នៅ​កម្ពុ​ជាមាន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ជាង៦លាន​នាក់

នៅ​កម្ពុ​ជាមាន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ជាង៦លាន​នាក់

ការប្រើ​អ៊ីនធឺណិត(Internet)  នាពេល​បច្ចុប្បន្ន បាន​កើនឡើង​យ៉ាង​កំ​ហុក​ដោយសារ​តម្លៃ​សេវា​ថោក​និង​សម្បូរបែប។ យ៉ាងហោចណាស់​មាន​មនុស្ស​ប្រហែល​ជាង៦លាន​នាក់​បាន​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា។

 

យោងតាម តួលេខ​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹងថា គិត​ត្រឹម ដំណាច់ឆ្នាំ២០១៥ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ចំនួន ៦,២៧ លាន​នាក់ ដោយបាន​កើនឡើង២៥ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៥ចំនួន៥លាន​នាក់។  ក្នុង​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា មាន ក្រុមហ៊ុន​ចំនួន១៣កំពុងផ្តល់​សេវា​អ៊ីនធឺណិត​ចល័ត​និង​អចល័ត​នៅក្នុង​ប្រទេស​កម្ពុជា។ ដោយឡែក​ភាគច្រើន​នៃ​អ្នកប្រើប្រាស់​ទទួលបាន​នៅលើ​បណ្តាញ​តាមរយៈ​ទូរ​សព្ទ​ទំនើប និង​កុំព្យូទ័រ​បន្ទះ។

 

នៅ​កម្ពុ​ជាមាន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ជាង៦លាន​នាក់

 

កាលពី​កន្លងទៅ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ រំពឹងថា អ្នកប្រើប្រាស់​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ឈានដល់៩,៥លាន​នាក់ នៅត្រឹម​ឆ្នាំ២០២០ ឬ ស្មើនឹង​ប្រមាណ៦៥ ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​នៅក្នុង​ប្រទេស។

 

លោក​បាន​បញ្ជាក់ថា កំណើន​នេះ នៅតែមាន​ការតភ្ជាប់​តាម​តម្រូវការ​គ្រប់​ប្រភេទ​នៃ​ការចង់បាន​ព័ត៌មាន​និង​ទិន្នន័យ​ពី​មនុស្ស​វ័យក្មេង​និង​អ្នក​អាជីវកម្ម។ ជាមួយនឹង​កំណើន​យ៉ាង​លឿន​នៃ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា​ហ្វេ​ស​ប៊ុ​ក (Facebook) បាន​ក្លាយជា​វិធី​ពេញនិយម​សម្រាប់​អ្នកនយោបាយ​ដើម្បី​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​នៅក្នុង​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍។

 

ស្រប​ពេលដែល​ចំនួន​នៃ​អ្នកប្រើប្រាស់ និង​ក្រុមហ៊ុន​អ៊ីនធឺណិត​កាន់តែ​មាន​ចំនួន​ច្រើន សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត ក៏​នឹងត្រូវ​ការពិនិត្យ​បន្ថែម​ច្រើន​ទៀត​មុននឹង​ដាក់ជូន​រដ្ឋសភា​ដើម្បី​ពិភាក្សា​និង​អនុម័ត។ ប៉ុន្តែ​ក្នុងពេល ជាមួយគ្នានេះ ក៏មាន​ការព្រួយបារម្ភ​ពី​ការគាបសង្កត់​លើ​ការប្រើប្រាស់​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​នេះ​ផងដែរ។

 

កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៥ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា(CCHR) បានរៀបចំ​វេទិកា​ជួបជុំ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​និង​កិច្ចពិភាក្សា​ស្ដីពី​អនាគត​នៃ​សិទ្ធិ​បច្ចេកវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ផ្ដោតលើ​ទស្សនៈ​ទាក់ទង​នឹង​ការព្រួយបារម្ភ​នានា​ចំពោះ​សេរីភាព​ការបញ្ចេញមតិ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​សុវត្ថិភាព​និង​សន្តិសុខ​អ៊ីនធឺណិត​នៅ​កម្ពុជា។

 

របាយការណ៍​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​បង្ហាញថា ចំនួន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​កំពុង​កើនឡើង​ខ្លាំង​ដោយ​កាលពី​ឆ្នាំ២០១៤ អ្នកប្រើប្រាស់​អ៊ី​ធឺ​ណិ​ត​មាន​ជាង៣០ភាគរយ ក្នុងចំណោម​ប្រជាពលរដ្ឋ​សរុប។ នេះ​ជា​តួលេខ​ខ្ពស់​មួយ​បើ​ប្រៀបធៀប​ទៅនឹង​ស្ថិតិ​កាលពី​ឆ្នាំ២០១០ របស់​ធនាគារ ពិភពលោក ដែល​បាន​បញ្ជាក់ថា ចំនួន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​បាន​កើនឡើង​ត្រឹមតែ១,៣ភាគរយ។ ដោយឡែក បើតាម​ការសិក្សា​ថ្មី​មួយ​របស់​វិទ្យាស្ថាន​បើកទូលាយ បាន​រកឃើញថា យ៉ាងហោចណាស់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ៣៩,៥ភាគរយ ឬ​ជាង១ភាគ៣ នៃ​ប្រជាជន​សរុប​ចំនួន​ជាង ១៥លាន​នាក់ មាន​ទូរ​សព្ទ​ស្មាន​ហ្វូ​ន(smart phones) ម្នាក់​មួយគ្រឿង ដែល​កើន៥១,៧ភាគរយ បើ ធៀប​ទៅនឹង​ឆ្នាំ២០១។ ចំនួន២២ភាគរយ​នៃ​ប្រជាជន​កម្ពុជា ប្រើប្រាស់​បណ្ដាញ​សង្គម​ដូចជា​ហ្វេ​ស​ប៊ុ​ក ហើយ​ក្នុងនោះ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម តាមរយៈ​ទូរស័ព្ទដៃ​មាន​ចំនួន១៩ភាគរយ៕

 

អត្ថបទ៖ មណីរត្ន

ប្រភព៖ Khmerdaily