ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​ផ្នែក​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ម្នាក់​មាន​ឋានៈ​ឧត្តមសេនីយ៍ទោ គឺ​លោក​ពេ​ជ្យ វ​ណ្ណា ជា​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ និង​លោក​វរសេនីយ៍ទោ ជុំ សា​រ៉េ​ត (​ហៅ​ហេង​) មាន​ឋានៈ​ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ប៉ោយ​ប៉ែ​ត​បាន​ឃុបឃិត​គ្នា​លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់​ប្រភេទ​(​បាញ់​ត្រី​) គ្មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណាមួយ​ហ៊ាន​អើត​ក្បាល​មក​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ទ​ង្វើ​នេះ បាន​ផ្គើន​ទៅ​នឹង​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ធ្លាប់​ប្រកាស​នៅ​តា​កែន កោះ​ស្លា ខេត្តកំពត ប្រាប់​ដល់​ស្ថាប័ន​កងកម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ឲ្យ​ដកខ្លួន​ចេញ​ជា​បន្ទាន់​ពី​ការ​លង់ខ្លួន​ជាមួយនឹង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ។ សេចក្តីរាយការណ៍​បន្ត​ថា នៅ​តំបន់​ប៉ោយ​ប៉ែ​ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ គេ​សង្កេត​ឃើញ​មាន​បទល្មើស​បន​ល្បែងស៊ីសង​ខុសច្បាប់​កើត​មាន​ស្ទើរតែ​គ្រប់​ប្រភេទ​នោះ ភាគច្រើន​គឺ​សុទ្ធតែ​សមត្ថកិច្ច​ជា​អ្នកធំ និង​មាន​អំណាច​ជា​អ្នក​បើក​ទៅ​វិញ​។

ជាក់ស្តែង​មាន​ទីតាំង​បន​ល្បែង (​បាញ់​ត្រី​) មួយ​កន្លែង​បង្កប់​ក្នុង​ហាង (​យីហោ​អាហារ​ឆ្ងាញ់ ឆ្ងាញ់​) នៅ​ផ្សារ​រាត្រី ជាប់​ពី​ខាងកើត​កា​រ៉ា​ស់​សាំង​កាល់​តិច ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។ ដែល​គេ​ដឹង​ថា ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ពេ​ជ្យ វ​ណ្ណា ប្រធាន​ការិយាល័យ​យោធា​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ និង​លោក​វរសេនីយ៍ទោ ជុំ សា​រ៉េ​ត (​ហៅ​ហេង​) នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ប៉ោយ​ប៉ែ​ត បាន​បើក​លេង​ដោយ​សេរី​យ៉ាង​រលូន​២៤​លើ​២៤​ម៉ោង ដោយ​គ្មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ​ណាមួយ​ហ៊ាន​អើត​ក្បាល​ចាត់វិធានការ​បង្ក្រាប​ឡើយ ។

គួរ​កត់​សម្គាល់ថា ក្រៅពី​បន​ល្បែង​មួយ​កន្លែង​នេះ គេ​សង្កេត​ឃើញ​មាន​បន​ល្បែងភ្នាល់​បាល់​ជា​ច្រើន​កន្លែង​ទៀត រីក​ដូច​ផ្សិត​ត្រូវ​ទឹកភ្លៀង​កើត​មាន​យ៉ាង​គគ្រឹកគគ្រេង​ដូច​ជា ទីតាំង​ទី​១-​យីហោ ៩៩net នៅ​ខាងត្បូង​ផ្សារ​ត្រី ២-​យីហោ​EN JOY ៧៨៩ net ជាប់​ហាង​នំ​បុ័ង ផ្លូវ​ដើម​ពុទ្រា​, ៣-​យីហោ​LUCKY៩៩៩ នៅ​ពី​ខាងត្បូង​បា​រ៉ា​ស់ នគរបាល​អន្តោប្រវេសន៍​ផ្លូវ​ច្រក​ដើម​ពុទ្រា​ចម្ងាយ​៥០​ម៉ែត្រ និង​៤-​នៅផ្ទះ​ជួល​របស់​លោក​ទ្រី ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៅ​ប្លុក​ផ្កាយ​3 ។ ដោយឡែក​ចំណែក​ឆ្នោត (​កន្ទុយលេខ​) វិញ ត្រូវ​បាន​គេ​បើក​លេង​ជា​ចំហរ​តែ​ម្តង ពួក​គេ​ជា​មេបន បាន​ពង្រា​ឲ្យ​កូនកញ្ច្រែង​ដាក់​តុ តាំង​លក់​តាម​ផ្ទះ និង​តាម​ទីផ្សារ​មួយ​ចំនួន​របៀប​អនាធិបតេយ្យ​តែ​ម្តង ។

ប្រភព​បង្ហើប​ឲ្យ​ដឹង​ថា បន​ល្បែងស៊ីសង​ខុសច្បាប់​ដែល​ដាក់​ទីតាំង ដូច​ជា​ភ្នាល់​បាល់ និង​បាញ់​ត្រី​ក្នុង​មួយ​កន្លែង​ត្រូវ​គេ​សង្ស័យ​ថា មានការ​បង់​ប្រាក់ខែ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ដែល​ឈរជើង​នៅ​ក្នុង​មូលដ្ឋាន​ប្រមាណ​រាប់រយ រហូត​ដល់​មួយ​ពាន់​ដុល្លារ​ឯណោះ ទើប​អាច​បើក​លេង​យ៉ាង​រលូន​បែប​នេះ​បាន​ផង​ដែរ​។ ជុំវិញ​បញ្ហា​ទីតាំង​ល្បែង​បាញ់​ត្រី​ខុសច្បាប់​របស់​អ្នកធំ​មាន​អំណាច​ខាងលើ ត្រូវ​បាន​មន្ត្រី​យោធា​ផ្នែក​ទំនាក់​ព្រំដែន​កម្ពុជា​-​ថៃ​មួយ​រូប​បង្ហើប​ប្រាប់​ថា លោក​ឧត្តមសេនីយ៍ ពេ​ជ្យ វ​ណ្ណា ដែល​ជា​មេ​កើយ​របស់​លោក​មិន​មានការ​ពាក់ព័ន្ធ​ទេ តែ​ទីតាំង​មួយ​កន្លែង​នោះ​ជា​របស់​លោក​ប្រធាន​បាន​ជួល​ឲ្យ​គេ​យក​លុយ​ខែ​តែ​ប៉ុណ្ណោះ ។

គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​បំភ្លឺ​តប​បាន​ទេ ពី​លោក​ផ្កាយ​ពីរ ពេ​ជ្យ វ​ណ្ណា ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ នា​រសៀល​ថ្ងៃ​ទី​១០ មក​រា ២០១៦ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព