ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្ដរជាតិ​រវាង​កីឡាករ​ថៃ និង​កម្ពុជា នៅ​លើ​សង្វៀន​ស៊ី​ធី​អិន កាលពី​ថ្ងៃ​សៅរ៍​ទី​៩ មក​រា កន្លង​មកនេះ ជា​លទ្ធផល​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​បាន​ចាញ់​ក្រោម​កណ្ដាប់ដៃ​កីឡាករ​ថៃ​ដូច​គ្នា ។

គូ​អន្ដរជាតិ​ទី​១ កីឡាករ​សៀវ ង៉ុ​យ មក​ពី​ក្លិប​កងពលធំ​អន្ដរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ​បាន​ចាញ់​កីឡាករ​ថៃ​ឈ្មោះ​វី​ហ្គោ សរ​.​ដាន​ឆ័​យ នៅ​ត្រឹម​ទឹក​ទី​៤ ។ នៅ​ត្រឹម​ទឹក​ទី​១ កីឡា​ករ​ទាំង​ពីរ​មានឱកាស​វាយ​សម្រុក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពេល​ខ្លះ សៀវ ង៉ុ​យ ចាប់ជើង​កីឡាករ​ថៃ​រុញ​ឱ្យ​ដួល​ច្រងាប់ច្រងិល​ជា​ច្រើន​លើក​ច្រើន​សា​ទៀត​ផង ។ ចូល​ទឹក​ទី​២ និង​ទី​៣ សៀវ ង៉ុ​យ ហាក់​ចាញ់​ប្រៀប​កម្លាំង​វី​ហ្គោ សរ​.​ដាន​ឆ័​យ បន្ដិច​វិញ ដោយ​គេ​សង្កេត​ឃើញ​កីឡាករ​រូប​នេះ​ត្រូវ​កីឡាករ​ថៃ​ទាត់​ជើង​ក្រោម​ឱ្យ​ដួល​ម្តង​ជា​២​ដង ប៉ុន្ដែ​គេ​នៅ​តែ​បង្ខំចិត្ត​សម្រុកចូល​វាយបក​សង​វិញ​ទាំង​ត្រដាបត្រដួស​ទម្រាំ​ចប់​ទឹក​ទី​៣ គេ​ឃើញ​សៀវ ង៉ុ​យ អស់កម្លាំង​ស៊ុ​ហ្វ​រលីង​ស្ទើរ​ទប់ខ្លួន​លែង​ជាប់​ទើប​នៅ​ពាក់​កណ្ដាល​​ទឹក​ទី​៤​ពេល​កីឡាករ​ថៃ​ទាត់​ចូល​កណ្ដៀតក្អម​មួយ​ជើង​ពេញទំហឹង​បណ្ដាល​ឱ្យ​ដួល​ក្រោក​លែង​រួច​តែ​ម្ដង ។

គូ​អន្ដរជាតិ​ទី​២ កីឡាករ​កម្ពុជា លាស់ យី​ន មក​ពី​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ឈ្មោះ វ៉ា​ត់ ឆា​រ៉ា​ដេ​ត ទាំង​មិន​អស់ចិត្ត ។ នៅ​ទឹក​ទី​១ និង​ទី​២ លាស់ យី​ន បាន​ធ្វើ​ឱ្យ​កីឡាករ​ថៃ​ដកថយ​អែប​ខ្សែ​រេញ​ជាប់​រហូត តាម​រយៈ​ការ​ទាត់​សំដៅ​ល្វែង​ក្រោម​ផ្ទួន​ៗ​ធ្វើ​ឱ្យ​គូប្រកួត​ស្ទើរតែ​កម្រើកខ្លួន​លែង​រួច ប៉ុន្ដែ​លាស់ យី​ន ក៏​ត្រូវ​កីឡាករ​ថៃ​ម៉ាត់​ចូល​មុខជា​ច្រើន​ដៃ​វិញ​ដែរ ។ ចូល​ដល់​ទឹក​ទី​៣ លាស់ យី​ន នៅ​តែ​ដើរ​ចូល​វាយ បុ​៉​ន្ដែ​លើក​នេះ​គេ​គ្មាន​សំណាងល្អ​ដូច​មុន​ទៀត​ឡើយ ព្រោះ​រាល់​ការ​វាយ​ចេញ​របស់​គេ​មិន​ត្រឹមតែ​មិន​បាន​ផល​ល្អ​ទេ ថែម​ទាំង​ត្រូវ​កីឡាករ​ថៃ​បុក​កែង និង​ជង្គង់​សង​វិញ យ៉ាង​ចាស់ដៃ ដោយសារ​កម្លាំង​របស់​គេ​ស្រុត​ចុះ​យ៉ាង​ខ្លាំង ។ ទោះបី​យ៉ាងណា​កីឡាករ​ថៃ បាន​ត្រឹមតែ​ឈ្នះ​ពិន្ទុ​ទាំង​វេទនា​ប៉ុ​ណ្ណោះ ។

ចំណែក​លទ្ធផល​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ​នោះ កីឡាករ​ភួង ពិសិដ្ឋ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ឈ្នះ​ពិន្ទុ​កីឡាករ​សេក មេ​សា មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​។ កីឡាករ​ឡុ​ង ជិន មក​ពី​ក្លិប​សាល​វ័​ន្ដ​កីឡា ស្មើ​ពិន្ទុ​កីឡាករ​បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក និង​កីឡាករ​សាង សី មក​ពី​ក្លិប​ឃ្លាំង មឿង​កីឡា ឈ្នះ​ពិន្ទុ​កីឡាករ​ប៊ុ​ន សុធា មក​ពី​មជ្ឈមណ្ឌល​កីឡា ខ​.​ភ​.​ម ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព