ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នៅ​លើ​សង្វៀន​ពីរ ដែល​បាន​ធ្វើ​ឡើង​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ និង​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃ​សៅរ៍​ទី​៩ មក​រា ម្សិលម្ង៉ៃបាន​លេច​ចេញ​លទ្ធផល​ហើយ ដោយ​កីឡាករ​សេក គឹ​ម​រួន បាន​យកឈ្នះ​គូប្រកួត ហើយ​ឈរ​ជា​កីឡាករ​មាន​ពិន្ទុ​នាំមុខ​គេ​ក្នុង​ចំណោម​កីឡាករ​ទាំងអស់​ក្នុង​ពូ​ល​A ។ ជាមួយនឹង​លទ្ធផល​នោះ កីឡាករ​គង់ សំបូរ​ឯណេះ​វិញ មិន​ត្រឹមតែ​ស្ដារ​មិន​បាន​នូវ​អ្វី​ដែល​ធ្លាប់​បរាជ័យ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លង់​កាន់តែ​ជ្រៅ​ក្នុង​ភាព​អាម៉ាស់ ដោយសារ​តែ​ថៃ​វាយបំបាក់​នោះ​ថែម​ទៀត​ផង ។

នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ កាលពី​ម្សិលម្ង៉ៃ ត្រូវ​គេ​កត់​សម្គាល់ថា បាន​បើក​ឆាកប្រយុទ្ធ​គ្នា​ដោយ​ភាពស្វិតស្វាញ​បំផុត ដោយសារ​តែ​កីឡាករ​ដែល​មាន​ពិន្ទុ​នាំមុខ និង​ប្រកៀក​ប្រកិត​គ្នា​២​រូប​ត្រូវ​ឡើង​ប៉ះ​គ្នា ដើម្បី​ស្វែងរក​អ្នក​ឈរ​លេខ​១​ក្នុង​ពូ​ល ដើម្បី​ឆ្ពោះទៅ​រក​ការ​ប្រកួត​ដណ្ដើម​ជើងឯក និង​ប្រាក់​លាន​ក្នុង​វគ្គ​បន្តបន្ទាប់​។ ឆ្លងកាត់​ការ​ប្រកួត​ដែល​ស្ទើរនឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​ហ៊ាន​ដកដង្ហើម​ព្រោះ​ខ្លាច​រំខាន​ដល់​ភាព​ជក់ចិត្ត ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ឡើង​វាយ​ប្រយុទ្ធ​គ្នា ការ​ប្រដាល់​រវាង​កីឡាករ ឌុ​ម កែវ​ដា ដែល​ឈ្នះ​២​ប្រកួត​រួច​មក​ហើយ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​កន្លង​មក និង​កីឡាករ​សេក គឹ​ម​រួន ដែល​ឈ្នះ​២​ប្រកួត​កន្លង​មក​ដូច​គ្នា បាន​ធ្វើ​ឱ្យ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ ក្លាយជា​ទីលាន​ដែល​ទាក់ទាញ​អ្នក​ស្នេហា​ការ​ប្រដាល់​យ៉ាងច្រើន​កុះករ ។

អ្នក​តាមដាន​ការ​ប្រដាល់​នៅ​តាម​ហាង​កាហ្វេ​សុទ្ធតែ​បាន​លើក​ឡើង​ពី​ការ​ប្រកួត​របស់​ពួក​គេ ដោយសារ​តែ​ជុំ​ទី​៣ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូ​ល​A និង​ជា​ការ​ប្រកួត​កំណត់​យក​អ្នកមាន​ពិន្ទុ​លេខ​១ និង​លេខ​២​ក្នុង​ពូ​ល គឺជា​រឿង​សំខាន់​ដែល​អ្នកគាំទ្រ​ភាគច្រើន​ចង់​ដឹង​ចង់​ឮ ។ អ្នក​ស្នេហា​ការ​ប្រដាល់​យ៉ាង​ហោច​ជាង​ពាក់កណ្ដាល​ត្រូវ​គេ​ប៉ាន់​ស្មានថា ចង់​មើល​ការ​ប្រកួត​វគ្គ​ចុង​ក្រោយ​រវាង ឌុ​ម កែវ​ដា និង​សេក គឹ​ម​រួន ដោយ​ហេតុផល​ថា តាំងពី​បើក​ឆាក​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​របស់​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ​នៅ​ប៉ុស្ដិ៍​លេខ​៥​ក្នុង​រដូវ​កាល​ទី​២​នេះ​មក គឺ​អ្នក​ទាំង​ពីរ​មិន​ដែល​ចាញ់ ហើយ​ក៏​មក​ត្រូវ​ប៉ះ​គ្នា​នៅ​ក្នុង​វគ្គ​ចុង​ក្រោយ​សម្រាប់​ពូ​ល​A កាលពី​ម្សិលម្ង៉ៃ​។

ម្យ៉ាង​ការ​ប្រកួត​របស់​អ្នក​ទាំង​២ ត្រូវ​គេ​មើលឃើញ​ថា មាន​ភាព​ស្វាហាប់ និង​ស្វិតស្វាញ​មិនសូវ​សន្សំ​កម្លាំង​ទុក​យក​ទៅ​ផ្ទះ​នោះ​ផង​ទេ ទើប​អ្នក​ទស្សនា​ចង់​មើល​ពួក​គេ​ប្រកួត បើ​ទោះជា​កេរ្តិ៍ឈ្មោះ​របស់​ពួក​គេ​មិន​ទាន់​ដល់​លំដាប់​ដូច​កីឡាករ​ជួរ​មុខ​ភាគច្រើន ។ កីឡាករ​ឌុ​ម កែវ​ដា បាន​សម្ញែង​កម្លាំងបាយ​ផង និង​បច្ចេកទេស​ស្ទើរ​មិន​សល់​មួយ​ស្នៀត​ណា​ទេ ដើម្បី​វាយបំបាក់​កីឡាករ​សេក គឹ​ម​រួន ដែល​ជា​គូបដិបក្ខ​របស់​ខ្លួន ។ បើ​ទោះជា​ការ​ប្រកួត​របស់​គូ​នេះ​គឺ​អ្នក​ណា​ចាញ់​ក៏​បាន​ឡើង​ដោយ​ស្វ័យប្រវត្តិ​ក៏​ដោយ ប៉ុន្តែ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល គឺ​មាន​ភាព​សំខាន់​ខ្លាំង​ណាស់ ដោយសារ​តែ​ផ្អែក​គោលការណ៍​គឺ​លេខ​១​ត្រូវ​ប៉ះ​ជាមួយ​លេខ​២​ក្នុង​ពូ​ល​B ដែល​អាច​ធ្វើ​ឲ្យ​ការ​ប្រកួត​សម្រាប់​វគ្គ​ខ្វែង​ទំនងជា​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​បោះ​ជំហាន​បន្ត ។

ការ​ឈាន​ជើង​ឈរ​ក្នុង​តំណែង​លេខ​១​ក្នុង​ពូ​ល មិន​ត្រឹមតែ​ជួយ​ឱ្យ​កីឡាករ​រូប​នោះ​មានឈ្មោះ​បោះ​សំឡេង និង​បាន​កត់​ត្រាទុក​ក្នុង​ក្រអៅបេះដូង​របស់​អ្ន្ក​ក​ស្នេហា​ការ​ប្រដាល់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជួយ​ឱ្យ​គេ​គេច​ផុត​ពី​ការ​ប៉ះ​គ្នា​ជាមួយ​ជើង​ខ្លាំង​ក្នុងពូ​ល​B ដែល​ត្រូវ​គេ​មើលឃើញ​ថា​គឺជា​កីឡាករ​ល្អ​ម្នាក់​នោះ​ផង​ដែរ ។ អ៊ីចឹង​ហើយ​ទើប​គេ​ឃើញ​កីឡាករ​ម្ខាង​ៗ​ជា​ពិសេស​គឺ​ឌុ​ម កែវ​ដា ប្រឹងប្រែង​សំបើម​ណាស់​សម្រាប់​ការ​ប្រកួត​កាលពី​ម្សិល​ម៉្ងៃ ។

យ៉ាងណា​ក៏​ដោយ កីឡាករ​សេក គឹ​ម​រួន នៅ​តែ​មាន​ប្រៀប​ជាង បន្ទាប់​ពី​គេ​កែខៃ​ស្ថានការណ៍​ដែល​ត្រូវ​គូប្រកួត​វាយ​សន្ធាប់​ឱ្យ​ក្លាយជា​ការ​វាយបក​ដែល​ធ្វើ​ឱ្យ​គណៈកម្មការ​ផ្ដល់​ពិន្ទុ និង​មហាជន​ភាគច្រើន​កត់សម្គាល់​ថា​ខ្លាំង ។ ការ​ប្រកួត​ពេញ​៥​ទឹក​របស់​កីឡាករ​បង្គោល​ខៀវ​រូប​នេះ​អ្នក​ណា​ក៏​លាន់មាត់​សរសើរ​ដែរ​ដែល​សេក គឹ​ម​រួន អាច​ធ្វើ​ឱ្យ​ឌុ​ម កែវ​ដា ខកចិត្ត​ក្នុង​ការ​វាយលុក ហើយ​ត្រូវ​ទទួល​កណ្ដាប់ដៃ​យ៉ាង​គំហុក​ត្រឡប់​មក​វិញ ។ ការ​ប្រកួត​គូ​នេះ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទាល់​ស្រែក​ហ៊ោ​ដាច់​បំពង់ក​ចោល ដោយ​សារ​តែ​ភាព​ជាក់ស្ដែង គឺ​គេ​ជឿ​ថា ឌុ​ម កែវ​ដា​ល្អ ប៉ុន្តែ​គ្រប់​ស្នៀត​របស់​កីឡាករ​បង្គោល​ក្រហម​បាន​ត្រឹមតែ​ពាំង​ដោយ​រនាំង​កណ្ដាប់ដៃរ​បស់បង្គោល​ខៀវ ហើយ​បែរជា​ត្រូវ​សេក គឹ​ម​រួម វាយ​ត្រូវ​ច្រើន​ជាង​ក្នុង​ពេល​វាយបក​។

ក្នុង​នោះ​កីឡាករ​សេក គឹ​ម​រួម ក៏​បាន​វាយ​សន្ធាប់​ក្នុង​ទឹក​ទី​៥ ធ្វើ​ឲ្យ​គេ​មាន​ប្រៀប​ខុស​ពី​ការ​ទស្សន៍​ទាយភាគ​ច្រើន​នោះ​ដែរ​ទើប​ធ្វើ​ឲ្យ​ការ​ប្រកួត​ទាំងមូល គឺ​សូ​ម្បី​តែ​អ្នក​កាន់​ជើងឌុ​ម កែវ​ដា​ផ្កាប់មុខ​ក៏​ស្រែក​អបអរ​ដោយ​សន្ទុះ​ខ្លាំងក្លា​របស់​សេក គឹ​ម​រួន​ទៅ​វិញ​។ ជាក់ស្ដែង​នៅ​ពេល​ប្រកាស​ថា​កីឡាករ​សេក គឹ​ម​រួន ឈ្នះ​ពិន្ទុ គឺ​សំឡេង​ហ៊ោក​ញ្ជ្រៀវ​អបអរសាទរ​ក៏​បាន​បន្លឺ​ឡើង ហើយ​សំឡេង​ដកដង្ហើម​ធំ​របស់​អ្នក​ខកចិត្ត​ចំពោះ​ការ​ប្រកួត​របស់​ឌុ​ម កែវ​ដា​ក៏​បាន​បន្ទរ​ឡើង​ទន្ទឹម​គ្នា ។ តាម​រយៈ​លទ្ធផល​នេះ គឺ​សេក គឹ​ម​រួម បាន​ក្លាយជា​អ្នក​ប្រកួត​៣​លើក​ក្នុង​ពូ​ល​មិន​ដែល​ចាញ់​មាន​៩​ពិន្ទុ ហើយ​ឌុ​ម កែវ​ដា​ឈ្នះ​២​ចាញ់​១​មាន​៧​ពិន្ទុ និង​កីឡាករ​២​រូប​ទៀត​គឺ​ឆាយ មាស និង​កីឡាករ​ថៃ Pich Phanom បើ​ទោះជា​ភាគី​ម្ខាង​ៗ​បាន​លេច​ចេញ​លទ្ធផល​ឈ្នះ​ចាញ់ ក៏​ធ្លាក់​ដូច​គ្នា ដែល​អ្នក​ទស្សនា​បាន​ចាត់​ទុក​ថា​ការ​ប្រកួត​កាលពី​ម្សិលម្ង៉ៃ​របស់​គេ គឺជា​ការ​ប្រកួត​កំដរ​រេញ ។

ក្រឡេក​មើលទៅ​កាន់ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ ទី​៩ មក​រា ម្សិលម្ង៉ៃ​នោះ​ដែរ កីឡាករ​២​រូប​គឺ​គង់ សំបូរ និង​កីឡាករ​ថៃ​A RamBoy នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក៏​មាន​សភាព​ស្វិតស្វាញ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់ចិត្ត​ណាស់​ដែរ​។ ការ​ប្រកួត​របស់​គូ​នេះ​ក្រោយ​ពី​ឆ្លង​ផុត​៥​ទឹក និង​ក្រោយ​ប្រកាស​លទ្ធផល​ធ្វើ​ឲ្យ​មានការ​ជជែក​គ្នា​មិន​ដាច់​ពី​មាត់​នោះ​ឡើយ​ថា​កីឡាករ​កម្ពុជា​គង់ សំបូរ​ប្រកួត​លែង​ល្អ​។ ធៀប​នឹង​ស្នាដៃ​ដែល​គេ​ធ្លាប់​ទទួល​បាន​ខ្សែក្រវាត់​ជើងឯកបា​កាស ម្នាក់​ៗ​មើលឃើញ​ថា​ភាព​ខ្លាំង​ដែល​ធ្លាប់​លេច​ឡើង ហាក់​បាន​បែកខ្ញែក​មិន​ដូច​ពី​មុន​។ ពេញ​រយៈពេល​នៃ​ការ​ប៉ះ​ថៃ​កីឡាករ​គង់ សំបូរ​មិន​អាច​រក​គន្លឹះ​វាយ​ត្រូវ​ចំណុចខ្សោយ​របស់​គូប្រកួត​នោះ​ទេ ក្រៅ​តែ​ប្រើ​កម្លាំង​ដោយ​ខ្វះ​បច្ចេកទេស​ទៅ​លើ​កីឡាករ​ថៃ​។

អ៊ីចឹង​ហើយ​ទើប​លទ្ធផល​ផ្លូវការ​គឺ គង់ សំបូរ ចាញ់​ពិន្ទុ​ដែល​ការ​ចាញ់​នេះ​សូ​ម្បី​តែ​គណៈកម្មការ​មិន​ទាន់​ប្រកាស​លើកដៃ​ក៏​មាន​អ្នក​មើល​ដឹង​មុន​ហើយ​ដែរ​។

លោក​រាជ សូ​ផែង មន្ត្រីជាន់ខ្ពស់​ផ្នែក​ក្រុមប្រឹក្សាវិន័យ​ប្រចាំ​សហព័ន្ធ​បាន​អះអាង​ថា​រាប់​ទាំង​ការ​បរាជ័យ​របស់​គង់ សំបូរ កាលពី​ម្សិលម្ង៉ៃ​ផង លោក​ថា​លទ្ធផល​មិនល្អ​របស់​កីឡាករ​រូប​នេះ គឺ​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​បើ​ធៀប​នឹង​រយៈពេល​មុន ពោល​គឺ​ក្រោយ​ពី​គេ​ឈ្នះ​បាន​ខ្សែក្រវាត់​បា​កាស​ភ្លាម​ៗ ។ លោក​ថា​កីឡាករ​គង់ សំបូរ មាន​កម្លាំង​ស៊ុ​ហ្វ​ល្អ និង​មាន​ភាព​ស្វាហាប់​ក្នុង​ការ​វាយ​ប្រយុទ្ធ ប៉ុន្តែ​មក​ពី​បច្ចេកទេស និង​ផ្លែ​ដៃ​នៅ​មាន​កម្រិត​ទើប​មិន​ងាយ​វាយ​ផ្ដួល​គូប្រកួត​បាន ។ លោក​មាន​ប្រសាសន៍​ថា ៖«​ការ​ប្រកួត​ប៉ុន្មាន​លើក​របស់​កីឡាករ​រូប​នេះ​ដូច​ជា​អត់​ល្អ​សោះ ខ្ញុំ​ស្ដាយ​សមត្ថភាព​របស់​កីឡាករ​ហ្នឹង ដែល​កម្លាំង​គាត់​ល្អ ប៉ុន្តែ​គាត់​នៅ​ស្ទើរ​ផ្លែ​ដៃ​ច្រើន​មែនទែន ទើប​ឱ្យ​តែ​គាត់​សម្រុក​ខ្លាំង ក៏​ត្រូវ​កីឡាករ​ថៃ​វាយបក​មក​វិញ​ទក់​សាច់​គ្រប់​លើក​!» ។

លោក​ទទូច​ឱ្យ​គង់ សំបូរ ប្រឹងប្រែង​ហ្វឹកហាត់ និង​ស្វែងរក​ចំណុច​រឹងប៉ឹង​ក្នុង​ពេល​បើក​ប្រយុទ្ធ​ឱ្យ​ល្អ​ជាង​ហ្នឹង ដោយសារ​តែ​ថាមពល​ដែល​មាន​ក្នុង​ខ្លួន​របស់​គេ​គឺ​អំណោយ​ផល​ស្រាប់​ហើយ បើ​គេ​យល់​ដឹង​ពី​បច្ចេកទេស​វាយ​ប្រយុទ្ធ​បាន​ល្អ​ថែម​ទៀត​។

នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នា​ថ្ងៃ​នោះ កីឡាករ​កម្ពុជា​ផា​ន់ គ្រាន់​បាន​ត្រឹមតែ​ស្មើ​ពិន្ទុ​ប៉ុណ្ណោះ​ជាមួយ​កីឡាករ​ថៃ​Pravit នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព