បញ្ហាលំបាក​របស់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ពេលនេះ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល ដោះស្រាយ​ហើយ​!

ភ្នំពេញ: ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ រាល់​បញ្ហាលំបាក​របស់​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់ឆ្នោត ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​ហ៊ុនសែន លើកយក​ដោះស្រាយ​ជា​បន្តបន្ទាប់​ហើយ​។ នោះ​គឺ​ការលំបាក​របស់​ប្រជាពលរដ្ឋ ដែល​លើកឡើង​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី តាម​ហ្វេ​ស​ប៊ុ​ក​។ បញ្ហា​ទាំងនោះ រួមមាន​៖ ទី​១-​ការលប់ចោល មិន​ឲ្យ​យកលុយ​តទៅទៀត នៅ​ផ្លូវ​វេ​ង​ស្រេង ក្នុង​រាជធានី​ភ្នំពេញ ទី​២-​អ្នករស់នៅ​តាមផ្លូវ​ជាតិ​លេខ​៤ ក៏ត្រូវ​លើកលែង មិន​ឲ្យ​បង់លុយ​ពេល​ឆ្លងកាត់​ផ្លូវ លុបចោល​មិន​ឲ្យ​មាន​ប័ណ្ណបើកបរ​ម៉ូតូ កម្រិត​ចាប់ពី ១២៥ CC ចុះក្រោម ទី​៣-​ការបន្ធូរបន្ថយ​ថ្លៃ​ធ្វើ​ប័ណ្ណបើកបរ​ឡាន ទី​៤-​ការសម្រេច​មិនចាំបាច់​ឲ្យ​មានការ​កាត់ឈ្មោះ​ផ្ទេរកម្មសិទ្ធិ​ម៉ូតូ​ឡាន ដែល​ទិញ​ត​ច្រើន​ដំណ ព្រមទាំង​ទី​៥-​ការសម្រេច​លុបចោល​កា​រយ​ក​ថ្លៃ​ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរកម្មសិទ្ធិ​មរតក​ដីធ្លី ផ្ទះសម្បែង រវាង​ឪពុកម្តាយ និង​កូន រវាង​ជីដូន​ជីតា និង​ចៅ និង​រវាង​ប្តី​ប្រពន្ធ ជាដើម​។​

​ការសម្រេច​ដោះស្រាយ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ ត្រូវបាន​សម្តេច​ហ៊ុនសែន ប្រកាស​សម្រេច​តាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​សម្តេច មុននឹង​ចេញ​អនុក្រឹត្យ និងសេចក្តីសម្រេច ហើយក៏​ត្រូវ​បានសម្រេច​បន្ថែមទៀត នៅក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ កាលពី​ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦​។​

​ដូច្នេះ អំ​ណេះ​តទៅ ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត អាចមាន​ឱកាស​ច្រើន ក្នុងសម័យ​បច្ចេកវិទ្យា​ទំនើប​នេះ ដើម្បី​លើកឡើង​នូវ​ទុក្ខលំបាក និង​បញ្ហា​ទាំងឡាយ ដែល​កំពុង​ជួបប្រទះ ជម្រាបជូន​ដោយផ្ទាល់​ទៅកាន់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន តាមរយៈ Account facebook របស់​សម្តេច ( Samdech Hun Sen, Cambodian Prime Minister Government Official )​។​

​ក្រៅពី​ការសម្រួល​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ ទៅលើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​បានចាប់ផ្តើម​អនុវត្ត កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ គេ​រំពឹងថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន នឹង​បន្ត​ចូល​ដោះស្រាយ​បញ្ហា​ទាំងឡាយ ដែលជា​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ដែល​កើតឡើង​រ៉ាំរ៉ៃ​យូរ​មកហើយ​។ នោះ​គឺ​ជម្លោះដីធ្លី​។​

​ព្រោះថា មកដល់ពេលនេះ ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៥ បាន​ដោះស្រាយ​បញ្ហា​ជាច្រើន​រួចមកហើយ រួមមាន ករណី ឈូក​បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ដែល​បាន​បាញ់​កម្មករ គឺ​ត្រូវបាន​បញ្ជូន ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង កាលពី​ចុងឆ្នាំ​២០១៥​។ ក្នុងពេល​ជាមួយគ្នា​នោះ បញ្ហា​ព្រំដែន ការផ្ទៀងផ្ទាត់​ផែនទី ក៏​ត្រូវបាន​រាជរដ្ឋាភិបាល ដោះស្រាយ នៅ​ចុងឆ្នាំ​២០១៥​។ បញ្ហា​អំពើពុករលួយ ក៏​ត្រូវបាន​ដោះស្រាយ​ជា​ហូរហែ​ជាប់​ជានិច្ច​។​

​សរុបមក កង្វល់​របស់​ប្រជាពលរដ្ឋ​ធំ​មួយទៀត ដែល​នៅសល់ មិនទាន់មាន​ដំណោះ​ស្រាយ គឺ​បញ្ហាដីធ្លី​។ បញ្ហាដីធ្លី​នេះ ជា​របៀបវារៈ​មួយ សម្រាប់​គណបក្សប្រឆាំង ឃោសនា​នៅពេល​បោះឆ្នោត​។ តែ​បើសិនជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន លូកដៃ ចូល​ដោះស្រាយ​ករណី​ដីធ្លី​នេះ​មួយទៀត នោះ​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៨ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ជាក់​ជាមិនខាន​៕​

បញ្ហាលំបាក​របស់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ពេលនេះ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល ដោះស្រាយ​ហើយ​!