យន្តហោះ​ចម្បាំង​អាមេរិក​ហោះលើ​ទឹក​ដី​កូរ៉េ​ខាងត្បូងដើម្បី​បង្ហាញ​អនុភាពដល់​កូរ៉េ​ខាងជើង​​​

យន្តហោះ​ចម្បាំង​អាមេរិក​ហោះលើ​ទឹក​ដី​កូរ៉េ​ខាងត្បូងដើម្បី​បង្ហាញ​អនុភាពដល់​កូរ៉េ​ខាងជើង​​​

យន្តហោះ​ចម្បាំង​B-52 (C)របស់​ស.រ.អ. មួយ​គ្រឿង​ ហោះ​កាត់​លើ​មូល​ដ្ឋាន​យន្តហោះ​Osan ក្នុងក្រុង​Pyeongtaekកូរ៉េ​ខាងត្បូង​កាល​ពី​ថ្ងៃ​ទី​១០ មករា ឆ្នាំ២០១៦

នៅ​ថ្ងៃ​អាទិត្យនេះ​ យន្តហោះ​ទម្លាក់​គ្រាប់បែកយោធាដែល​ហោះ​បាន​ឆ្ងាយមួយ​គ្រឿង​របស់​ស.រ.អ. បាន​ហោះ​ពី​លើ​ប្រទេស​កូរ៉េខាង​ត្បូង​ ជាការ​ឆ្លើយតប​ដល់កូរ៉េខាង​ជើង​អំពីការពិសោធន៍​អាវុធ​បរមាណូ​ថ្មីៗបំផុត​របស់​ប្រទេសនេះ។​

គេ​បាន​ឃើញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ B-52 ដែល​អាច​ផ្ទុក​អាវុធ​បរមាណូ​បាន​ ហោះ​ពី​លើ​មូលដ្ឋាន​កងទ័ពអាកាស​ Osan ឋិត​នៅ​ចម្ងាយ​៧២គ.ម.​ខាង​ត្បូង​ព្រំដែន​ដែល​បែង​ចែក​ប្រទេស​កូរ៉េ​ទាំង​ពីរ នៅ​មុន​ពេល​វា​ហោះ​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​វា​នៅ​ក្នុង​កោះ Guam ដែល​នៅ​ជិតទីនោះ។​ យន្តហោះ​ទម្លាក់គ្រាប់បែក​នេះ​ត្រូវបាន​អម​ដោយ​យន្តហោះ​ប្រយុទ្ធ​ពីរ​គ្រឿង​របស់​ស.រ.អ.បនិង​កូរ៉េខាង​ត្បូង​ហោះផងដែរ។​

លោកឧត្តមនាវី​នៃ​កងទ័ពជើង​ទឹក​ស.រ.អ. Harry B. Harris, Jr. មេបញ្ជាការ​នៃបញ្ជាការដ្ឋាន​កងទ័ព​ស.រ.អ.ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយដោយ​លោកបានហៅ​ការហោះ​នៃយន្តហោះ​ទម្លាក់គ្រាប់បែក​នេះ​ថា​ជា​ការ​បង្ហាញ​ការ​ប្តេជ្ញា​ម៉ឺង​ម៉ាត់របស់​ស.រ.អ.ដល់ពួក​សម្ព័ន្ធមិត្តរបស់​យើង​នៅ​ក្នុង​ប្រទេសកូរ៉េខាង​ត្បូង ​ប្រទេស​ជប៉ុននិង​ដល់កិច្ចការពារ​មាតុភូមិអាមេរិកាំង។ ​

លោក ឧត្តមសេនីយ​ឯក Terrence O'Shaughnessy អគ្គមេបញ្ជា​ការ​រង​នៃបញ្ជាការដ្ឋាន​យោធា​រួមរវាង​ស.រ.អ.និង​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ក្រោយ​ការ​ហោះហើរនេះ​ថា​ស.រ.អ. «នៅ​តែ​ប្រកាន់​ជំហរ​គ្មានងាករេ» ក្នុង​កិច្ចការពារ​ប្រទេស​កូរ៉េខាង​ត្បូង «និងក្នុង​ការ​ថែរក្សស្ថិរភាពក្នុងឧបទ្វីបកូរ៉េ»៕