ពលរដ្ឋ​ភូមិ​ម្នា​វ​ចេញ​មុខ​សុំ​ទោស​សម្តេច​តេ​ជោ​ ចំពោះ​ករណី​ឈ្មោះ ម៉ា​ន់ សំ​អ៊ា​ន់ ប្រមាថ​សម្លាប់​សម្តេច

ពលរដ្ឋ​ភូមិ​ម្នា​វ​ចេញ​មុខ​សុំ​ទោស​សម្តេច​តេ​ជោ​ ចំពោះ​ករណី​ឈ្មោះ ម៉ា​ន់ សំ​អ៊ា​ន់ ប្រមាថ​សម្លាប់​សម្តេច

ខេត្តកំពង់ធំ ៖ អាណាព្យាបាល ជីដូន​ជីតា ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​រស់នៅ​ក្នុងភូមិ​ម្នា​វ សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន នា​ព្រឹក​ថ្ងៃ​១០ ខែមករា បាន​ជួបជុំ​គ្នា និង​លើកដៃ​ប្រណម​សំពះ​អង្វរ​សុំ​សេចក្តី​សន្តោស​អភ័យ​ទោស​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​ករណី​យុវជន​ឈ្មោះ  ម៉ា​ន់ សំ​អ៊ា​ន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ក្នុងភូមិ​ឃុំ​ខាងលើ ដែល​បាន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ប្រមាថមើលងាយ ធ្វើ​ឲ្យ​ប៉ះ​ពាស់​ដល់​កិត្តិយស​របស់​សម្តេច​តេ​ជោ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៦ ខែមករា កន្លង​ទៅ និង​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត បន្ទាប់​ពី​ឆ្លងកាត់​ការ​សាកសួរ​នៅ​តុលាការ ។

លោក ឃឹម អឿ​ន អាយុ​៥១​ឆ្នាំ ត្រូវជា​ឪពុក និង​អ្នកស្រី ចេ​ង លី អាយុ​៥០​ឆ្នាំ ត្រូវជា​ម្តាយ យុវជន​ឈ្មោះ ម៉ា​ន់ សំ​អ៊ា​ន់ បាន​លើកដៃ​សំពះ​សុំ​ក្តី​មេត្តាករុណា ខន្តី​ប្រណី​ទោស​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​កូនប្រុស​របស់​គាត់​ដែល​ខ្វះ​ការ​ពិចារណា គិត​ខ្លី ល្ងីល្ងើ ហ៊ាន​ប្រមាថ​មាក់ងាយ​សម្តេច ដែល​ជាទី​គោរព​នៃ​មនុស្ស​ទូទៅ ដោយសារ​តែ​រៀនសូត្រ​បាន​តិចតួច ខ្វះ​ការ​អប់រំ ទើប​បានជា​បណ្តាល​ឲ្យ​មាន​កំហុសឆ្គង​ដ៏​ធំ​នេះ​កើតឡើង​យ៉ាង​ដូច្នេះ ។ ពួក​គាត់​ក៏​ពុំ​បានដឹង​ថា ហ្វេ​ស​ប៊ុ​ក​នោះ​គេ​លេង​យ៉ាងម៉េច​ដែរ ហើយ​ការ​ដែល​បង្ហោះ​នោះ​ទៀត​សោត​ពួក​គាត់​ពុំ​បានដឹង​ទេ ដូច្នេះ​ហើយ​មាន​តែ​ម្រាមដៃ​១០​សំពះ​អង្វរ​លន់តួ​សម្តេច​តេ​ជោ ហ៊ុន សែន សូម​មេត្តា​លើក​លែង​ទោស​​ដល់​កូន​គាត់​ដោយ​សេចក្តី​អនុគ្រោះ​ផង​ចុះ ។

លោក ប៉ិច ជា អាយុ​៦៩​ឆ្នាំ ជា​ប្រធាន​ភូមិ​ម្នា​វ និង​ត្រូវជា​ជីតា​បង្កើត​របស់​យុវជន ម៉ា​ន់ សំ​អ៊ា​ន់ ក៏​បាន​សន្យា​ដែរ​ថា ថ្ងៃក្រោយ​នឹង​ធ្វើការ​អប់រំ​ចៅ​ឲ្យ​បាន​ល្អ មិន​ឲ្យ​មានការ​ថ្លោះធ្លោយ​ព្រហើន​យ៉ាង​ដូច្នេះ​ទៀត​ទេ ។

គួរ​រំឭក​ថា សាលាដំបូង​ខេត្តកំពង់ធំ បាន​សម្រេច​ឃុំខ្លួន​យុវជន​ដែល​គំរាម​សម្លាប់​សម្តេច​តេ​ជោ ដាក់​ពន្ធនាគារ​ខេត្ត​ជា​បណ្តោះអាសន្ន​រួច​ហើយ បន្ទាប់​ពី​សាកសួរ​អស់​ជា​ច្រើន​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ។ យុវជន​ដែល​គំរាម​សម្លាប់​សម្តេច​តេ​ជោ ហ៊ុន សែន តាម​ហ្វេ​ស​ប៊ុ​ក ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ចំនួន​២​ករណី គឺ​ករណី​គំរាម​សម្លាប់ និង​ការ​ប្រមាថ  ។

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ធ្វើការ​ចោទប្រកាន់​ដោយសារ​យុវជន​រូប​នេះ​បាន​គំរាម​សម្លាប់​សម្តេច​តេ​ជោ ហ៊ុន សែន តាម​ហ្វេ​ស​ប៊ុ​ក ។ កាលពី​ថ្ងៃ​ទី​៦ ខែមករា សមត្ថកិច្ច​បាន​ចាប់ខ្លួន​យុវជន​រូប​នេះ រួច​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​អស់​ជា​ច្រើន​ម៉ោង កាលពី​ថ្ងៃ​ទី​៨ ខែមករា ។

នេះ​ជា​លើក​ទី​១​ហើយ ដែល​មាន​អ្នក​គំរាម​សម្លាប់​សម្តេច​តេ​ជោ ហ៊ុន សែន តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ត្រូវ​បាន​តុលាការ​ចាត់វិធានការ​តាម​ច្បាប់ ។ ការ​ចាប់ខ្លួន​នេះ បន្ទាប់​ពី​សម្តេច​តេ​ជោ​ប្រកាស​កាលពី​ថ្ងៃ​ទី​៥ ខែមករា ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​៥ មក​រា ថា អ្នក​ដែល​ជេរ​សម្តេច គឺ​គ្មាន​វាសនា​ល្អ​ទេ ហើយ​ថា បើ​ស​ម្តេ​ង​ចាត់ការ​តែ​៧​ម៉ោង​ប៉ុណ្ណោះ ។ សម្តេច​ក៏​មិនបាច់​ប្រើ​កម្លាំង​ពី​ភ្នំពេញ​ទេ គឺ​ប្រើ​កម្លាំង​នៅ​មូលដ្ឋាន ។

ទាក់ទង​នឹង​ករណី​គំរាម​សម្លាប់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ តុលាការ​បាន​ចាត់ការ​លើ​ករណី​មួយ​ចំនួន​រួច​មក​ហើយ​ដូច​ជា ករណី​គំរាម​សម្លាប់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ករណី​គំរាម​សម្លាប់​លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន និង​ករណី​យុវជន​ម្នាក់​ទៀត គង់ រ៉ៃ​យ៉ា ដែល​បង្ហោះ​ការ​អំពាវនាវ​ចូលរួម​បដិវត្តន៍​ពណ៌​កាលពី​ខែសីហា ឆ្នាំ​២០១៥ ដែល​សុទ្ធ​សឹង​ជា​បទល្មើស​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ៕