នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន​ថៅកែ រ​មណីយ​ដ្ឋាន​ «សួន​សុ​បិ​ន្ត»

រាជ​ធានី​ភ្នំពេញ ៖ សមត្ថ​កិច្ច​នាយកដ្ឋាន​នគរបាល ​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​៩​ មក​រា ២០១៦ បាន​ចាប់ខ្លួន​ថៅកែ​រ​មណី​យដ្ឋា​ន​ «​សួន​សុ​បិ​ន្ត» ដែល​មាន​ទីតាំង​ស្ថិ​ត ​នៅ​ក្បែរ​រោងចក្រ​ស្រា​បៀរ​ថៃ​ហ្គ័រ​ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ​។

បុរស​ដែល​សមត្ថ​កិច្ច​អះអាង​ថា ​ជា​ថៅកែរ​មណី​យដ្ឋា​ន​​​ខាង​លើ​នេះ ឈ្មោះ​ ឃួ​ន សា​រុំ ​អាយុ​៤០​ឆ្នាំ ទីកន្លែង​កំ​ណើត ​នៅ​ភូមិ​ត្រពាំង​ក្រួស ឃុំ​ពពេល ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​១៥០E0 ​ផ្លូវ​សុក​ហុ​ក សង្កាត់​អូ​រឫ​ស្សី​៤ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ មុខរបរ​ជា​ពាណិជ្ជករ (​ថៅកែ​រមណី​​ដ្ឋាន​​សួន​សុ​បិ​ន្ត​) ។

លោក​ឧត្តមសេនីយ៍ទោ​ ប៉ុ​ល រតនា អនុប្រធាន​នាយក​ដ្នា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា ជា​ការ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក​ វ៉េ​ង ហ៊​ត់ ចៅក្រមជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៨៧ត​ព្រ ចុះ​ថ្ងៃ​ទី​២១ មេ​សា ២០១៥ តាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៨៧៦ ចុះ​ថ្ងៃ​ទី​១៦ មីនា​ ២០១២ និង​តាម​សាលក្រម​លេខ​៧៣១ ទ​.​ភ​.​ព​.​ព្រ​.​ទ ​ចុះ​ថ្ងៃ​ទី​២១ ​មេ​សា ២០១៥ បាន​សម្រេច​ផ្តន្ទា​ទោ​ពិរុទ្ធជន​ ឈ្មោះ ឃួ​ន សា​រុំ ដាក់​ពន្ធនាគារ​កំណត់​៣​ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​៦.០០០.០០០​រៀល ពី​បទ​មិន​បំពេញកាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទា​ទោស​​​តាម​មាត្រា២១៣ នៃ​ច្បាប់​ស្តី​ពី​ឧ​បរ​ណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់សង​ប្រាក់ និង​បទ​ឆបោក​ តាម​មាត្រា​៣៧៧ និង​មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រ​ព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែតុលា ២០១១ ៕​

នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន​ថៅកែ រ​មណីយ​ដ្ឋាន​ «សួន​សុ​បិ​ន្ត»

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត