ច្បាប់ចរាចរណ៍​ផ្លូវគោក​ថ្មី នឹង​ធ្វើវិសោធនកម្ម ​ឡើងវិញ​ លើចំណុច​សំខាន់ៗ មួយចំនួន​

ភ្នំពេញ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលទើបតែបានដាក់ឲ្យ អនុវត្តន៍ពីដើមខែមករា ឆ្នាំ២០១៦នេះ នឹងត្រូវធ្វើវិសោធនកម្ម លើចំណុចសំខាន់ៗ មួយចំនួននៃមាត្រាខ្លះ ដែលទាក់ទងបណ្ណបើកបរ ម៉ូតូក្រោម១២៥សេសេ និងបញ្ហាផ្សេងៗទៀត។ នេះបើតាមអ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ។

ក្នុងសន្និសីតកាសែត ដែលធ្វើឡើងនៅ អគ្គស្នងការនគរបាលជាតិ  ព្រឹកថ្ងៃទី១០ មករា ឆ្នាំ២០១៦នេះ  លោក គៀត ច័ន្ទថារិទ្ធបញ្ជាក់ថា «ជាការចាំបាច់ការធ្វើវិសោធនកម្ម ច្បាប់នេះ កាន់តែឆាប់កាន់តែល្អ ហើយក្រុមការងារអន្តរក្រសួងមាន ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណៈការ និងដឹកជញ្ជូន  និងក្រសួងឧស្សាហកម្ម ដែលក្រុមការងារនេះ បានធ្វើសេចក្ដីព្រាងមួយជំហានហើយ ទាក់ទងមាត្រាណាខ្លះ ដែលត្រូវធ្វើវិសោធនកម្ម។ តាមការគ្រោងទុក នៅថ្ងៃអង្គារ៍ ដើមសប្តាហ៍ក្រោយនេះ ក្រុមការងារនិងជួបជជែកគ្នា ដើម្បីធ្វើម៉េចឲ្យទាន់សភាពការណ៍ ព្រោះរឿងនេះជារឿង ដែលត្រូវធ្វើជាបន្ទាន់»។

សូមបញ្ជាក់ថា ច្បាប់ចរាចរណ៍ថ្មី ដែលដាក់ឲ្យដំណើរការ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦កន្លងមកនេះ ត្រូវបានទទួលស្វាគមន៍ ប៉ុន្តែក្នុងនោះ ក៏មានការរិះគន់ពី សាធារណជន មួយចំនួនផងដែរ ទាក់ទងនឹងប័ណ្ណបើកបរម៉ូតូ លិខិតបញ្ជាក់ឯកសារផ្សេង ដែលទិញតពីម្ចាស់ដើម ជាដើម៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត