​ព្រៃឈើ​ជា​បញ្ហា​អាទិភាព​សម្រាប់​កិច្ចការ​អភិរក្ស​រមណី​យ​ដ្ឋា​ន​កោះ​កេរ​

ព្រះវិហារ: ​រមណីយដ្ឋាន​កោះ​កេរ​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី ៨១​គីឡូម៉ែត្រ​ក្រឡា មាន​ប្រាសាទ និង​បុរាណ​ដ្ឋា​ន​ជាច្រើន ព្រមទាំង​ហ៊ុមព័ទ្ធ​ដោយ​ព្រៃ​ល្បោះ​ជុំវិញ គួរ​ជាទី​គយគន់​ពន់ពេក​។ សព្វថ្ងៃ​អ្នក​អភិរក្ស​កំពុង​ញាប់ដៃ​ញាប់ជើង រិះរក​វិធីសាស្ត្រ​ថែរក្សា​ព្រៃ​នេះ​ឲ្យ​បាន​គង់វង្ស ដោយសារ​ព្រៃ​នេះ​នៅមាន​ឈើ​ប្រណីត​ល្អៗ​ច្រើន ដែល​ពួក​ជន​ទុច្ចរិត​មួយចំនួន​កំពុង​ផ្តោត​ទិសដៅ​តម្រង់​។​

​លោក និ​ន ចាន់​សា​មៀន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បញ្ជាក់ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានទទួល​បន្ទុក​អភិរក្ស​រមណី​ដ្ឋា​ន​កោះ​កេរ​បន្ត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក្នុង​ឆ្នាំ​២០០៥​។ ចាប់ពីពេលនោះ​មក នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​កិច្ចការ​អភិរក្ស​ប្រាសាទ និង​ការពារ​ព្រៃឈើ​ជា​បន្ត​ជា​បន្ទាប់​។​

​ដោយសារ​មួយរយៈ​ចុងក្រោយ​នេះ មាន​បទល្មើស​ព្រៃឈើ​មួយចំនួន​បានកើត​ឡើង ដោយ​ឈ្មួញ​ខ្លះ​មាន​ទាំង​អាវុធ​ជាប់ដៃ​ទៀតផង​នោះ ការអភិរក្ស​ព្រៃឈើ​ចាប់ផ្តើម​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​។ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​សម្រេច​ប្រគល់​ការងារ​គ្រប់គ្រង​ព្រៃឈើ ដល់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ដើម្បី​ធ្វើ​ការងារ​រួមគ្នា​នឹង​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ ដែល​ធ្លាប់​អនុវត្ត​កន្លងមក​។​

​លោក សា​មៀន បន្ថែមថា ដើម្បី​ឲ្យ​ការងារ​គ្រប់គ្រង​ព្រៃឈើ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តព្រះវិហា​រ ដើម្បី​ស្នើ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅនេះ​។ បច្ចុប្បន្ន គណៈកម្មការ​មួយ​នេះ​ត្រូវ​បានរៀបចំ​រចនាសម្ព័ន្ធ និង​ភារកិច្ច​រួចរាល់​អស់ហើយ នៅតែ​ទីស្តីការគណៈរដ្ឋមន្ត្រី​ពិនិត្យ​សម្រេច​ចុងក្រោយ​ប៉ុណ្ណោះ​។​

“​ភារកិច្ច​របស់​យើង គឺ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​បាន​។ យើង​សង្ឃឹមថា នៅពេល​គណៈកម្មការ​នេះ​ចេញ​ជា​រូបរាង​ហើយ ការទប់ស្កាត់​បទល្មើស​ព្រៃឈើ​នឹង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឈានដល់​ការទប់ស្កាត់​បាន​១០០%​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​” នេះ​ជា​ប្រសាសន៍​លើកឡើង​បន្ថែម​របស់លោក និ​ន ចាន់​សា​មៀន​។ លោក​បញ្ជាក់ថា ក្រៅពី​បង្ក្រាប​បទ​លើ្ម​ស យើង​ក៏​នឹងមាន​កម្មវិធី​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ពី​តម្លៃ​បេតិកភណ្ឌ និង​បរិស្ថាន​ផងដែរ​។ “​យើង​បាន​ដើរ​តាម​ផ្ទះ​របស់​ប្រជាជន សង្កេតឃើញថា ស្ទើរ​គ្រប់​ផ្ទះ​គឺមាន​មុខរបរ​កាប់​ឈើ​លក់ ដូចជា ធ្វើ​បង្គោលក្រាក់ សសរផ្ទះ អុស ធ្យូង​។​ល​។ មុខរបរ​ទាំងនេះហើយ ដែល​ជំរុញ​ឲ្យ​ពួកគាត់​កាប់​ព្រៃឈើ​ជា​បន្តបន្ទាប់​។ យើង​នឹងមាន​កម្មវិធី​ចុះ​អប់រំ​ពួកគាត់ ឲ្យ​ពួកគាត់​បង្កើត​មុខរបរ​ថ្មី​ដែល​មិនមែនជា​ការកាប់​ឈើ​លក់​តទៅទៀត​។ យើង​នឹងសិក្សា​ពី​បញ្ហា​ប​នេះ​ឲ្យ​ល្អិតល្អន់ ជាពិសេស គឺ​ការបង្កើន​ចំណូល​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​វិស័យ​ទេសចរណ៍​”​។​

​លោក សា​មៀន រៀបរាប់ថា ដើម្បី​ឲ្យ​ការងារ​នេះ​ដំណើរ​បានទទួល​បាន​ជោគជ័យ​ខ្ពស់ យើង​សូម​ឲ្យ​មានការ​ចូលរួម ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស គឺ​គណៈកម្មការ​ចម្រុះ​ដែល​នឹង​បង្កើតឡើង​នៅពេល​ឆាប់ៗ​នេះ​។​

​ប្រាសាទ​កោះ​កេរ មាន​ទីតាំង​ស្ថិតនៅ ក្នុងភូមិ​កោះ​កេរ ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ មាន​ចម្ងាយ ៨០​គម នៅ​ភាគ​ឦសាន​អង្គរ (​បើ​គិត​តាមផ្លូវ​ធ្វើដំណើរ​សព្វថ្ងៃ​ចម្ងាយ​១២០​គម​)​។ ក្រុម​ប្រាសាទ​កោះ​កេរ សង់​លើ​ផ្ទៃដី​ខ្ពង់រាប ដោយ​ព្រះបាទ​ជ័យ​វ័រ្មន​ទី​៤ (៩២៨-៩៤២)​។ មុន​ឆ្នាំ​២០០៥ ប្រាសាទ​នេះ​គ្រប់គ្រង​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។ នៅ​ឆ្នាំ​២០០៥ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ប្រគល់​ការងារ​គ្រប់គ្រង​អភិរក្ស​តំបន់​កោះ​កេរ ដល់​អាជ្ញាធរ​ជាតិ​អប្សរា​វិញ​៕

​ព្រៃឈើ​ជា​បញ្ហា​អាទិភាព​សម្រាប់​កិច្ចការ​អភិរក្ស​រមណី​យ​ដ្ឋា​ន​កោះ​កេរ​

​ព្រៃឈើ​ជា​បញ្ហា​អាទិភាព​សម្រាប់​កិច្ចការ​អភិរក្ស​រមណី​យ​ដ្ឋា​ន​កោះ​កេរ​

​ព្រៃឈើ​ជា​បញ្ហា​អាទិភាព​សម្រាប់​កិច្ចការ​អភិរក្ស​រមណី​យ​ដ្ឋា​ន​កោះ​កេរ​