Apple ត្រៀម​ជា​ស្រេច​នូវ​កាស​ឥត​ខ្សែ​សម្រាប់ iPhone 7 ដែល​គ្មាន​រន្ធ​ដោត​កាស


Apple ត្រៀម​ជា​ស្រេច​នូវ​កាស​ឥត​ខ្សែ​សម្រាប់ iPhone 7 ដែល​គ្មាន​រន្ធ​ដោត​កាស

ទូរសព្ទ​ iPhone 6s & 6s Plus ចេញ​បាន​មិន​យូរ​ប៉ុន្មាន​ផង​ ស្រាប់​តែ​​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​​​ពាក់​ព័ន្ធ​នឹង​ទូរសព្ទ​ iPhone 7 បាន​​ផ្សព្វផ្សាយ​​ជា​បន្ត​បន្ទាប់។ ក្នុង​ចំណោម​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ​​​មាន​ព័ត៌មាន​ដែល​គេ​ជឿ​ជាក់​ថា​ជា​ការ​ពិត​នោះ​គឺ​​ iPhone 7 ​នឹង​គ្មាន​រន្ធ​សម្រាប់​ដោត​កាស​ឡើយ។

 

Apple ត្រៀម​ជា​ស្រេច​នូវ​កាស​ឥត​ខ្សែ​សម្រាប់ iPhone 7 ដែល​គ្មាន​រន្ធ​ដោត​កាស

រូបរាង​គំរូ

 

​បើ​ពិត​មែន​ ​មាន​ន័យ​ថា​​រន្ធ​ Lighting និង​ប្រព័ន្ធ​ Bluetooth គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​អាច​ភ្ជាប់​​កាស​ទៅ​កាន់​ទូរសព្ទ​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​ Apple នេះ​បាន។ ក្នុង​ចំណោម​វិធីសាស្ត្រ​ទាំង​ពីរ​ Bluetooth អាច​នឹង​ជា​ជម្រើស​តែ​មួយ​គត់​ដែល​​ Apple នឹង​ជ្រើស​រើស​ ហេតុ​នេះ​ទើប​មាន​ពាក្យ​ចចាមអារ៉ាម​​ថ្មី​មួយ​ទៀត​ថា​ក្រុមហ៊ុន​នឹង​ផលិត​កាស​ Bluetooth ​សម្រាប់​ iPhone 7។

 

កាស​ Bluetooth ថ្មី​នេះ​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា​​នឹង​ជា​ប្រភេទ​កាស​ដែល​គ្មាន​ខ្សែ​សោះ​តែ​ម្ដង​ មាន​ន័យ​ថា​កាស​នេះ​នឹង​មិន​មាន​ខ្សែ​សម្រាប់​ភ្ជាប់​គ្នា​ ពោល​​ខាង​ឆ្វេង​ និង​​ខាង​ស្ដាំ​​គឺ​ចែក​ដាច់​ពី​គ្នា។ កាស​ពិសេស​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ផលិត​ ហើយ​គេ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ស្រប​ពេល​​វត្តមាន​របស់​ iPhone 7 ដែល​អាច​នឹង​ប្រកាស​នា​ខែ​កញ្ញា​ឆ្នាំ​នេះ។

 

មិន​ដូច​ជា​កាស​ឥត​ខ្សែ​ម៉ាក​ Beats ដទៃ​ទៀត​​ កាស​​​សម្រាប់​ iPhone 7​ មួយ​នេះ​នឹង​​អាច​សាក​ថ្ម​បាន​ដោយ​មិន​ចាំ​បាច់​ប្រើ​ខ្សែ​នោះ​ទេ ហើយ​ជា​មួយ​បច្ចេកវិទ្យា​ដ៏​ទំនើប​បែប​នេះ​គេ​ជឿ​ថា​តម្លៃ​របស់​វា​មិន​ជា​ធូរ​ថ្លៃ​ប៉ុន្មាន​ឡើយ៕

 

ចុច​អាន៖ Lumia 950XL ប្រើ Windows 10 ​​មាន​បច្ចេកវិទ្យា​ថ្មី​ប្រជែង iOs និង Android

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ RedmondPie