វិចារណកថាៈ ពលរដ្ឋចង់ រស់សុខសាន្ត នៅក្នុងសង្គម

 រយៈពេលជាង ១០ថ្ងៃ នៃដើមខែមករា ឆ្នាំ២០១៦នេះ បទល្មើសផ្សេងៗ នៅតែកើតឡើង យ៉ាងពេញបន្ទុក ធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាភាពសុខសាន្ត របស់ប្រជាពលរដ្ឋ។ ជាក់ ស្តែងករណីប្លន់ប្រដាប់អាវុធ ចោរគាស់ផ្ទះ ចោរឆក់ ល្បែងស៊ីសង និងគ្រឿងញៀន នៅតែកើតមានគួរឲ្យព្រួយ បារម្ភ ហើយការបង្ក្រាបរបស់សមត្ថកិច្ច មិនទទួលបានលទ្ធផល ដែលធ្វើឲ្យប្រជាពលរដ្ឋមានការជឿជាក់នោះទេ។ ហេតុនេះហើយ ទើបប្រជាពលរដ្ឋទាំង នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា បានអំពាវនាវឲ្យអាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីរក្សា សន្តិសុខសង្គម។ ក្នុងនោះការលុបបំបាត់បទល្មើសផ្សេងៗ គឺជាកត្តាសំខាន់បំផុត ដើម្បីធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយសុខសាន្ត គ្មានការភ័យខ្លាចពីបញ្ហា អសន្តិសុខសង្គម។

 ថ្មីៗកន្លងទៅនេះ ក្រោយពេលមានអំពើប្លន់ប្រដាប់អាវុធកើតឡើងជាញឹកញាប់ នៅក្នុងខេត្តបាត់ដំបង ខេត្ត ពោធិ៍សាត់ ខេត្តកណ្តាល ខេត្តកំពត និងខេត្តកំពង់ស្ពឺជាដើម បានធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច យ៉ាងខ្លាំង ចំពោះបញ្ហាសុវត្ថិភាព ផ្ទាល់ខ្លួន។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ក៏បានដាក់ចេញ នូវវិធានការជាបន្តបន្ទាប់ ដើម្បីពង្រឹងសន្តិសុខសង្គមផងដែរ រហូតដល់មានការពង្រាយកម្លាំង សមត្ថកិច្ចតាម កន្លែង អាជីវករលក់មាស ប្តូរប្រាក់ និងវេរប្រាក់ជាដើម។ ទោះជាយ៉ាងណាបទល្មើសប្លន់ប្រដាប់អាវុធ និងអំពើ ចោរកម្មផ្សេងៗទៀត នៅតែកើតឡើងយ៉ាង រាលដាល ហើយបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងពុំមានការ ថយចុះនោះទេ ។ នៅតាមបណ្តាខេត្តមួយចំនួន ល្បែងស៊ីសង និងគ្រឿងញៀនត្រូវបានគេដឹងថា ជាប្រភពនាំ ឲ្យកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត ប៉ុន្តែមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមិនទាន់អាចលុបបំបាត់ បាននៅឡើយ។ មិនតែប៉ុណ្ណោះអំពើពាលាអាវាសែ និងករណីក្មេងស្ទាវដេញកាប់ចាក់គ្នា នៅតែបន្តកើតឡើង យ៉ាងអនាធិបតេយ្យ។

 ថ្មីៗនេះ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានព្រមានទៅដល់អធិការនគរបាលគ្រប់ខណ្ឌ ក្នុងរាជធានី ភ្នំពេញមិនឲ្យលាក់បាំង បទល្មើសដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ។ បទបញ្ជា របស់លោកស្នងការ នគរបាលរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋគាំទ្រថាជារឿងសមស្រប ព្រោះជាក់ស្តែង អធិការនគរបាលតាមបណ្តា ខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញបានលាក់បាំងបទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងខណៈដែលមានសេចក្តី រាយការណ៍ទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចទៅហើយ ។ ជាពិសេសនៅក្នុងខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យជាដើម បទល្មើសកើតឡើងយ៉ាង ពេញបន្ទុក ហើយសមត្ថកិច្ចមិនអាចទប់ស្កាត់ ប្រកបដោយ ប្រសិទ្ធ ភាពនោះទេ។ ក្នុងខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ត្រូវបានគេដឹងថា អំពើចោរកម្ម ល្បែងស៊ីសង និងគ្រឿងញៀន រាលដាលយ៉ាងខ្លាំងក្លា ហើយការបង្រ្កាបរបស់សមត្ថកិច្ចទទួលបានលទ្ធផលតិចតួចបំផុត។

 ទោះជាយ៉ាងណា មួយរយៈពេលចុងក្រោយនេះ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជា ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល និងបណ្តាខេត្តជាច្រើនទៀត បានបង្ហាញនូវ ការយកចិត្តទុកដាក់យ៉ាង ខ្លាំងក្នុងការពង្រឹងសន្តិសុខសង្គម។ ជាក់ស្តែងសមត្ថកិច្ចបង្ក្រាបក្រុមចោរ ប្លន់ប្រដាប់ អាវុធ ចោរឆក់ ចោរគាស់ផ្ទះ និងក្រុមជនសង្ស័យចែកចាយ ជួញដូរ ប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់។ ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាបញ្ជល់មាន់ បៀអាប៉ោង កន្ទុយលេខ និងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ក៏ត្រូវបង្ក្រាបជាបន្តបន្ទាប់ដែរ។ ចំណាត់ការរបស់សមត្ថកិច្ច និងមន្ត្រីអាជ្ញាធរក្នុងការពង្រឹងសន្តិសុខ សង្គមទទួល បាននូវការគាំទ្រ យ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋទូទៅ ព្រោះប្រជា ពលរដ្ឋចង់រស់នៅ ដោយសុខសាន្តក្នុងសង្គម ជាតិ។  ហេតុនេះហើយ ទើបប្រជាពលរដ្ឋជំរុញឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងសន្តិសុខសង្គម។

 អ្វីដែលប្រជាពលរដ្ឋ ជំរុញឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចអនុវត្តន៍ជាប់ជាប្រចាំនោះ គឺការលុបបំបាត់អំពើចោរកម្ម ល្បែង ស៊ីសង បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។ ប្រជាពលរដ្ឋទាំង នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន បានត្អូញត្អែរថា ក្នុងមូលដ្ឋានរបស់ពួកគាត់ កើតមានបទល្មើសសព្វបែប យ៉ាង ជាពិសេសអំពើចោរកម្ម ល្បែងស៊ីសង គ្រឿងញៀន និងបនបារ ពាលាអាវាសែ ជាដើម ហើយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមិនសូវយកចិត្តទុកដាក់ ទប់ស្កាត់ឲ្យបានទាន់ពេលវេលានោះទេ។ ទាក់ទងនឹងបញ្ហានេះ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគួរយកចិត្តទុកដាក់ឡើងវិញ ចំពោះអ្វីដែលប្រជាពលរដ្ឋ បានលើកឡើង ព្រោះប្រជាពលរដ្ឋចង់រស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយសុខសាន្ត គ្មានបញ្ហាអសន្តិសុខ នៅក្នុងសង្គម។ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏គួរពង្រឹង ឡើងវិញ នូវបញ្ហាសន្តិសុខសង្គមផងដែរ ដើម្បីធ្វើយ៉ាង ណាឲ្យឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋមានការជឿជាក់លើអាជ្ញាធរ និងសមត្ថកិច្ច៕