ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តកំពង់ចាម ​៖ ​រហូត​មក​​ដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ​មក​រា ២០១៦ ស្ត្រី​ឈ្មោះ ​លុយ ភាព អាយុ​៤៦​ឆ្នាំ ដែល​រង​របួសធ្ងន់ដោយ​សារ​​ប្តី​ចាក់​សាំង​ដុត​ទាំង​រស់ប៉ុន​​ប៉ង​សម្លាប់​នោះ ​បាន​និង​កំពុង​​សម្រាក​​ព្យាបាលនៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​​​មន្ទីរ​​ពេទ្យ​លោក​សង្ឃ រាជធានី​ភ្នំពេញ ​ដោយ​ទទួលទាន​បាយ​បាន​តិច​ៗ ។ ដោយសារ​តែ​ស្មា​ដៃប្តី​ចិត្ត​ទុរយស ​ឈ្មោះ​ ញាន លាប ​អាយុ​៤៦​ឆ្នាំ​ បាន​​យក​ប្រេងសាំង​២​ដប ​ស្មើ​នឹង​១​លី​ត្រ មក​ចាក់ស្រោច​លើ​ខ្លួនប្រាណ​ស្ត្រី​ជា​​ប្រពន្ធ​រួច​​​យក​ដែកកេះ​​កេះដុត បណ្តាល​ឱ្យ​​ឆេះ​រលាក​​​​ពេញ​ខ្លួនប្រាណ​នៅ​​ចម្ការ​ប៉ិ​កួៈ​ ​ដែល​មាន​ចម្ងាយ​​ពី​ផ្ទះ​ប្រមា​ន​ជាង​២០០​ម៉ែត្រ​ ក្នុងភូមិ​រអាង​ក្រោម ​ឃុំ​រអាង ស្រុក​កំពង់សៀម​ នា​ពេល​កន្លង​ទៅ​ថ្មី​ៗ ។

​ចំណែក​​ជន​ដៃ​ដល់​ជា​ប្តី​វិញ​ ​​សមត្ថកិច្ច​​​សន្និដ្ឋាន​​ជំហាន​ដំបូង​ថា បាន​រត់គេច​ខ្លួន​ តែ​តាមពិត​គឺ​បាន​​​មក​​ស្លាប់​នៅ​ចម្ងាយ​​ប្រហែល​៧០​ម៉ែត្រពី​កន្លែង​កើតហេតុ​ប៉ុណ្ណោះ ។

លោក​ ពៅ ចាន់​នី នាយ​​នគរ​បាល​ប៉ុ​ស្តិ៍រដ្ឋបាល​​រអាង ​បាន​​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ លាប ក្រោយ​ពី​ប្រពន្ធមុន​​ស្លាប់​ចោល​ បន្សល់​ទុក​​កូន​តូច​ធំ​ចំនួន​៩​នាក់ ​ក្លាយ​ទៅជា​បុរស​ពោះម៉ាយ​​ជាង​២​ឆ្នាំ ​ក្រោយមក​បាន​ស្គាល់​ស្ត្រី​ឈ្មោះ លុយ ​ភាព ​រស់នៅ​ក្នុង​ឃុំ​រអាង ស្រុក​កំពង់សៀម ​ដែល​ប្តី​បាន​ស្លាប់​ចោល​ដោយសារ​ពុល​ត្រី​ក្រពត ​មានកូន​៥​នាក់ ​បន្ទាប់​មក​បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ ​ដោយ​បាន​សែន​ព្រេន​ត្រឹមត្រូវ​តាម​ប្រពៃណី​មាន​ចាស់ទុំ​ដឹង​ឮ​ផង​ដែរ  ។

​លោក​នាយនគរ​បាល​ប៉ុស្តិ៍ ​បាន​បន្ត​​ថា ​ចាប់តាំងពី​ពេល​ដែល​យក​គ្នាជា​ប្តី​ប្រពន្ធ​មក​មិន​មានកូន​នោះ​ទេ ​ប៉ុន្តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ​ប្តី​បាន​កើតរោគ​ប្រចណ្ឌ​ប្រពន្ធ
ខុស​ពី​ធម្មតា​ ថែម​ទាំង​បាន​ឈ្លោះ​គ្នា​ តែ​មិន​​ឃើញ​មាន​អំពើ​ហិង្សា​វាយ​ប្រពន្ធ​ឡើយ ។ លុះ​​​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មក​រា ២០១៦ ​ស្រប​ពេល​ដែល​ប្រពន្ធ​​​ស្ថិត​នៅ​​​ក្នុង​ចម្ការ​ប៉ិកួៈ ​​ដោយ​ប្តី​បាន​យក​ប្រេងសាំង​​មក​ចាក់​ស្រោច​លើ​រាង​កាយ​ប្រពន្ធ​​រួច​ដុត​បណ្តាល​ឲ្យ​ឆេះ​រលាក​ធ្ងន់​ ហើយ​ប្តី​បាន​រត់គេច​ខ្លួន​បាត់ ​។

​លុះ​ក្រោយ​មក បុរស​ជា​ប្តីកំណាច​រូប​នេះ​ ​​ត្រូវ​​ប្រជាពលរដ្ឋ​ដែល​ទៅ​ដក​មើម​ប៉ិ​កួៈ​​ឃើញ​ដេក​​​​ស្លាប់​ដោយ​មាន​ស្នាម​រលាក​ត្រង់​ពោះ ​កាលពី​វេលាម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៧ មក​រា ២០១៦​ ហើយ​​លោកស្នងការ​នគរបាល​ខេត្ត​បញ្ជាឲ្យ​នគរបាល​បច្ចេកទេស​​​​ចុះ​ពិនិត្យ​សព ​បាន​សន្និដ្ឋាន​ថា ​​​ជន​ដៃ​ដល់​រូប​នេះ​ពិតជា​ស្លាប់​ដោយ​រលាក​ភ្លើង​ប្រាកដមែន ​រួច​ក៏​ប្រគល់​​ទៅ​ឲ្យ​សាច់ញាតិ​​យក​ទៅ​រៀប​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព