ម្នាក់​ចូល​ពេទ្យ​៤​នាក់​ទៀត​ដេក​គុក​ដោយសារ​អំពើហិង្សា​

តាកែវ: ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ឃាត់ខ្លួន រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ ដោយសារ​ជណសង្ស័យ​ទាំង​៤​នាក់ បាន​ប្រើ​អំ​ណើ​ហិង្សា​ដោយ​វាយ​មនុស្ស​១​ក្រុម​មាន​គ្នា​៦​នាក់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​២៣​និង​១៥​នាទី នៅ​កន្លែង​លក់​បបរ​នៅមុខ​រោងចក្រ មួយកន្លែង​ស្ថិតនៅ​ភូមិ​ប្រ​ហូត សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ។​

​លោក ឆាយ សាវុធ អធិការ​ក្រុង​ដូន​កែវ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៤​នាក់​រួមមាន​ឈ្មោះ ១.​ហ៊ិ​ន រស្មី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លើក ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ២.​ជឹម ភារៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៣.​សោម​ចាន់ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ៤.​កុយ​សង្ហា ហៅ​ច​យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ អ្នក​ទាំង​៣​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឈន សុ​ភី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក សង្កាត់​ត​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ រងរបួស​ធ្ងន់ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ពួកគេ​ពិតជា​បាន​វាយតប់​គ្នា​ជាមួយ​ភាគី​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយសារតែ​ខឹង​ភាគី​ជនរងគ្រោះ​បោក​ដប​ស្រា​នៅមុខ​តូប​លក់​បបរ​របស់​ប្រពន្ធ​ខ្លួន ពេលនោះ​រូបគេ​ក៏បាន​សួរនាំ​រួច​កកើត​ជា​ទំនាស់​ពាក្យសម្តី កកើត​មានការ​វាយតប់​គ្នា​តែម្ដង​៕

ម្នាក់​ចូល​ពេទ្យ​៤​នាក់​ទៀត​ដេក​គុក​ដោយសារ​អំពើហិង្សា​