ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​ខេត្ត​សៀមរាប ៖ បុរស​ញៀន​ថ្នាំ​ម្នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​បម្រុង​យក​ដាវ​កាប់​គេ ត្រូវ​ប៉េ​អឹ​ម​ចាប់ខ្លួន​រួច​នាំ​មក​យក​ទៅ​សាកសួរ​នៅ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ ហេតុការណ៍​ចាប់​ជនសង្ស័យ​ខាងលើ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​សំណាក់ យីហោ ចំការ​ត្នោត ស្ថិត​ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ​។

លោក​អនុសេនីយ៍ឯក អ៊ុយ ច​យ នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ សួន លី​ន​ដា ហៅ ពា​វ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មាន​ពលរដ្ឋ​រាយការណ៍​ថា មាន​យុវជន​ញៀន​ថ្នាំ​ម្នាក់​បាន​ជិះ​ម៉ូតូ​យក​ដាវ​បម្រុង​កាប់​គេ​កាប់​ឯង កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​បង្ក្រាប​រហូត​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ពី​ករណី​កាន់កាប់ និង​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​យានយន្ត ដែល​មាន​សញ្ញា​សម្គាល់​ប្រើប្រាស់​ដោយ​នគរបាល ឬ​យោធា ។

លោក​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម៉ូតូ​របស់​ជនសង្ស័យ​ដែល​ជិះ​ធ្វើ​សកម្មភាព ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ០២ ១-៦៦៦៦ (​ក្លែង​ក្លាយ​), ដាវ​ឈើ​១​ដើម ប្រវែង​០,៨០​ម៉ែត្រ ដើម្បី​ទៅ​ទារប្រាក់​ថ្លៃ​លក់​ទិញ​គ្រឿងញៀន ។

ក្រោយ​ពេល​ចាប់ខ្លួន កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៦​នេះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព