ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តសៀមរាប ៖ ប្រភព​ពី​ក្រុម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ទម្លាយ​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ​គណៈកម្មការ​អធិការកិច្ច​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​កំណត់​ឈ្មោះ នឹង​តួនាទី​មន្ត្រី​ចំនួន​០៤​រូប​រួច​ហើយ ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ទ​ង្វើ​ចាប់​មនុស្ស​ទារប្រាក់​ចំនួន​ជិត​មួយ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ជា​ថ្នូរ​ទៅ​នឹង​ការ​ដោះ​លែង​យ៉ាង​តក់ក្រហល់​ចំពោះ​ករណី​គ្រឿងញៀន កាលពី​យប់​ថ្ងៃ​ទី​០៨ មក​រា ២០១៦ កន្លង​ទៅ​។

មន្ត្រី​កងរាជអាវុធហត្ថ​មួយ​រូប​ដែល​ថ្លែង​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា មន្ត្រី​ទាំង​០៤​រូប​ដែល​មាននៅ​ក្នុង​បញ្ជីខ្មៅ​ត្រូវ​ស៊ើបអង្កេត​ដោយ​ក្រុម​អធិការកិច្ច​ទាំងនោះ​រួម​មាន ១-​លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ ២-​លោក​វរសេនីយ៍ត្រី ឡុ​ង ចាន់​រិ​ទ្ធិ ហៅ​ម៉ា​ប់ នាយ​រង​សេនាធិការ ៣-​លោក​អនុសេនីយ៍ឯក ធៀ​វ ចាន់​តារា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​៤-​លោក​អនុសេនីយ៍ទោ លី ហួត ជា​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប ក៏​ប៉ុន្តែ​ត្រូវ​បាន​លោក​ថា ដា​លុ​ច និង​លោក​ឡុ​ង ចាន់​រិ​ទ្ធិ ប្រើ​សម្រាប់​ផ្នែក​សេដ្ឋកិច្ច​របស់​ពួក​លោក​ទាំង​ពីរ​។

មន្ត្រី​ដដែល​បាន​អះអាង​ទៀត​ថា ឈ្មោះ​ជន​ទាំង​០៤​នាក់​នោះ ក៏​កំពុង​ត្រូវ​បាន​ចាំ​ឃ្លាំ​អង្កេត​ពី​ក្រុម​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក​ទេស​រដ្ឋមន្ត្រី ឱម យិ​ន​ទៀង ផង​ដែរ​។

គួរ​បញ្ជាក់​ថា ដើមចម​ដែល​នាំ​ឲ្យ​មានការ​ស្រង់​ឈ្មោះ​មន្ត្រី​ទាំង​០៤​ខាងលើ ដើម្បី​បើក​ការ​ស៊ើបអង្កេត​ជា​លក្ខណៈ​សាមី​អង្គភាព​នោះ ដោយសារ​តែ​កាលពី​វេលា​ចន្លោះ​ពី​ម៉ោង​៥​ទៅ​ដល់​០៧​យប់ ថ្ងៃ​ទី​០៧ មក​រា ២០១៦ កន្លង​ទៅ​ថ្មី​ៗ មានការ​បើក​ប្រតិបត្តិការ​យ៉ាង​តក់ក្រហល់​មួយ​ទៅ​លើ​មុខសញ្ញា​ដែល​គេ​កំណត់​ថា ជា​អ្នក​ចែកចាយ​គ្រឿងញៀន​មួយ​នៅ​តាម​បណ្តោយ​វិ​ថី​ប្រប​មាត់​ស្ទឹង​កណ្តាល ក្រុង​សៀមរាប ទៅ​លើ​ប្តី​ប្រពន្ធ​មួយគូ​ដែល​គេ​ស្គាល់​បុរស​ជា​ប្តី​ឈ្មោះ​ឡៃ រមណី អាយុ​៣៣​ឆ្នាំ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​អនុសេនីយ៍ទោ លី ហួត ខាងលើ តែ​ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ បន្ទាប់​ពី​មាន​ប្រភព​អះអាង​ថា ជនសង្ស័យ​បាន​បង់លុយ​ចំនួន​៨០០​ដុល្លារ​ទៅ​ឲ្យ​មន្ត្រី​ប៉េ​អឹ​ម​រូប​នោះ​រួច​មក​។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព