លោក យ៉ង សាំងកុមារ មានតួនាទី​បណ្តោះអាសន្ន​៣ ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​

ភ្នំពេញ៖ លោក យ៉ង សាំងកុមារ នឹងមានតួនាទីបណ្តោះអាសន្នចំនួនបី នៅក្នុងជួរគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មុនពេលដែលលោក នឹងទទួលបាន តួនាទីផ្លូវការនៅខែមិថុនា ខាងមុខ។ នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំពិសេស របស់គណៈកម្មាធិការបណ្តោះអាសន្ន គ.ប.ម នៅថ្ងៃអាទិត្យនេះ ដែលមានសមាជិក ចំនួន១៧រូបចូលរួម។

លោកសាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ មូលដ្ឋានបញ្ជាក់ថា លោក យ៉ង សាំងកុមារ នឹងមានតួនាទី១ជា ប្រធានក្រុមការងារ ពង្រឹងសមត្ថភាព ថ្នាក់ដឹកនាំមូលដ្ឋាន ទី២-ជាអ្នកសម្របសម្រួលក្រុមប្រឹក្សាគោលនយោបាយទាំង១១ និងទី៣- ជាអ្នកចេញមុខធ្វើការជាមួយក្រុមអ្នកសារព័ត៌មាន។

លោក យ៉ង សាំងកុមារ បានលាឈប់ពីប្រធានមជ្ឈមណ្ឌល អភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក កាលពីដើមខែមករាឆ្នាំ២០១៦នេះ ដើម្បីចូលប្រឡូក ក្នុងឆាកនយោបាយ ជាមួយនឹង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ លោក ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន នៅពេលគណបក្សនេះ ធ្វើសមាជដ៏ធំ នៅអំឡុងខែ មិថុនា ឆ្នាំ ២០១៦ ខាងមុខ៕

លោក យ៉ង សាំងកុមារ មានតួនាទី​បណ្តោះអាសន្ន​៣ ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​