ហ្សីដាន ថា​គ្រាន់​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ បន្ទាប់​ពី រៀល បំបាក់​ដៃ​គូ ៥-០ ក្នុង​ថ្ងៃ​ដំបូង

លោក ហ្សីណេឌីន ហ្សីដាន អតីតកំពូលកីឡាករបាល់ទាត់បារាំង និងដែលក្លាយជាគ្រូបង្វឹក របស់ក្រុម រៀល​ម៉ាឌ្រីត តាំង​ពី​៤ថ្ងៃ​មក​នោះ មិនបានលាក់លៀម ពីអំណួតរបស់ខ្លួន បន្ទាប់ពីក្រុមរៀលម៉ាឌ្រីត បាន​បំបាក់​ក្រុម ឡាកូរ៉ូញ ក្នុង​ពិន្ទុ ៥-០ ក្នុង​ការ​ចេញ​ប្រកួត​ដំបូង កាលពីយប់ថ្ងៃសោរ៍នោះឡើយ។
លោក ហ្សីណេឌីន ហ្សីដាន អតីតកំពូលកីឡាករ ដែលទើបនឹងក្លាយជាគ្រូបង្វឹក របស់ក្រុមរៀលម៉ាឌ្រីត។ (រូបថត AFP)

ស្នាមញញឹមបិទមាត់មិនជិត របស់អតីតកីឡាករ ហ្សីណេឌីន ហ្សីដាន (Zinédine Zidane) បញ្ជាក់ថា គ្រូ​បង្វឹក​ថ្មីថ្មោង​របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid) រូបនេះ មានចិត្តសប្បាយរីករាយណាស់។ តើ​នរណា​មួយ មិន​សប្បាយ​ចិត្ត នៅពេលដែលការចាប់ផ្ដើមអាជីពថ្មី ជាគ្រូបង្វឹកឲ្យក្រុមបាល់ទាត់ដ៏ធំមួយ ត្រូវ​បាន​ចាប់​ផ្ដើម ដោយ​លទ្ធផល​ដ៏​ត្រចះ​ត្រចង់ (៥-០) ការការចេញប្រកួត ជាមួយនឹងក្រុម ឡាកូរ៉ូញ (La Corogne) ដែល​ល្បីល្បាញ​គួរ​សម​ដែរនោះ?

លោក ហ្សីដាន ហៅក្រៅ ហ្សីហ្សូ (Zizou) បានថ្លែងទទួលស្គាល់ ការសប្បាយចិត្តរបស់លោកថា៖ «នៅពេល​ប្រកួតបានឈ្នះម្ដងៗ គ្រូបង្វឹកមិនមានអ្វី ក្រៅតែពីសប្បាយចិត្តនោះទេ។ ជាពិសេស យើងមានពេល តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ សម្រាប់ធ្វើការហាត់សម ជាមួយគ្នា។ អញ្ចឹង ខ្ញុំសប្បាយចិត្តណាស់។»

មិនត្រឹមតែលទ្ធផលប៉ុណ្ណោះទេ តែគ្រូបង្វឹកថ្មីថ្មោង ក៏បានសប្បាយចិត្ត ជាមួយនឹងកីឡាកររបស់ខ្លួន ដែល​លេង​បាន​យ៉ាងល្អ នៅក្នុងការប្រកួតនេះដែរ។ អតីតកំពូលកីឡាករបារាំងរូបនេះ បានថ្លែងបន្តថា៖ «អ្វីដែលខ្ញុំ​ស្រឡាញ់ ចូល​ចិត្ត​បំផុតនោះ គឺឫកពាររបស់កីឡាករទាំងអស់ ទាំងអ្នកដែលបានចូលទាត់ និងទាំងអ្នក​ដែល​មិន​បាន​ទាត់។ ខ្ញុំជឿថា មិនមែនជារឿងស្រួលទេ ដែលបានឈ្នះក្នុងពិន្ទុ ៥-០ ទល់នឹងក្រុម ឡាកូរ៉ូញ។ យើង​ត្រូវ​តែ​បន្ត​លេង បែបនេះទៀត។ ក្រុម រៀលម៉ាឌ្រីត ត្រូវតែឈ្នះរហូត។ យើងនឹងធ្វើការវិវត្តខ្លួន ព្រោះ​យើង​មាន​ពេល សម្រាប់រឿងនេះ។»

តែបើទោះជា ក្រុមដ៏ធំ របស់ប្រទេសអេស្ប៉ាញ មួយនេះ បានទទួលជ័យជំនះដ៏អស្ចារ្យក៏ដោយ តែក្រុមនេះ នៅ​តែមានបញ្ហា នៅខ្សែការពារនៅឡើយ។ លោក ហ្សីដាន បានលើកយកករណីនេះ មកបញ្ជាក់ថា៖ «អ្វីដែល​យើង​អាច​ធ្វើ ឲ្យប្រសើរបាន គឺការឆក់ដណ្ដើម យកបាល់មកវិញ។ ប៉ុន្តែ ខ្ញុំទើបតែមកដល់ ព្រោះរឿងនេះ ត្រូវ​ការ​ពេល​វេលា។»

លោក ហ្សីដាន បាននិយាយទាក់ទង នឹងអ្នកគាំទ្រ ដែលមានវត្តមាន ដ៏ច្រើនលើសលប់ នៅក្នុងកីឡាដ្ឋាន ជា​មួយ​នឹងសម្លេងទះដៃ ដ៏កងរំពង។ គ្រូបង្វឹកថ្មី បានថ្លែងឡើងថា៖ «ខ្ញុំដឹងពីការសប្បាយរីករាយនេះ។ ជារឿងថ្មី ដ៏ល្អបំផុតមួយ ដែលខ្ញុំទើបនឹងទទួលបាន សម្រាប់ខ្ញុំ ហើយខ្ញុំចង់ឆ្លៀតឱកាសនេះ ឲ្យបានច្រើនបំផុត។ ខ្ញុំ​ចង់​ថ្លែង​អំណរគុណ តបទៅអ្នកគាំទ្រវិញ តែអ្នកគាំទ្រមកមើលការប្រកួតរវាងកីឡាករ។ (...) អ្វីដែលសំខាន់ គឺ​យើង​ត្រូវ​ទៅ​មុខ​ទៀត។ វាគ្រាន់តែជាចាប់ផ្ដើមប៉ុណ្ណោះ។»