ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ក្រុង​ប៉ោយ​ប៉ែ​ត ៖  គំនរ​សំរាម​គរ​ដូច​ភ្នំ​មួយ​កន្លែង​ជះក្លិន​ស្អុយ​អសោច​ដល់​ពលរដ្ឋ​រស់នៅ​ជិត​ទីនោះ និង​រួម​ទាំង​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ឆ្លងកាត់ ។ គំនរ​សំរាម​នេះ ត្រូវ​គេ​ឃើញ​នៅ​តាម​ផ្លូវ​បេតុង​០១៦ ខាងជើង​សណ្ឋាគារ ប៉ោយ​ប៉ែ​ត ស៊ី​ធី​ប៉ោយ​ប៉ែ​ត ប្រមាណ​១០០​ម៉ែត្រ​ប៉ុណ្ណោះ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែត។

គួរ​កត់សម្គាល់​ផង​ដែរ​ថា នៅ​ត្រង់​ចំណុច​គំនរ​សំរាម​គរ​ដូច​ភ្នំ​មាន​ជះក្លិន​ស្អុយ​អសោច​សាយភាយ​ដល់​ពលរដ្ឋ រស់នៅ​ជិត​ទីនោះ រួម​ទាំង​អ្នក​ធ្វើ​ដំណើរ​ផង​នោះ គេ​ឃើញ​មាន​ស្លាក​យីហោ​មួយ​របស់​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បោះបង្គោល​ដាក់​ប៉ាយ​ត្រង់​ចំណុច​នោះ​ថា ទីក្រុង​ស្អាត បរិស្ថាន​ល្អ ជា​ប្រភព​សុខភាព​របស់​ប្រជាពលរដ្ឋ !   តែ​ផ្ទុយ​ទៅ​វិញ ផ្នែក​ខាងក្រោម​គេ​ឃើញ​មាន​សំរាម​គរ​ដូច​ភ្នំ​តែ​ម្តង ។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជាយ​ដែនកម្ពុជា​-​ថៃ ក្រុង​ប៉ោយ​ប៉ែ​ត បាន​នាំ​គ្នា​រិះគន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថា គំនរ​សំរាម​មួយ​កន្លែង​នេះ កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ អាជ្ញា​ធរមាន​សមត្ថកិច្ច​ហាក់ដូចជា​គ្មាន​វិធានការ​ក្នុង​ការ​ទប់ស្កាត់​ឲ្យ​បាន​ស្អាត​សមរម្យ​ដូច​ស្លាក​យីហោ​ដែល​ខ្លួន​ដាក់​ឡើយ ។ ប្រភព​បន្ត​ថា សំរាម​ទាំង​អស់នេះ គឺ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ជិតជុំ​វិញ​ទីនោះ លួច​យក​មក​ចាក់ចោល​នៅ​ពេល​យប់​តាម​គ្នា​តែ​ម្តង ។ ចំណែក​អស់លោក​អាជ្ញាធរ​វិញ ចំណាត់ការ​ហាក់ដូចជា​មាន​ភាព​ធូររលុង ទើប​មិន​អាច​ទប់ស្កាត់​នូវ​បញ្ហា​ទាំង​អស់នេះ​បាន ។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ប្រសិនបើ​អស់លោក​អាជ្ញា​ធរមាន​ចេតនា ចង់​កុំ​ឲ្យ​មាន​គំនរ​សំរាម​គរ​ដូច​ភ្នំ​បែប​នេះ​តទៅ​ទៀត​នោះ គួរតែ​ដាក់​បំរាម ឬ​ក៏​ដាក់​បង្កប់​ជា​កាមេរ៉ា​សុវត្ថិភាព​នៅ​ត្រង់​ចំណុច​នោះ ដើម្បី​ចាប់​យក​រូបភាព​អ្នក​ដែល​យក​សំរាម​ទៅ​ចាក់ចោល​នៅ​ចំណុច​នោះ យក​ទៅ​ផាកពិន័យ  ទើប​ថ្ងៃក្រោយ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ហ៊ាន​យក​សំរាម​មក​ចាក់​ទៀត​ឡើយ​។

ប្រជាពលរដ្ឋ​បាន​រិះគន់​បន្ត​ថា គ្រាន់តែ​គំនរ​សំរាម​ប៉ុណ្ណោះ អស់លោក​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើ​មិនកើត​ផង ហើយ​ឲ្យ​ទៅ​ធ្វើ​កិច្ច​ការងារ​ធំ​ៗ​បម្រើ​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​មុខ​យ៉ាងដូច​ម្តេចទៅ​...​? ឬ​មួយ​ក៏​អស់លោក​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំងនោះ ចង់​ទុក​គំនរ​សំរាម​ទាំងនេះ​បង្អួត​ដល់​ភ្ញៀវ​ទេសចរ ដើម្បី​ប្រឡងប្រណាំង​នឹង​ប្រទេស​ជិតខាង​ថា កម្ពុជា​ជា​ក្រុង​ស្អាត ពោរពេញ​ដោយ​សំរាម​បែប​នេះ ។

ជុំវិញ​បញ្ហា​ទាំង​អស់នេះ លោក​ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១០ មក​រា នេះ​៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព