មេ​ខ្លោង​ជួញដូរ​គ្រឿងញៀន​នៅ​ម៉ិកស៊ិក ត្រូវ​បាន​តារាភាពយន្ត​សម្ភាស​សម្រាប់​ទស្សនាវដ្តី Rolling Stone

មេ​ខ្លោង​ជួញដូរ​គ្រឿងញៀន​នៅ​ម៉ិកស៊ិក ត្រូវ​បាន​តារាភាពយន្ត​សម្ភាស​សម្រាប់​ទស្សនាវដ្តី Rolling Stone

ស្រ្តី​ម្នាក់​ដើរ​កាត់​កាសែត​មួយ​ច្បាប់​ដែល​បង្ហាញ​រូប​មេខ្លោង​ជួញ​ដូរ​គ្រឿឿង​ញៀន Joaquin "Chapo" Guzman លើទំព័រ​មុខក្នុង​ Culiacan ប្រទេស​ម៉ិកស៊ិក កាល​ពី​ថ្ងៃ​ទី​៦ មករា​ ឆ្នាំ២០១៦

តារា​សម្តែង​អាមេរិក លោក Sean Penn បាន​ជួប​ជាមួយ​អ្នក​ជួញដូរ​គ្រឿងញៀន​ម៉ិកស៊ិក​ដ៏​ល្បីល្បាញ​ម្នាក់​ឈ្មោះ Joaquin "El Chapo" Guzman នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិកជាច្រើន​ខែ​មុន​ពេល​ដែល​មេខ្លោង​ជួញដូរ​គ្រឿងញៀន​នោះ ត្រូវ​បាន​ចាប់ខ្លួន។

លោក Sean Penn បាន​ជួប​ជាមួយ​មេខ្លោង​ជួញដូរ​គ្រឿងញៀន​រូប​នោះ ដើម្បី​ធ្វើ​បទ​សម្ភាសន៍​មួយ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​វែបសាយ​របស់​ទស្សនាវដ្ដី Rolling Stone កាល​ពី​យប់​ថ្ងៃ​សៅរ៍ តែ​មួយ​ថ្ងៃ ក្រោយពី​មេខ្លោង​ជួញដូរ​គ្រឿងញៀន​រូប​នោះ ត្រូវ​បាន​អាជ្ញាធរម៉ិកស៊ិក ចាប់ខ្លួន។

មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឈ្មោះ Guzman នោះ បាន​ស្ម័គ្រចិត្ត​ឆ្លើយ​ប្រាប់​លោកPenn ​ដោយ​មាន​មោទនភាព​ថា «រូបលោក ​បាន​ផ្គត់ផ្គង់​ហេរ៉ូអ៊ីន​ ថ្នាំ​មេតំហ្វេតាម៉ីន សារជាតិ​កូកាអ៊ីន និង​កញ្ឆា ច្រើន​ជាង​នរណា​ទាំង​អស់​នៅលើ​ពិភពលោក​។ លោក មាន​នាវា​មុជទឹក​ យន្តហោះ ឡាន​ធំៗ និង​ទូក មួយ​កង»។ តារា​សម្តែង​អាមេរិក លោក Sean Penn ពណ៌នា​ មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឈ្មោះ Guzmanនោះ ថា​«មិន​មាន​ឥរិយាបថ​ចង់​កែខ្លួន​បន្តិច​ណា​សោះ»។

​មេខ្លោង​ជួញដូរ​គ្រឿងញៀន​រូប​នោះ បាន​និយាយ​អំពី​សកម្មភាព​ជួញដូរ​គ្រឿង​ញៀន​របស់​ខ្លួន​ថា​« បើ​គ្មាន​ការ​ប្រើប្រាស់ នោះ​ក៏​គ្មាន​ការ​លក់​ដូរ​ដែរ»។ ជន​នោះ​និយាយ​បន្ត​ទៀត​ថា «ជាការពិត ការ​ប្រើប្រាស់​គ្រឿងញៀន បាន​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ហេតុដូច្នេះ​ហើយ ការ​លក់​ ក៏​ចេះ​តែ​កើន​ឡើង​ដូចគ្នា​ដែរ»។

មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឈ្មោះ Guzman បាន​គេច​ខ្លួនចេញ​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា។ នេះ​ជា​រត់គេច​ខ្លួន​លើកទី​២ របស់​លោក​ក្នុង​រយៈពេល​១៤​ឆ្នាំ​កន្លងមក​នេះ តាម​រយៈ​រូង​ក្រោម​ដី​ចម្ងាយ​១គីឡូម៉ែត្រ​កន្លះ ដែល​គេ​លួច​ជីក​ចេញ​ពី​បន្ទប់​ឃុំ​ឃាំង​របស់​ជន​នោះ ទៅដល់​ភូមិ​មួយ​ដែល​នៅ​ក្បែរ​ពន្ធ​នាគារ៕