គណៈកម្មការ​អន្តរក្រសួង គ្រោង​ជួបគ្នា​ពិភាក្សា​ការធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ថ្មី នៅ​ថ្ងៃទី​១២ មករា

ភ្នំពេញ:  មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អះអាងថា គណៈកម្មការ​អន្តរក្រសួង​ដែលមាន​ក្រសួង​សេដ្ឋកិច្ច ក្រសួង​សាធារណការ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និង​ក្រសួង​ឧស្សាហកម្ម គ្រោង​នឹង​ជួបគ្នា​នៅ​ថ្ងៃទី​១២ មករា ដើម្បី​ពិភាក្សាគ្នា​ជុំវិញ​ការធ្វើ​វិសោធនកម្ម​លើ​មាត្រាមួយ​ចំនួន​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១០ មករា​នេះ ថា ការធ្វើ​វិសោធនកម្ម​លើ​មាត្រា​ខ្លះ​នៅក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ គឺ​ដើម្បី​ឲ្យ​វា​ស្របទៅតាម​ស្ថានការណ៍​ក្នុងពេល​បច្ចុប្បន្ន ដែល​បាន​កើតមាន​ក្រោយពី​ដែល​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី បាន​អនុវត្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ បញ្ជាក់ថា មាត្រាមួយ​ចំនួន​ដែល​ត្រូវធ្វើ​វិសោធនកម្ម គឺពាក់ព័ន្ធ​ជុំវិញ​ការតម្រូវ​ឲ្យ​មាន​ប័ណ្ណបើកបរ​នៅពេល​ធ្វើដំណើរ ឬ​ការ​មាន​ប័ណ្ណ​សម្គាល់​យានយន្ត​នៅជាប់​តាម​ខ្លួន​ជាដើម​៕​