ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​អតិថិជន​ដែល​បាន​អះអាង​ថា ជា​ជន​រង​គ្រោះ​ចាញ់បោក​នារី​ស្រស់​ស្អាត​ម្នាក់​ដែល​អួត​ថា​ជា​ម្ចាស់ ភ្នាក់ងារទេសចរណ៍ អេស អិន (SN Travel Agent) បាន​បង្ហើប​ប្រាប់ «​កោះសន្តិភាព​» ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នាំ​ភ្ញៀវ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​ខាងលើ​ដែល​មាន​អាសយដ្ឋាន ផ្ទះ​លេខ​៨០ ផ្លូវ​លេខ​៥១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ដោយ​នារី​ស្រស់​ស្អាត​រូប​នោះ​បាន​ប្រមូល​លុយ​ពី​អតិថិជន​(​អ្នកទិញ​សំបុត្រ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​) ប្រហែល​ជិត​១​លាន​ដុល្លារ​តាម​រយៈ​ការ​លក់​សំបុត្រ​យន្តហោះ (Business Class) ក្នុង​តម្លៃ​ថោក ឧទាហរណ៍​សំបុត្រ​១​សន្លឹក​តម្លៃ​៥​ពាន់​ដុល្លារ ស្ត្រី​រូប​នោះ​លក់​តែ​តម្លៃ​ជាង​១​ពាន់​ដុល្លារ ឬ​ជិត​២​ពាន់​ដុល្លារ​ប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ប្រភព​បាន​បន្ត​ថា អតិថិជន​ខ្លះ​ក៏​បាន​ជិះ​ធ្វើ​ដំណើរ​រួច​ហើយ ប៉ុន្តែ​មាន​អតិថិជន​ជា​ច្រើន​នាក់​ទៀត​មិន​បាន​ធ្វើ​ដំណើរ​នោះ​ទេ ខណៈ​បាន​ចំណាយ​លុយ​ទិញ​សំបុត្រ​យន្តហោះ​រួច​ទៅ​ហើយ ។

ប្រភព​បន្ត​ថា ភ្នាក់ងារទេសចរណ៍ អេស អិន ខាងលើ​នេះ​មាន​បុគ្គលិក​ទីផ្សារ​ម្នាក់​ឈ្មោះ សៅ យ៉ុ​ន​ពិ​សិដ្ឋ ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិ​កំ​ពោត​ម្រាក់ ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ជា​អ្នក​រត់ការ​ផង​ដែរ ។

ក្រុម​ជន​រង​គ្រោះ​ដែល​បាន​អះអាង​ថា​ចាញ់បោក​នារី​ម្ចាស់ ភ្នាក់ងារទេសចរណ៍ អេស អិន ខាងលើ​បាន​សំណូមពរ​ឲ្យ​សាមីខ្លួន​ទាំង​២ ចេញ​មុខ​ដោះស្រាយ បើ​មិន​ដូច្នេះ​ទេ​ពួក​គាត់​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព