សុខភាព &raquo សុខភាព

ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ  University Collage London ចក្រភព​អង់គ្លេស​និង​សាកលវិទ្យាល័យ University of Michigan សហរដ្ឋអាមេរិក បាន​អះអាង​រួម​គ្នា​ថា ការ​ចាក់​បញ្ចូល​អ័រម៉ូន​អាំង​ស៊ុ​យ​លី​ន​អាច​ផ្តល់​ផល​អាក្រក់​ច្រើន​ជាង​ផល​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​មាន​វ័យ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ ។

ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា អត្ថប្រយោជន៍​ព្យាបាល​របស់​អ័រម៉ូន​នេះ​អាច​ត្រូវ​បាន​បាត់បង់ ខណៈ​វា​បង្កើត​ឱ្យ​មាន​ផល​រំខាន និង​ផល​ប៉ះពាល់​ប្រចាំ​ថ្ងៃ​ក្នុង​នោះ​មាន​ដូច​ជា ការ​នាំ​ឱ្យ​ឡើង​ទម្ងន់​ជាដើម ។

ជា​ធម្មតា ការ​ចាក់​បញ្ចូល​អាំង​ស៊ុ​យ​លី​ន​ដល់​អ្នកជំងឺ​ទឹកនោមផ្អែម​វ័យ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ​គឺ​មាន​គោលដៅ​កាត់​បន្ថយ​ហានិភ័យ​ពី​បញ្ហា​ខ្សោយតម្រងនោម ជំងឺ​បេះដូង និង​ការ​ងងឹតភ្នែក​ជាដើម ។ ទោះជា​យ៉ាងនេះ​ក្តី ការ​ពិសោធ​លើ​អ្នកជំងឺ​ប្រមាណ​ជា​៥១០០​នាក់​បាន​បង្ហាញ​ថា អ្នក​ដែល​ចាក់​អាំង​ស៊ុ​យ​លី​ន​ចន្លោះ​ពី​២-៥​ដង​ក្នុង​មួយ​ថ្ងៃ ១​ភាគ​៣​បាន​ឡើង​ទម្ងន់​ខណៈ​អ្នក​ផ្សេង​ទៀត​ជួប​បញ្ហា​ឈឺក្បាល និង​អាការរោគ​មាន​សណ្ឋាន​ដូច​ជា​គ្រុនក្តៅ ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ សាស្ត្រាចារ្យ Sandeep Vijan ថ្លែង​ថា សម្រាប់​បុគ្គល​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ គោលដៅ​នៃ​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​គឺ​ដើម្បី​ទប់ស្កាត់​ភាព​ស្មុគស្មាញ​ដែល​បង្ក​ដោយ​ជំងឺ​ទឹកនោមផ្អែម​តួយ៉ាង​ដូច​ជា ជំងឺ​តម្រងនោម ជំងឺ​ភ្នែក និង​ជំងឺ​បេះដូង​ជាដើម ។ ប៉ុន្តែ​វា​សំខាន់​ដែល​ត្រូវ​រក្សា​តុល្យភាព​រវាង​បន្ទុក​ហានិភ័យ​បង្ក​ជា​ភាព​ស្មុគស្មាញ និង​បន្ទុក​ព្យាបាល​នៅ​ពេល​សម្រេច​ជ្រើសរើស​វិធី​ព្យាបាល​កម្រិត​ស្ករ​ក្នុង​ឈាម ។ ប្រ​សិន​អ្នកជា​បុគ្គល​មាន​ហានិភ័យ​ពី​ជំងឺ​ខាង​ដើម​កម្រិត​ទាប តែ​ធ្លាប់​ជួប​ប្រទះ​បញ្ហា​កម្រិត​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ឡើង​ទម្ងន់ ឬ​ក៏​ជួប​ប្រទះ​នឹង​ការ​រំខាន​ពី​ការ​ប្រើ​អាំង​ស៊ុ​យ​លី​ន ដូច្នេះ​ការ​បន្ត​ប្រើប្រាស់​ថ្នាំ​នេះ​ទៅ​មុខ​ទៀត​គឺ​ពិតជា​មិន​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​នោះ​ឡើយ ។ ការ​ចាក់​បញ្ចូល​អាំង​ស៊ុ​យ​លី​ន​មិនមែន​ដើម្បី​តែ​កាត់​បន្ថយ​ហានិភ័យ​ពី​បញ្ហា​ងងឹតភ្នែក ខូច​តម្រងនោម និង​ជំងឺ​បេះដូង​នោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​ជួយ​កែ​លំអ​គុណភាព​ជីវិត​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ ។

ដោយឡែក ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​វ័យក្មេង ក្រុម​អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា ការ​ចាក់​បញ្ចូល​អាំង​ស៊ុ​យ​លី​ន​នៅ​តែ​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួក​គេ​ជា​ដដែល ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព