ការវាយប្រហារ​ក្បែរ​ទីក្រុង​គែរ​សម្លាប់​មន្រ្តី​អេហ្ស៊ីប​អស់​ចំនួន​២​នាក់​ និង​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មាន​ការភ័យខ្លាច

ការវាយប្រហារ​ក្បែរ​ទីក្រុង​គែរ​សម្លាប់​មន្រ្តី​អេហ្ស៊ីប​អស់​ចំនួន​២​នាក់​ និង​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មាន​ការភ័យខ្លាច

រូបភាព​បង្ហាញ​ពី​ផែនទី​ក្រុង​គែរ។ ការវាយប្រហារ​ក្បែរ​ទីក្រុង​នេះ​សម្លាប់​មន្រ្តី​អេហ្ស៊ីប​អស់​ចំនួន​២​នាក់​ និង​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មាន​ការភ័យខ្លាច។

ក្រុម​បះបោរ​អេហ្ស៊ីប​មួយ​ក្រុម​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​រដ្ឋឥស្លាម​បាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ប្រដាប់​អាវុធ​កាល​ពី​ថ្ងៃ​សៅរ៍​ ដែល​បាន​សម្លាប់​កងកម្លាំង​សន្តិសុខ​២​នាក់​ នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ជាយក្រុង​គែរ។

ខ្មាន់កាំភ្លើង​បាន​វាយប្រហារ​ទៅ​លើ​រថយន្ត​មួយ​គ្រឿង​ ដែល​មាន​មន្រ្តី​ប៉ូលិស​ម្នាក់​ និង​ទាហាន​ម្នាក់​នៅ​ក្នុង​ខេត្ត Giza នៃ​ប្រទេស​អេហ្ស៊ីប។ នៅ​ក្នុង​ការវាយប្រហារ​មួយ​ផ្សេង​ទៀត​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ក្រុមសកម្មប្រយុទ្ធ​មាន​កាំបិត​ក្នុង​ដៃ​បាន​ចាក់​ភ្ញៀវ​ទេសចរ​ចំនួន​៣​នាក់​ដែល​កំពុង​តែ​ទទួល​ទានអាហារ​នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​រមណីយដ្ឋាន​សមុទ្រ​ក្រហម។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​បាន​ចុះ​ផ្សាយ​ថា អ្នកគាំទ្រ​ក្រុម​រដ្ឋឥស្លាម​បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម​ដោយ​អះអាង​ថា ខ្លួន​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការបាញ់ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ។

គេ​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​ការអះអាង​ទាំងនោះ​របស់​ក្រុម​រដ្ឋឥស្លាម​នៅ​ឡើយ​ទេ ប៉ុន្តែ​សារ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​នោះ​ដូច​នឹង​សារ​ដែល​បាន​បង្ហោះ​កាលពី​មុនៗ​របស់​ក្រុមសម្ព័ន្ធ​មិត្ត​មួយ​ក្រុម​របស់​ក្រុម​រដ្ឋឥស្លាម​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ដែរ។

នៅ​មិនទាន់​មាន​ការអះអាង​ទទួលខុសត្រូវ​ទៅ​លើ​ការចាក់​សម្លាប់​នៅ​ក្នុង​រមណីយដ្ឋាន​ក្នុង​ក្រុង Hurghada នៅ​ឡើយ​ទេ។ ភ្ញៀវ​ទេសចរ​អឺរ៉ុប​៣​នាក់​បាន​រងរបួស​ ប៉ុន្តែមិន​គំរាមកំហែង​ដល់​ជីវិត​នោះ​ទេ៕