ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្ដិការ​ណ៏អន្តរជាតិ

ទីភ្នាក់ងារសារព័ត៌មាន​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត រាយការណ៍​ថា បណ្តា​ប្រទេស​អា​រ៉ាប់​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​៩ មក​រា បង្កើត​យន្តការ​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​អីុ​រ៉​ង់ ។

រដ្ឋមន្ត្រី​ការ​បរទេស​នៃ​បណ្តា​រដ្ឋ​ជា​សមាជិក​ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​ឈូង​សមុទ្រ CCG បាន​ធ្វើ​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​នៅ​ទីក្រុង​រី​យ៉ា​ដ រាជធានី​អា​រ៉ា​ប៊ើ សា​អ៊ូ​ឌី​ត កាលពី​ថ្ងៃ​ទី​៩ មក​រា ដើម្បី​ពិភាក្សា​ពី​ភាព​តានតឹង​បច្ចុប្បន្ន​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ និង​អីុ​រ៉​ង់ ។

រដ្ឋមន្ត្រី​ការ​បរទេស​ទាំងនេះ​បាន​ស្នើ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ចាប់បង្ខំ​អីុ​រ៉​ង់​ឱ្យ​បញ្ឈប់​សកម្មភាព​បង្កអ​ស្ថេ​រ​ភាព​របស់​ខ្លួន​ក្នុង​តំបន់ ក្នុង​នោះ​រួម​មានការ​ជួយ​ទ្រទ្រង់​ដល់​ភេរវកម្ម ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​បណ្តា​ប្រទេស​ជា​សមាជិក CCG និង​របស់​ប្រទេស​ឯទៀត​ៗ​ក្នុង​តំបន់ ហើយ​ប្រើប្រាស់ ឬ​គំរាមកំហែង​ប្រើប្រាស់​កម្លាំង ។

ទំនាក់ទំនង​រវាង​បណ្តា​ប្រទេស​អា​រ៉ាប់ ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ និង​អីុ​រ៉​ង់​ធ្លាក់​ចុះ​ដុនដាប​បន្ទាប់​ពី​ការ​ប្រហារជីវិត មេដឹកនាំ​សាសនា​ស៊ី​អីុ​ត​មួយ​រូប​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត លោក NAMIR AL NAMIR កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​មក​មានការ​វាយប្រហារ​របស់​ពួក​បាតុករ​អីុ​រ៉​ង់ លើ​បណ្តា​ទីតាំង​ការទូត​អា​រ៉ា​ប៊ី សា​អ៊ូ​​ឌី​ត ប្រចាំ​អីុ​រ៉​ង់ ។ ជា​ការ​ឆ្លើយ​តប​វិញ អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​ប្រទេស​បា​រ៉ែ​ន​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អីុ​រ៉​ង់ ចំណែក​ប្រទេស​៤​ទៀត​នៅ​តំបន់​ឈូង​សមុទ្រ​បាន​ហៅ​ឯកអគ្គរដ្ឋទូត​របស់​ពួក​គេ​ប្រចាំ​អីុ​រ៉​ង់​វិល​ទៅ​ប្រទេស​វិញ ដើម្បី​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​ទាំងនេះ ។

ក្នុង​កិច្ចប្រជុំ​នាទី​ក្រុង​រី​យ៉ា​ដ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​បណ្តា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​បាន​សម្តែង​ការ​គាំទ្រ​ពេញលេញ​ដល់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដោយ​គូសបញ្ជាក់​ថា បណ្តា​ប្រទេស​ជា​សមាជិក CCG នឹង​ចាត់វិធានការ​នានា​បន្ថែម​ទៀត​ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​ប្រឆាំង​បណ្តា​ទីតាំង​ការទូត​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នៅ​អីុ​រ៉​ង់ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព