NOCC បានដាក់​ចេញ​គោលដៅ​ធំៗ​សម្រាប់​ឆ្នាំ​២០១៦ រួចហើយ​


​ឆ្នាំ​២០១៦ ជា​ឆ្នាំ​ដំបូង​ក្នុងការ​អនុវត្ត​ជា​បណ្តើរៗ​នូវ​ផែនការមេ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​បានកំណត់​រួចរាល់​កាលពី​ឆ្នាំ​២០១៥​។ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បានកំណត់​គោលដៅ​សំខាន់ៗ ដែល​ត្រូវបំពេញ និង​អនុវត្ត​លើ​សកម្មភាព​កីឡា ក្នុង​ឆ្នាំ ២០១៦ នេះ​រួចរាល់​ហើយ​។

​លោក វ៉ា​ត់ ចំរើន បានចាត់ទុក​ឆ្នាំ​២០១៦​នេះ​ថា ជា​ឆ្នាំ​មួយ​ដ៏​សំខាន់ និង​ជាការ​ចាប់ផ្តើម​អនុវត្ត​បណ្តើរៗ​នូវ​ផែនការមេ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ហើយ​អ្វីដែល​សំខាន់​នោះ​ធ្វើយ៉ាងណា​រៀបចំ​ផែ​ក​មេនោះ​ឱ្យបាន​ល្អ ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល​អនុម័ត​ឱ្យ​រួចរាល់​ក្នុង​ឆ្នាំ​២០១៦ នេះ​។ 

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ឆ្នាំ​២០១៦ ជា​ឆ្នាំ​ចាប់ផ្តើម​អនុវត្ត​បណ្តើរៗ​នូវ​ផែនការមេ​របស់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ អ្វីដែល​សំខាន់​ត្រូវ​រៀបចំ​ឲ្យ​បានល្អ ដើម្បី​បញ្ជូន​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើការ​អនុម័ត​ឱ្យ​រួចរាល់​ក្នុងឆ្នាំនេះ​»​។​

​ជាមួយគ្នានេះដែរ អគ្គលេខាធិការ NOCC នឹង​រៀបចំ​ការប្រកួត National Games 2016 នាពេល​ខាងមុខនេះ ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​ម​ន្ត្រី​គ្រប់គ្រង មន្ត្រី​រៀបចំ​ការប្រកួត និង​សមត្ថភាព​កីឡាករ​កីឡាការិនី​។ ការប្រកួត National Games នេះ វា​ជា​គោលនយោបាយ​អនុវត្ត​ផ្ទាល់ និង​ជា​បទពិសោធន៍​ដើម្បី​ឆ្ពោះទៅរក​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ 

​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា​៖«NOCC នឹង​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង Games ធំៗ​ចំនួន​២ គឺ​ការប្រកួត​កីឡា​អូឡាំពិក នៅ​ប្រទេស​ប្រេ​ស៊ី​ល ក្នុង​ខែសីហា និង​ការប្រកួត​កីឡា​លើ​ឆ្នេរ​ខ្សាច់​អាស៊ី  Asian Beach Games 2016 នៅ​ប្រទេស​វៀតណាម ក្នុង​ខែកញ្ញា​»​។ ក្រៅពីនេះ​ក៏មាន​ការរៀបចំ​ការប្រកួត​លក្ខណៈ​អន្ដរជាតិ​កីឡា​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង​ការត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​អន្ដរជាតិ​លើ​ប្រភេទ​កីឡា​ផ្សេងៗ​ជាច្រើន​ទៀត​។ NOCC បាននិងកំពុង​ជំរុញ​ឱ្យ​សហព័ន្ធ​ជាតិ​នីមួយៗ​ឱ្យធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​ការប្រកួត​អន្តរជាតិ ជា​លក្ខណៈ​មិត្តភាព និង​លក្ខណៈ​ជើងឯក​ប្រចាំ​តំបន់​ជា​បណ្តើរៗ ដើម្បី​ដកស្រង់​នូវ​បទពិសោធន៍ កម្រិត​បច្ចេកទេស​ធៀប​ទៅនឹង​ប្រទេស​នៅ​តំបន់​អាស៊ី​។

​បន្ថែម​លើ​នេះ NOCC ត្រៀម​បញ្ជូន​កីឡាករ​កីឡាការិនី​វ័យក្មេង ដើម្បី​ធ្វើការ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​រយៈពេល​វែង ជាពិសេស​ប្រទេស​ចិន និង​ត្រៀម​បណ្តុះបណ្តាល​គ្រូបង្វឹក​ផ្នែក​ភាសា​អង់គ្លេស ដើម្បីឱ្យ​គ្រូបង្វឹក​តាម​សហព័ន្ធ​មួយចំនួនធំ​នោះ​អាច​ចាប់យក​បទពិសោធន៍​ថ្មីៗ កម្រិត​បច្ចេកទេស​ថ្មីៗ​ពី​ប្រទេស​ខាងក្រៅ​ដែលមាន​ការរីកចម្រើន​ខាង​ផ្នែក​វិស័យ​កីឡា​។  

​លើសពីនេះទៅទៀត NOCC នឹង​ស្វែងរក​ប្រទេស​សំខាន់ៗ​មួយចំនួន​ដើម្បី​ចុះ MoU រួមគ្នា​ក្នុងនោះ សិង្ហ​បុរី ឡាវ នឹង​ចុះហត្ថលេខា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ចំណែក ម៉ាឡេស៊ី និង​រុស្ស៊ី នឹង​ចុះហត្ថលេខា​នៅពេល​ខាងមុខ​។ ហើយ​ការចុះ MoU នេះដែរ ក្នុង​គោលបំណង​ដើម្បី​ទទួលបាន​បទពិសោធន៍​ក្នុង​ការរៀបចំ​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ៕


ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​