ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ យុវជន​ឈាមរាវ​២​ក្រុម​ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ និង​កាំភ្លើង​ច្នៃ បាន​ដេញ​កាប់​គ្នា​ពេញ​ដងផ្លូវ​ផ្អើល​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ឃាត់ខ្លួន​បាន​៤​នាក់ និង​ម៉ូតូ​២​គ្រឿង ។ ហេតុការណ៍​ដេញ​កាប់​គ្នា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​១០៩ ស្ថិត​នៅ​ម្តុំ​ផ្សារ​ឌុ​យ​ម៉ិច សង្កាត់​មរ​នោ​ម្យ ខណ្ឌ​៧​មក​រា ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវជន​ឈាមរាវ​ដែល​ដេញ​កាប់​គ្នា​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​៤​នាក់​មាន ១-​ឈ្មោះ ម៉ា ដុំ​ដី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស​រៀន​សាលា​សន្ធរ​ម៉ុ​ក ស្នាក់​នៅ​សង្កា​ក់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក​, ២-​ឈ្មោះ ចាន់ សេ​ដ្ថ​រាជ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​, ៣-​ឈ្មោះ ហួត សុខ​មាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​ផ្ទះ​លេខ​B55 ខណ្ឌឫស្សីកែវ និង ៤-​ឈ្មោះ សុខ រក្សា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ។ ចំណែក​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១១០ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1BU-6886 ជា​ម៉ូតូ​របស់​ឈ្មោះ ម៉ា ដុំ​ដី ឯ​១​គ្រឿង​ទៀត​ម៉ាក Nex ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FE-7856 ជា​ម៉ូតូ​របស់​ឈ្មោះ ហួត សុខ​មាន ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​២​ក្រុម​ប្រហែលជា​៤-៥​ម៉ូតូ មាន​គ្នា​ជាង​១០​នាក់ ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ​គ្រប់​ដៃ ព្រមទាំង​មាន​កាំភ្លើង​ច្នៃ​១​ដើម​ផង​នោះ បាន​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​នៅ​ម្តុំ​ផ្សារ​ឌុ​យ​ម៉ិច​ដូច​នៅ​ក្នុង​រឿង​ភាគ​ចិន​ហុងកុង​អ៊ីចឹង បង្ក​ឲ្យ​មានការ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះ​ ខណៈនោះ​សមត្ថកិច្ច​កំពុង​តែ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ក៏​បាន​ប្រទះ​ឃើញ ក៏​បាន​ជិះ​ដេញចាប់​បាន​ម៉ូតូ ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១១០ ជិះ​ដោយ​យុវជន​២​នាក់ នៅ​ចំណុច​ផ្លូវ​លេខ​១១៨ ដោយសារ​យុវជន​ទាំង​២​នាក់​នោះ​ភ័យ​ស្លន់ស្លោ​ជិះ​ទៅ​បុក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​៣ រីឯ​យុវជន​មួយ​ក្រុម​ទៀត​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ម៉ូតូ​១​គ្រឿង ម៉ាក Nex ជិះ​២​នាក់ នៅ​ផ្លូវ​លេខ​១០៧ ព្រមទាំង​ដកហូត​បាន​ដាវ​សា​មូ​រ៉ៃ​១ កាំបិតប៉័ងតោ​១ និង​កាំភ្លើងខ្លី​ច្នៃ​១​ដើម​ផង​ដែរ ។

ក្រោយ​ពេល​ចាប់ខ្លួន​ យុវជន​ឈាមរាវ​ទាំង​៤​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព