លោក ប្រាក់ សុវណ្ណារ៉ា ប្រមូលផ្ដុំ កីឡាករ Cambodian All Star ល្ងាចនេះ

ភ្នំពេញ៖ លោក ប្រាក់ សុវណ្ណារ៉ា នឹងធ្វើការប្រមូលផ្ដុំ កីឡាករក្រុម Cambodian All Star ថ្ងៃដំបូង នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីហ្វឹកហាត់ត្រៀមការ ប្រកួតមិត្តភាពអន្ដរជាតិ កម្ពុជា-ថៃ ជាមួយនឹងក្រុមជើងឯក រងលីកំពូលថៃ Muangthong United នាថ្ងៃទី១៦ ខែមករានេះ នៅលើទីលាន ពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកថវិការ សប្បុរសធម៌ជួយ មន្ទីរពេទ្រគន្ធបុប្ឋា។

គ្រូបង្គោលមកពី ក្លឹបបឹងកេតអង្គរនេះ ត្រូវបានសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា (FFC) តែងតាំងជាគ្រូបង្វឹក ក្រុម Cambodian All Star ។ ទន្ទឹមជាមួយគ្នានោះ លោក ប្រាក់ សុវណ្ណារ៉ា បានជ្រើសរើសកីឡាករក្នុងស្រុក ១២នាក់  និងកីឡាករបរទេស ៨នាក់ ដែលប្រកបអាជីព តាមបណ្ដាក្លឹបជាសមាជិក លីកកំពូលកម្ពុជា ដើម្បីទប់ទល់ជាមួយក្រុមខ្លាំងថៃ ។

បុរសវ័យ ៤៣ឆ្នាំរូបនេះ ធ្លាប់បានលើកឡើងថា ទោះបីការប្រមូលផ្ដុំមានរយៈខ្លី ប៉ុន្ដែទឹកចិត្តកីឡាករ ដែលចូលរួមជាមួយនឹងក្រុម Cambodian All Star គឺពុះកញ្រ្ចោលជាខ្លាំង ទាំងកីឡាកក្នុងស្រុក និងកីឡាករបរទេស នៅក្នុងការត្រៀមខ្លួន ជួបប្រកួតជាមួយក្រុម Muangthong United ក៏ដូចជាក្រុមជើងឯក លីកកំពូលថៃ Buriram United នៅថ្ងៃទី២៣ ខែមករាខាងមុខ ។

លោកបានបញ្ជាក់ថា ការប្រកួតនេះ មានសារៈសំខាន់ ២យ៉ាងធំ គឺទី១ បញ្ជាក់ឲ្យឃើញពីភាព រីកចម្រើននៃ វិស័យបាល់ទាត់កម្ពុជា មានន័យថា នេះជាការប្រកួត ប្រវត្តិសាស្ដ្រ ដែលកម្ពុជាប្រកួត ជាមួយក្រុមខ្លាំងៗ របស់ថៃ ដែលនឹង ធ្វើឲ្យពិភពលោកចាប់អារម្មណ៍ ។ ទី២ ការប្រកួតនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ ព្រោះជាការប្រកួតស្បុរសធម៌ ដើម្បីស្វែងរកថវិការ ជួយដល់មន្ទីរពេទ្រគន្ធបុប្ឋា។

គួរបញ្ជាក់ថា កម្មវិធីប្រកួតដ៏ អស្ចារ្យនេះ គឺនៅថ្ងៃទី១៦ ខែមករា ក្រុម Cambodian All Star ត្រូវជួបក្រុម Muangthong United រីឯថ្ងៃទី២៣ ខែមករា ក្រុមម្ចាស់ផ្ទះកម្ពុជា នេះដដែល ត្រូវជួបក្រុមខ្លាំង Buriram United នៅលើទីលាន ពហុកីឡដ្ឋានជាតិដូចគ្នា។ សំបុត្រចូលទស្សនាមានតម្លៃ ១ដុល្លារ សម្រាប់កន្លែង អង្គុយអត់មានដំបូល និង ២ដុល្លារ សម្រាប់កន្លែងអង្គុយ មានដំបូល ប៉ុន្ដែថវិការទទួល បានពីការលក់សំបុត្រនេះ នឹងផ្ដល់ជូនមន្ទីរពេទ្រគន្ធបុប្ឋាទាំងអស់៕

លោក ប្រាក់ សុវណ្ណារ៉ា ប្រមូលផ្ដុំ កីឡាករ Cambodian All Star ល្ងាចនេះ

លោក ប្រាក់ សុវណ្ណារ៉ា ប្រមូលផ្ដុំ កីឡាករ Cambodian All Star ល្ងាចនេះ