ពេលណា​គួរតែ​ធ្វើតេស្ត​រកមើល​ការ​មាន​ផ្ទៃពោះ​ដោយ​ខ្លួនឯង​?

ពេលណា​គួរតែ​ធ្វើតេស្ត​រកមើល​ការ​មាន​ផ្ទៃពោះ​ដោយ​ខ្លួនឯង​?

​ស្ត្រី​ភាគច្រើន​អាច​ធ្វើ​តេស្ត​រកមើល​ការ​មាន​ផ្ទៃពោះ​នៅផ្ទះ​ដោយ​ខ្លួនឯង​បាន​ក្រោយពី​បាត់​រដូវ ដែល​វា​អាច​បញ្ជាក់បាន​ថា ពួកគេ​អាច​នឹង​មាន​ផ្ទៃពោះ ៤ ទៅ​៥​សប្តាហ៍​ហើយ​។​

 ទោះបីជា​យ៉ាងនេះក្តី បើសិន​ជា​អ្នក​រួម​ភេទ​មិន​បាន​ការពារ​ទេ ហើយក៏​មិន​បាន​ប្រើ​ថ្នាំ​ពន្យា​កំណើត​បន្ទាន់​ទៀត​នោះ អ្នក​អាច​នឹង​ត្រូវការ​ធ្វើ​តេស្ត​រកមើល​ការ​មាន​ផ្ទៃពោះ​ឱ្យ​លឿន​ជាងគេ​ហើយ​។

តេស្ត​រកមើល​ការ​មាន​ផ្ទៃពោះ​ទាំងអស់​គឺជា​ការ​វាស់​ទៅ​លើ​ចំនួន​អ័រម៉ូន Human Chorionic Gonadotrophin (hCG) ជា​អ័រម៉ូន​មាន​ផ្ទៃពោះ ដែល​ត្រូវ​បាន​បញ្ចេញ​នៅពេល​អំប្រ៊ីយ៉ុង​កាច់​សម្បុក​ក្នុង​ជញ្ជាំង​ស្បូន​។ បើសិន​ជា​អ្នក​រួម​ភេទ​មិន​បាន​ការពារ​ក្នុង​ពេល​ផ្ទុះ​ចេញ​អូវុល ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​គឺ​ខ្ពស់​។ មេ​ជីវិត​ឈ្មោល​អាច​រស់នៅ​ក្នុង​ស្បូន​របស់​មនុស្ស​ស្រី​រហូតដល់ ៧២​ម៉ោង ឬ ៣ ទៅ​៥​ថ្ងៃ​ឯណោះ​។ ដូច្នេះ បើសិន​ជា​អ្នក​រួម​ភេទ​មិន​បាន​ការពារ​មុន ឬ​ក្រោយ​ថ្ងៃ​ផ្ទុះ​អូវុល​មួយ ឬ​ពីរ​ថ្ងៃ អ្នក​ពិតជា​ប្រឈម​នឹង​ការ​មាន​ផ្ទៃពោះ​ហើយ​។ មេ​ជីវិត​ញី​ដែល​បញ្ចេញ​ពី​ក្រពេញ​អូវ៉ែ​ត្រូវ​ធ្វើដំណើរ​ទៅ​ក្នុង​បំពង់​ដៃ​ស្បូន និង​ត្រូវការ​រលាយខ្លួន​ជាមួយ​មេ​ជីវិត​ឈ្មោល​ក្នុង​រយៈពេល ២៤​ម៉ោង​។ ករណីបែបនេះ មេ​ជីវិត​ឈ្មោល​ត្រូវ​ជួប​មេ​ជីវិត​ញី​ក្នុង​បំពង់​ដៃ​ស្បូន​ដើម្បី​រលាយ​ចូលគ្នា​ក្លាយទៅជា​អំប្រ៊ីយ៉ុង និង​ធ្វើ​ដំណើរ​ទៅ​កាច់​សម្បុក​ក្នុង​ស្បូន​។ ដំណើរ​ការណ៍​ទាំងនេះ​ត្រូវការ​ពេល​ពី ២ ទៅ​៣​ថ្ងៃ​។ ដូច្នេះ​ការ​ធ្វើ​តេស្ត​រកមើល​ការ​មាន​ផ្ទៃពោះ​ក្រោយពី​រួមភេទ​ដោយ​មិន​បាន​ការពារ​រយៈពេល ៥​ថ្ងៃក្រោយ ប្រហែលជា​មិន​អាច​រក​អ្វី​ឃើញ​ឡើយ​។ យ៉ាងណាមិញ រឿង​នេះ​គឺ​អាស្រ័យ​ទៅលើ​ភាពត្រឹមត្រូវ​ខ្លះ​របស់​ផលិតផល​ធ្វើតេស្ត​នេះដែរ​។ ផលិតផល​ខ្លះ​អាច​រកឃើញ​ការ​មាន​ផ្ទៃពោះ​រកឃើញ​ការ​មាន​ផ្ទៃពោះ​ក្រោយពី​កូន​មាន​អាយុ​ក្នុង​ផ្ទៃ​បាន ៧​ថ្ងៃ​ឯណោះ​។

បើសិន​ជា​អ្នក​ធ្វើ​តេស្ត​រក​ការ​មាន​ផ្ទៃពោះ​លឿន​ពេក ជា​ពិសេស​ពេល​អ័រម៉ូន hCG នៅក្នុង​ទឹកនោម​ទាប អ្នក​អាច​នឹង​ឃើញ​ថា​អវិជ្ជមាន តែ​ខុស​។ ដូច្នេះ​ដើម្បី​ដឹង​អំពី​ស្ថានភាព​មាន​ផ្ទៃពោះ ចូរ​រង់ចាំ​យ៉ាង​ហោច​ណាស់ ២​សប្តាហ៍​ក្រោយពី​រួមភេទ​រួច ដើម្បី​ឱ្យ​ចំនួន​អ័រម៉ូន hCG ឡើង​ខ្ពស់​សិន​។ បើសិន​ជា​អ្នក​រក​ឃើញ​អវិជ្ជមាន ចូរ​ព្យាយាម​ធ្វើ​វា​ម្តងទៀត​នៅ​រយៈពេល ៣ ទៅ​៥​ថ្ងៃក្រោយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។