មានកូន និង ជិត​រៀបការ ទើប​ដឹងថា​នាង​ធ្លាប់ជា​ស្រី​កំណាន់​តាៗ​

​បន្ទាប់ពី​បាន​ស្គាល់ និង ស្រឡាញ់គ្នា ឪពុកម្តាយ​ខ្ញុំ​ចេះតែ​រំអុកឱ្យ​ឆាប់​រៀបការ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ចំណាយពេល​យូរ ព្រោះ​ខ្លាច​មាន​គេ​មក​ឆក់​ទៅ​បាត់ ប៉ុន្តែ​ក្រោយពី​ភ្ជាប់ពាក្យ និង មាន​ផ្ទៃពោះ​ជាង​ពីរ​ខែ ទើប​ខ្ញុំ​ដឹងថា​នាង​ធ្លាប់ជា​ស្រី​កំណាន់​របស់​តាៗ ។ ​ខ្ញុំ និង នាង​ទើប​ស្គាល់គ្នា​ប្រហែល​ជាង​កន្លះ​ឆ្នាំ ខ្ញុំ​អាយុ ៣១ ឆ្នាំ ឯ​នាង​អាយុ​តិចជាង​ខ្ញុំ ២ ឆ្នាំ ។ គ្រួសារ​យើង​ទាំងពីរ​មាន​ស្ថានភាព​សេដ្ឋកិច្ច​ប្រហាក់ប្រហែលគ្នា ។ ខ្ញុំ​មានផ្ទះ​ល្វែង​មួយ​ជង់ ( បច្ចុប្បន្ន​ជួល​ឱ្យគេ​ស្នាក់នៅ ) រួម​នឹង​ដី និង ផ្ទះមួយ​ខ្នង​ធំ​ដែល​ខ្ញុំ​កំពុង​រស់នៅ ។

ខ្ញុំ​ក៏មាន​ការងារ​ល្អ មាន​ប្រាក់ខែ​សមរម្យ ។ ឯ​នាង​វិញ​ក៏មាន​ផ្ទះល្វែង​ពីរ​ជង់​ក្បែរ​គ្នា និង ដី​នៅ​ស្រុក​កៀនស្វាយ​ក្បែរ​តំបន់​អរិយ​ក្សត្រ ។ នាង​ក៏​កំពុង​បម្រើការ​ក្នុង​ក្រុមហ៊ុន​មួយ​នៅ​ភ្នំពេញ ។ ការ​ស្គាល់គ្នា និង ការស្រឡាញ់គ្នា​រហូត​បា​ន​ភ្ជាប់ពាក្យ​រវាង​ខ្ញុំ និង នាង​បាន​កើតឡើង​ក្រោយពេល​ខ្ញុំ​ទៅ​ចូលរួម​ពិធីបុណ្យ​មួយ​ប្រចាំ​ភូមិ​របស់​នាង ។ អ្នកស្រុក​ក្បែរ​ខាង​បាន​ប្រាប់ថា នាង​ជានា​រី​សុភាព ឆ្លាត​វៃ រៀន​ពូកែ និង ចេះ​តស៊ូ​ដែលនាំឱ្យ​នាង​បានទទួល​ជោគជ័យ​ក្នុងការ​សិក្សា​ក៏ដូចជា​ការងារ ។ ចាប់ពី​នាង​មក​ភ្នំពេញ​ដើម្បី​បន្ត​ការសិក្សា នាង​ក៏​រកបាន​ការងារ​ល្អ និង ប្រាក់ខែ​ល្មម អាចឱ្យ​នាង​បង់ថ្លៃ​សាលា និង ផ្ញើជូន​ឪពុកម្តាយ​នាង​នៅឯ​ស្រុក ។

ភ្ជាប់ពាក្យ​មិនយូរប៉ុន្មាន ខ្ញុំ​ចាប់ផ្តើម​សង្ស័យ​លើ​ប្រាក់ចំណូល​របស់​នាង ព្រោះថា​ប្រាក់ខែ​ត្រឹម​ជាង ៤០០ ដុល្លារ​អាមេរិក (​កាល​នាង​នៅ​រៀន​ប្រហែលជា​តិចជាង​នេះ​) មិន​គ្រប់​សម្រាប់​ថ្លៃ​សាលា​ថ្លៃ​ហូបចុក ស្នាក់នៅ ប្រាក់​ទិញ ដី ទិញ​ផ្ទះ និង ប្រាក់​ផ្ញើជូន​ឪពុកម្តាយ​របស់​នាង​នោះទេ ។ ថ្ងៃមួយ​នៅក្នុង​ពិធីជប់លៀង​ខួបកំណើត​មិត្តភក្តិ នាង​ដូច​ជាមាន​ភាពលេច​ធ្លោ​ជាងគេ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ខឹង​នោះ គឺ​ពេល​បានឮ​មិត្ត​ពីរ​នាក់​របស់​នាង​និយាយ​ពីក្រោយ​ខ្នង «​មើល​ឫក​វា​ធ្វើ​ដូច​ខ្លួនឯង​ជា​ម្ចាស់​ខួបកំណើត​អីចឹង ! កាល​មុន​កូន​អ្នកស្រែ​សោះ​ហ្នឹង បើ​កុំ​តែមាន​តាៗ​ចិញ្ចឹម​ស្មានថា​វា​មានកំណើត​ដូច​ពេល​ហ្នឹង​» ។

ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ខ្ញុំ​ក៏​សួរ​នាង​អំពី​រឿងនេះ ។ មែន​នាង​បាន​សារភាព​ទាំងអស់ ហើយ​ថា​វា​ជា​រឿង​ធម្មតា​ទេ​ដែល​នាង​ត្រូវ​ការប្រាក់​ពី​តាៗ​ដែលជា​អ្នកមាន «​បើ​មិន​ធ្វើ​ដូច្នោះ​ខ្ញុំ​ក៏​មិនមាន​ប្រាក់​រៀន ប្រាក់​ទិញ​ដី ទិញ​ផ្ទះ​នោះដែរ​» ។ នាង​ថា​នោះ​ជា​អតីតកាល ព្រោះ​នាង​ឈប់​ទាក់ទង​នឹង​តាៗ​ទាំងនោះ​ហើយ ។ បញ្ហា​បាន​រីកធំឡើង​នៅពេល​ខ្ញុំ​និយាយ​ដល់​កូន​ក្នុង​ផ្ទៃ «​កូន​ក្នុង​ផ្ទៃ​នេះ​មិនដឹងថា​ជា​ឈាមជ័រ​របស់ខ្ញុំ ឬ របស់​តា​ម្នាក់​នោះទេ ?» ។ ភ្លាមនោះ នាង​ច្រឡោត​យ៉ាងខ្លាំង «​បង​ឯង​មិន​ចង់​រៀបការ​ជាមួយ​ខ្ញុំ​មែន​ទេ ? អីចឹង​ក៏បាន ខ្ញុំ​នឹង​យក​វា​ចេញ ។ មិន​ខ្វះ​ទេ​ប្រុស​ដែល​តាម​ស្រឡាញ់​ខ្ញុំ​» ។ ស្តាប់​សម្តី របស់​នាង​កាលណា​ខ្ញុំ​កាន់តែ​ចង់​ផ្តាច់​ពាក្យ ប៉ុន្តែ​មិនអាច​ធ្វើ​ដូច្នេះ ព្រោះ​មិនទាន់​ដឹងថា​កូន​ក្នុង​ផ្ទៃ​នាង​ជា​របស់​អ្នកណា​ឱ្យ​ពិតប្រាកដ ។ ​សូម​ផ្តល់យោបល់​ដល់​ខ្ញុំបាទ​ផង តើ​ខ្ញុំ​គួរ​ធ្វើ​បែបណា ?

​ចំពោះ​បុរស​មាន​វិបត្តិ
​មកដល់​សម័យនេះ រឿង​ព្រហ្មចារី​ហាក់ដូចជា​លែង​សំខាន់​សម្រាប់​មនុស្ស​ភាគ​ច្រើន ពិសេស​គឺ​លោកខាងលិច ។ សំខាន់បំផុត​គឺ​ការស្រឡាញ់គ្នា​ដោយស្មោះ​ត្រង់ រស់នៅ​ជាមួយគ្នា​ដោយ​ចេះ​យល់ចិត្ត​គ្នា ដោះស្រាយ​បញ្ហា​ដោយ​បញ្ញា ប៉ុន្តែ​បញ្ហា​របស់លោក​នៅពេលនេះ គឺ​ទារក​ក្នុង​ផ្ទៃ «​ជា​កូន​របស់គេ ឬ ជា​កូន​របស់លោក ?» ។​ ​វិស័យ​វេជ្ជសាស្ត្រ​បច្ចុប្បន្ន​មានការ​រីកចម្រើន​យ៉ាងខ្លាំង ដូច្នេះ​ការចង់​ដឹងថា​កូន​ក្នុង​ផ្ទៃ​ជា​របស់​អ្នកណា​នោះ​ក៏​ជា​រឿង​ងាយស្រួល ព្រោះ​ទារក​ក្នុង​ផ្ទៃ​មាន​អាយុ​ប្រហែល​បី​ខែ​គេ​អាច​ពិនិត្យ DNA ដោយ​ប្រើ​ទឹកភ្លោះ​ក្នុង​ស្បូន ។ ក៏ប៉ុន្តែ​ការធ្វើ​បែបនេះ​វា​ហាក់ដូចជា​លោក​ជា​បុរស​មិនមាន​សីលធម៌​មិនមាន​ការទទួលខុសត្រូវ និង អាត្មានិយម ។

ពេល​កំពុង​ឡើង​គ្រែ ហេតុអ្វី​ក៏​មិន​នឹក​ដល់​បញ្ហា​ដែល​អាច​កើតឡើង ? បច្ចុប្បន្ន​លោក និង អនាគត​ភរិយា​កំពុងមាន​បញ្ហា​មួយចំនួន​ដែល​អាច​នាំឱ្យ​បែកបាក់​គ្នា ព្រោះ លោក​មិន​ពេញចិត្ត​នឹង​អតីតកាល​របស់​នាង លោក​ដឹងថា​នាង​មិន​ស្មោះត្រង់ និង សង្ស័យថា​កូន​ក្នុង​ផ្ទៃ​ជា​របស់​អ្នកផ្សេង ចំណែក​នាង​វិញ​គឺ​មិន​ខ្វល់​អ្វី​ទាំងអស់ ពោលគឺ​«​សុខ​ចិត្តនឹង​រៀបការ បើ​មិន​សុខចិត្ត​ទេ​នឹង​បែក​គ្នា​» ។ យើង​សូម​ជូន​យោបល់​ខ្លះៗ​ដល់​លោក​ដើម្បី​ជាការ​ពិចារណា ។​
​ពេលនេះ​លោក​គួរ​នៅ​ស្ងៀម​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង ហើយ​សុំ​ពន្យារពេល​រៀបការ​រង់ចាំ​ដល់​នាង​ឆ្លងទន្លេ​រួច ។ ពេលនោះ​បើ​នៅតែ​ចង់ ដឹងថា​ជា​កូន​របស់​អ្នកណា លោក​ត្រូវ​លួច​ពិនិត្យ DNA របស់​កូន ។

បើ​ទោះ​វា​ជា​កូន​របស់លោក ឬ មិនមែន​ក៏ដោយ ក៏​កូន​នេះ​គ្មាន​កំហុស​ដែរ ដូច្នេះ លោក​គួរ​ចាត់ទុក និង ថែរក្សា​កូន​នេះ​ដូច​កូនបង្កើត​របស់ខ្លួន ( ករណី​អនាគត​ភរិយា​របស់លោក​ដឹង​កំហុស និង ចង់​រស់នៅ​ជាមួយ​លោក ) ។ បើ​ក្រោយពី​ទុក​ឱកាស​មួយរយៈ​ពេល​ឱ្យ​នាង​ពិចារណា​កំហុស តែ​នាង​នៅ​មានះ​ថា​ខ្លួន ធ្វើ​ត្រឹមត្រូវ​ខ្លួន​មិន​ខ្វល់ «​ចង់​បែក​ក៏បាន​ចង់​ជួបជុំ​ក៏​មិនមាន​បញ្ហា​» ពេលនោះ លោក​អាច​គិតដល់​ការផ្តាច់​ពាក្យ​ដោយមាន​ជំនួយ​ពី​មេធាវី ( បើ​ទោះ​បាន ឬ មិនទាន់​ចុះ​អត្រានុកូលដ្ឋាន ) ។

ជា​យ៉ាងណាក៏ដោយ​យើង​គិតថា​នារី​ម្នាក់​ដែលមាន​ឥរិយាបថ និង មារយាទ ដូចជា​អនាគត​ភរិយា​របស់លោក ប្រហែលជា​បុរស​ទាំងអស់​ពិបាក​នឹង​ទទួលយកបាន បើ​ទោះ​ដើមឡើយ​នាង​មាន​ទំនាក់ទំនង​ជាមួយ​តាៗ គឺ​ដើម្បី​រកប្រាក់ ដើម្បី​អនាគត​ល្អប្រសើរ​របស់ខ្លួន និង ឪពុកម្តាយ ឬ បងប្អូន​បង្កើត​របស់​ខ្លួន​ក៏ដោយចុះ ។ ធម្មតា​នារី​ម្នាក់​ដែល​ល្អ បន្ទាប់ពី​ត្រូវបាន​គេ ( ពិសេស​គឺ​គូ​អនាគត ) ដឹង​អំពី​រឿង​អាថ៌កំបាំង​ខុសឆ្គង​របស់ខ្លួន​នាង ប្រាកដជា​នឹង​សុំទោស និង អង្វរករ​សូមកុំ​ឱ្យ​ភាគី​ប្រុស​ដោះដៃ នៅពេល​ខ្លួន​កំពុងមាន​ផ្ទៃពោះ ឬ សន្យាថា​នឹង​កែខ្លួន ។​ល​។ ផ្ទុយទៅវិញ​អនាគត​ភរិយា​របស់លោក​បែរជា​ពោល​ពាក្យ​ដូច​កូនក្មេង​ទៅវិញ ៕​សូម​ជូនពរ​លោក​សម្រេច​ចិត្តបាន​ត្រឹមត្រូវ !