ទើប​ដូរ​ចៅហ្វាយខេត្ត​ថ្មី​៖ ខេត្តព្រៃវែង មាន​ចោរប្លន់​ផ្ទះ​វេរ​លុយ Wing កាលពី​យប់​ថ្ងៃអាទិត្យ​

ខេត្តព្រៃវែង: អភិបាលខេត្ត​ព្រៃវែង ទើបតែ​ផ្លាស់ប្តូរ​ថ្មី​។ នោះ​គឺ​កូនប្រុស​ពៅ​របស់​សម្តេច​ជាស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង គឺ​លោក ជា សុ​មេធី ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាល​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃទី​៧​មករា ឆ្នាំ​២០១៦​។ ក៏ប៉ុន្តែ​កាលពី​យប់​ថ្ងៃអាទិត្យ ទី​១០ ខែមករា ឆ្នាំ​២០១៦ មាន​ចោរប្លន់​មួយក្រុម ប្រដាប់​ដោយ​កាំំ​ភ្លើង AK ២​ដើម និង​កាំភ្លើងខ្លី​មួយ​ដើម បាន​ចូល​ទៅ​ភ្ជង់ វាយ និង​ប្លន់​យក​ទ្រព្យសម្បត្តិ នៅផ្ទះ​វេរ​លុយ Wing ស្ថិតក្នុង​ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។

ហេតុការណ៍​ចោរប្លន់​ផ្ទះ​វេរ​លុយ Wing នៅខេត្តព្រៃវែង​នោះ បាន​បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ​ម្នាក់ រងរបួស និង​អ្នកជិតខាង​ម្នាក់ទៀត ក៏បាន​រងរបួស ព្រមទាំង​បាត់បង់​នូវ​ទ្រព្យ​សម្បត្តិ​​មួយចំនួន​។​

​ទាំង​ប៉ូលិស និង​ទាំង​ប៉េអឹម ខេត្តព្រៃវែង បាន​អះអាងថា កងកម្លាំង​សមត្ថកិច្ច កំពុងតែ​តាម​ចាប់​ក្រុមចោរប្លន់​ទាំងនោះ​។ នៅក្នុង​ករណីនេះ កងកម្លាំង​សមត្ថកិច្ច និង​ក្រុមចោរប្លន់ ក៏បាន​បាញ់​តដៃ​គ្នា​ជាច្រើន​គ្រាប់​ផងដែរ​។​

​សូម​រម្លឹកថា កាលពី​ខែវិច្ឆិកា និង​ដើមខែ​ធ្នូ ឆ្នាំ​២០១៥ ករណី​ចោរប្លន់​អ្នកលក់​មាស ចោរប្លន់​ម៉ូតូ និង​ផ្ទះ​វេរ​លុយ​វី​ង Wing បានកើត​ឡើង​យ៉ាង​កក្រើក នៅក្នុង​ខេត្តបាត់ដំបង ពោធិ៍សាត់ ខេត្តកណ្តាល ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ​។ ភ្លាមៗ​នោះ សម្តេច ស ខេង ក៏បាន​ប្រកាស​ព្រមាន​ដក​មេ​ប៉ូលិស​ក្នុង​ខេត្ត​ទាំងនោះ បើសិនជា​បង្ក្រាប​ករណី​ចោរប្លន់​ទាំងនោះ មិន​បានទេ​។

​ក្រោយ​កើតហេតុ​ការណ៍​ប្លន់​នោះ​ភ្លាមៗ នៅ​ភ្នំពេញ បង្ក្រាប​ទាន់ពេល និង​នៅ​ខេត្តបាត់ដំបង ក៏បាន​វែកមុខ ចាប់បាន​ក្រុមចោរប្លន់ ជា​បន្តបន្ទាប់​។ ចំណែក​នៅ​ខេត្តកណ្តាល កំពង់ស្ពឺ និង​ពោធិ៍សាត់ មិនទាន់មាន​ដំណឹង​ពី​ការបង្ក្រាប ចាប់​ក្រុមចោរប្លន់​ទាំងនោះ នៅឡើយ​ទេ រហូតដល់​ពេលនេះ​។​

​សម្តេច​ហ៊ុនសែន នាយករដ្ឋមន្ត្រី ក៏បាន​ដាក់ចេញ​នូវ​បទបញ្ជា​ទៅកាន់​ក្រសួងយុត្តិធម៌ ឲ្យ​ពិនិត្យ​ការស្នើ​លើកលែងទោស​ដល់​ទណ្ឌិត​កន្លងមក ព្រោះថា ចោរប្លន់​ភាគច្រើន ធ្លាប់​ជាប់គុក និង​ត្រូវបាន​លើកលែងទោស​។​

​ជាមួយគ្នា​នោះ ក្រសួងយុត្តិធម៌ ក៏បាន​បើក​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ជាមួយនឹង​ព្រះរាជអាជ្ញា ប្រធាន​តុលាការ ប៉ូលិស និង​ប៉េអឹម ហើយ​បានសម្រេច​ថា ចាប់ពីពេលនេះ​តទៅ ឧក្រិដ្ឋជន អ្នកទោស គ្រឿងញៀន និង​ចោរប្លន់ នឹងមិន​ត្រូវ​មានឈ្មោះ ក្នុង​បញ្ជី​បន្ធូរបន្ថយ និង​លើកលែងទោស​ទៀត​នោះទេ​៕​