អ្នកកំពុងក្លាយទៅជា អ្នកញៀនគ្រឿងញៀន អាយុចន្លោះពី ១៨ទៅ៣៥ឆ្នាំ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ទទួលបានពី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានបង្ហាញថាអ្នកដែល កំពុងទទួលរងការប៉ះពាល់ ដោយសារថ្នាំញៀន ការប្រើប្រាស់គ្រឿងញៀន និងអ្នកដែលកំពុងក្លាយ ទៅជាអ្នកញៀនគ្រឿងញៀន ភាគច្រើនមានអាយុចន្លោះពី១៨ ទៅ៣៥ឆ្នាំ។

ប្រទេសកម្ពុជា មិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ប៉ុន្ដែការចរាចរជួញដូរគ្រឿងញៀន កំពុងទទួលរងផលប៉ះពាល់ក្នុងសង្គម ពិសេសក្រុម ឧក្រិដ្ឋជន ដែលរៀបចំការជួញដូរ ការធ្វើចរាចរគ្រឿងញៀន និងមានអង្គការចាត់តាំងច្បាស់លាស់។ ចំណែកគ្រឿងញៀន ដែលកើតមានឡើងនៅមូលដ្ឋានកម្ពុជា សមត្ថកិច្ចនៅមូលដ្ឋាន មិនទាន់មានសមត្ថភាព គ្រប់គ្រាន់ក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាគ្រឿងញៀន ឲ្យបានសមស្របទៅនឹងស្ថានភាព កើតឡើងជាក់ស្ដែងក្នុងមូលដ្ឋាន។

កាលពីថ្ងៃទី៥មករាកន្លងទៅ ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំក្រៅផ្លូវការស្ដីពីកិច្ចពិភាក្សាលើគោលនយោបាយគ្រឿងញៀនប្រចាំតំបន់អាស៊ីលើកទី៧។ កិច្ចប្រជុំនេះ រៀបចំឡើងដោយវិទ្យាស្ថានTNI និងអង្គការ GIZ នៃប្រទេសអាឡឺម៉ង់ ដែលមានប្រទេសជាង៣០ ចូលរួម។ ការរៀបចំកិច្ចប្រជុំលើកទី៥ ធ្វើឡើងនៅឯប្រទេសថៃ។ លើកទី៦នៅប្រទេសឥណ្ឌា និងលើកទី៧នេះ កម្ពុជាធ្វើម្ចាស់ផ្ទះ។ គោលបំណងនៃកិច្ចពិភាក្សានេះ ដើម្បីបង្កើតយន្ដការដោះស្រាយ បញ្ហាគ្រឿងញៀន នៅក្នុងតំបន់។

មន្ត្រីប្រឆាំងគ្រឿងញៀនមកពីប្រទេសក្នុងតំបន់អាស៊ី ឲ្យដឹងថា ទិដ្ឋភាពនៃការប្រើប្រាស់ គ្រឿងញៀន នៅក្នុងពិភពលោក ពេលនេះកំពុងមានសន្ទុះ រីករាលដាល ខ្លាំងបំផុត ពាក់ព័ន្ធនឹងការ ប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន។ ចំណែកឯ នៅប្រទេសកម្ពុជាវិញការប្រើប្រាស់ប្រភេទ គ្រឿងញៀនហ្វេតំហ្វីតាមីន ក៏មានការកើនឡើង គួរឱ្យកត់សម្គាល់ ដែលមានចំនួនរហូតដល់ទៅជាង១៤០០០នាក់ឯណោះ៕

អ្នកកំពុងក្លាយទៅជា អ្នកញៀនគ្រឿងញៀន អាយុចន្លោះពី ១៨ទៅ៣៥ឆ្នាំ