​លើស​ពី​៣០.០០០​ខ្នង​ផ្ទះ នា​អំឡុង​ពេល​៩​ខែ​ជាប់​ៗ​គ្នា ទោះបីជា​ការ​លក់​នៅ​ខែវិច្ឆិកា មាន​ចំនួន​ដល់​ទៅ​៣៥.៧០០​ខ្នង​ផ្ទះ​ក៏​ដោយ នេះ​បើ​យោង​តាម​របាយការណ៍​របស់ Homelink ។
អ្នកជំនាញ​ស្រាវជ្រាវ​នៅ Homelink លោក Zhao Baogen បាន​មាន​ប្រសាសន៍​ថា ៖ « កំណើន​ទីផ្សារ​នៃ​ផ្ទះ​ចាស់​នេះ គឺ​ដោយសារ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​បាន​ជួយ​សម្រួល​ដល់​កម្ចី​ឥណទាន​ដោយ​ដាក់​វត្ថុ​បញ្ចាំ និង​បន្ត​អនុវត្ត​នូវ​ការ​កាត់​បន្ថយ​ការ​ប្រាក់ » ។

លោក​បន្ត​ថា ៖ « កំណើន​ទីផ្សារ​ផ្ទះ​ចាស់​ដ៏​គំហុក​ទៅ​ទូ​ទាំង​ទីក្រុង​នេះ គឺ​ដោយសារ​តែ​ដី​សម្រាប់​សាងសង់​ផ្ទះ​នៅ​មាន​កម្រិត​នៅឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​លំនៅ​ឋាន​ថ្មី​ឲ្យ​បាន​ឆាប់ » ។

បើ​យោង​តាម​ទិន្នន័យ​ដែល​បង្ហាញ​ដោយ Homelink បង្ហាញ​ថា ស្រុក Pudong, Pudong និង Jing គឺជា​តំបន់​ដែល​មាន​អត្រា​កើនឡើង​នៃ​ការ​ទិញ​ផ្ទះ​ចាស់​គួរ​ឲ្យ​កត់​សម្គាល់ ដែល​ស្រុក Pudong កើនឡើង​ដល់​ទៅ​១៣០% ខណៈ​ស្រុក Baoshan កើនឡើង​ដល់​១២០% និង​ស្រុក Jing កើនឡើង​ដល់​១១៦% ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព