ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពត ៖ សង្វៀន​ជល់​មាន់ និង​អាប៉ោង​មួយ​កន្លែង​ដែល​ក្រុម​អ្នក​ញៀន​ល្បែង​តែងតែ​ណាត់ជួប​គ្នា​លេង​រៀងរាល់ថ្ងៃ​អាទិត្យ​នៅ​ក្នុងភូមិ​កោះ​គ្រឹ​ស្នា ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្រុក​កំពង់ត្រាច សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តកំពត ធ្វើការ​បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៦ ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​៥​នាក់ និង​ម៉ូតូ​ចំនួន​២៦​គ្រឿង ។

ទោះជា​មានការ​ចាប់​ឃាត់ខ្លួន​មនុស្ស​៥​នាក់​ក៏​ដោយ មន្ត្រី​អាវុធហត្ថ​មិន​ប្រាប់​បញ្ជាក់​ប្រាប់​ពី​អត្តសញ្ញាណ​ឡើយ ហើយ​ទាំង​មនុស្ស​ទាំង​ម៉ូតូ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ភ្លាម​ៗ​ផង​ដែរ ។

លោក លាង ឈី​វ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្រាច បាន​ប្រាប់​ថា មន្ត្រី​ប៉េ​អឹ​ម​ស្រុក​មិន​បាន​ធ្វើ​កំណត់ហេតុ​មនុស្ស​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង​៥​នាក់​នោះ​ទេ គឺ​ខាង​ប៉េ​អឹ​ម​ខេត្ត​ជា​អ្នក​ធ្វើ ។

លោក ខៃ សម្ភាស់ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត ដែល​ដឹកនាំ​ការ​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​អាប៉ោង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ទាំងអស់​ថា កុំ​ទាន់​ថតរូប​មនុស្ស​ទាំង​៥​នាក់​ដែល​បាន​ឃាត់ខ្លួន​អី ព្រោះ​មិន​ទាន់​សួរនាំ​នៅឡើយ ខ្លាច​ប៉ះពាល់​ដល់​កិត្តិយស​ពួក​គេ ។

គេ​នៅ​ចាំ​បាន​ថា កាលពី​ឆ្នាំ​២០១៥ កម្លាំង​អាវុធហត្ថ​ខេត្តកំពត​បាន​ចាប់​អ្នក​ដើរ​លក់​កន្ទុយលេខ​(​ឆ្នោត​)​បានជា​ច្រើន​នាក់​នៅ​ស្រុក​កំពង់ត្រាច ប៉ុន្តែ​សាលាដំបូង​ខេត្ត​មិន​បាន​ធ្វើការ​ចោទប្រកាន់​អ្នក​ទាំង​អស់នោះ​ទេ បែរជា​ស្អែក​ឡើង​ដោះ​លែង​ឲ្យ​រួចខ្លួន​វិញ​ទាំងអស់ ដែល​អ្នក​ទាំងនោះ​ពេល​ត្រឡប់​មក​វិញ ស្រាប់តែ​លេង​លើស​ដើម ហើយ​ទាំង​ប៉ូលិស ទាំង​ប៉េ​អឹ​ម គ្មាន​ហ៊ាន​អើពើ​រឿង​មេ​កន្ទុយលេខ​(​ឆ្នោត​)​តទៅ​ទៀត​ដែរ ។ ដោយសារ​តែ​មានរឿង​ហេតុ​បែប​នេះ​ហើយ​ទើប​មាន​ពាក្យ​ច​ចេ​ច​ច​ចូ​ច​ច​រាម​អារាម​ថា អ្នក​ដើរ​កត់​ឆ្នោត​ទាំងនោះ​បាន​បង់លុយ​ពី​៦០​ម៉ឺន​រៀល​ទៅ​៨០​ម៉ឺន​រៀល​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មិន​ខ្លាច​សមត្ថកិច្ច​ទៀត​នោះ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព