ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​ត្បូងឃ្មុំ ៖ លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​ដល់​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ឲ្យ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ទណ្ឌិត​៣​នាក់ ជាប់​ទោស​ក្នុង​ម្នាក់​ៗ​ចាប់ពី​១០​ឆ្នាំ​ឡើង​ទៅ ដែល​បាន​លួច​ធ្វើ​សកម្មភាព​ចែកចាយ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នៅ​ក្នុង​មណ្ឌល​កែប្រែ​ទី​៣ ស្ថិត​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ដែល​ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាល​ពី​​វេលា​ម៉ោង​១០ និង​១៣​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៦ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​២​កញ្ចប់​ធំ និង​១​កញ្ចប់​តូច និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុម​ទណ្ឌិត​ដែល​ល្បី​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុង​មណ្ឌល​កែប្រែ​ទី​៣​ត្រពាំង​ផ្លុ​ង​ខាងលើ​នោះ​មាន ១-​ឈ្មោះ ឡឹ​ក ត្រី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង ជាប់​ពន្ធ​នា​គារ​​១៦​ឆ្នាំ ពី​បទ​រួមគំនិត​ប្លន់​, ២-​ឈ្មោះ វ៉ា ហេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ព្រែក​ហូរ ឃុំ​ព្រែក​ហូរ ស្រុក​តា​ខ្មៅ ខេត្តកណ្តាល ជាប់​ពន្ធនាគារ​១២​ឆ្នាំ ពី​បទ​រំលោភ​សេពសន្ថវៈ និង ៣-​ឈ្មោះ រស់ សាវ៉ា​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ពាម​លង្វែក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ជាប់​ពន្ធនាគារ​១៧​ឆ្នាំ ពី​បទ​ប្លន់ ។

ក្រោយ​ពេល​ចាប់ខ្លួន​ទណ្ឌិត​ទាំង​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១០​មក​រា​នេះ ហើយនឹង​អាច​យក​ទៅ​ឃុំ​នៅ​កន្លែង​ផ្សេង​ដើម្បី​ជៀសវាង​បាតុភាព​ដូច​ខាងលើ​ទៀត ដែល​អាស្រ័យ​ទៅ​លើ​លោក​ព្រះរាជអាជ្ញា​ថា​នឹង​យក​ទៅ​ឃុំ​នៅ​ទីណា ។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព