វៀតណាម មិនទាន់​ឆ្លើយតប ​មកកាន់​ពលរដ្ឋ​ខ្មែរក្រោម​ រឿងដួល​រលំ​ប្រាសាទ​ប្រទីប​ដូនអំ​

ភ្នំពេញ៖ លោកថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោម ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះថា បន្ទាប់ពីដួលរលំ ខ្មែរកម្ពុជាក្រោម មិនទាន់ធ្វើលិខិត ជាផ្លូវការទៅកាន់រដ្ឋាភិបាល វៀតណាមទេ គ្រាន់តែប្រាប់តាមបណ្តា សាព័ត៌មានក្នុងស្រុកមួយចំនួន និងផ្សព្វផ្សាយ តាមបណ្តាញសង្គម។ ប៉ុន្តែយ៉ាងណាក៏ដោយ មកដល់ពេលនេះ មិនទាន់មានការឆ្លើយតបយ៉ាងណាពីសំណាក់អាជ្ញាធរវៀតណាម នៅក្នុងខេត្តព្រះត្រពាំង និងរដ្ឋាភិបាលវៀតណាមឡើយ។ លោកនឹងប្រមូលការគាំទ្រពីពលរដ្ឋខ្មែរកម្ពុជាក្រោម ដើម្បីធ្វើសំណើរមួយជាផ្លូវការណ៍ទៅកាន់រដ្ឋាភិបាលវៀតណាម នាពេលខាងមុខនេះ។

លោកថាច់ សេដ្ឋា ពន្យល់“នៅមិនទាន់មានការឆ្លើយតបនៅឡើយទេ ខ្ញុំរង់ចាំមើលប្រតិកម្មបងប្អូនខ្មែរក្រោមសីន តើរដ្ឋាភិបាលវៀតណាម មានវិធានការយ៉ាងណា ចំពោះរឿងនេះ បើនៅតែមិនទាន់ មានដំណោះស្រាយ ខ្ញុំនឹងធ្វើលិខិតទៅកាន់រដ្ឋាភិបាលវៀតណាម តែខ្ញុំមិនសង្ឃឹមចំពោះការឆ្លើយតបឡើយ ប៉ុន្តែអ្វីដែលខ្មែរក្រោម ចង់បានគឺអោយ អាជ្ញាធរវៀតណាម សើបអង្កេតករណីដួលរលំនេះ”។

កាលពីថ្ងៃទី៥ មករាកន្លងទៅ ព្រះសង្ឃ និងយុវជនខ្មែរក្រោម បានផ្ញើរសារតាមប្រព័ន្ឋសង្គមហ្វេសប៊ុកថា ប្រាសាទឈើមួយ ដែលដួលរលំនៅក្នុងស្រះគូ ដែលខ្មែរកម្ពុជាក្រោម ហៅថា ប្រាសាទប្រទីបដូនអំ។ បន្ទាប់ពីដួលរលំ ខ្មែរកម្ពុជាក្រោម មានបំណង់ចង់អោយ រដ្ឋាភិបាលវៀតណាម កំពុងគ្រប់គ្រង់នៅតំបន់នោះ ជួយដោះស្រាយ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតប ពីអាជ្ញាធរវៀតណាម។

ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ក្នុងខេត្តព្រះត្រពាំង បានសងប្រាសាទប្រទីបដូនអំ ធ្វើអំពីឈើមានរចនាបថខ្មែរ កាលពីឆ្នាំ២០១២ ដើម្បីរម្លឹកគុណដល់ជីដូនម្នាក់ឈ្មោះថា អំ ។តាមប្រវត្ថិសាស្រ្តខ្មែរកម្ពុជាក្រោមជីដូនអំ ត្រូវបានគេដឹងថា ជាអ្នកដឹកនាំស្ត្រីខ្មែរក្រោមជីកស្រះទឹកគូនេះ៕