សាវិន ហ្វីលីព និយាយ​ជា​មួយ Angelina Jolie រឿង​ជួយ​កុមារ​នៅ​កម្ពុជា​

សាវិន ហ្វីលីព និយាយ​ជា​មួយ Angelina Jolie រឿង​ជួយ​កុមារ​នៅ​កម្ពុជា​

តារា​សម្ដែង​ជើងចាស់ សាវិន ហ្វីលីព បាន​ជួប​ជា​មួយ​អ្នក​ស្រី Angelina Jolie កាល​ពី​ពេល​ថ្មីៗ​នេះ​ ដោយ​បាន​​លើក​ឡើង​​ពី​កិច្ចការ​ខ្លះៗ​របស់​មូលនិធិ​សាវិន​កម្ពុជា ហើយ​​ស្នើ​​ឲ្យតារា​លំដាប់​ពិភព​​​ខាង​លើ ​ជួយ​ដល់​មូលនិធិ​របស់​លោក។

 

សាវិន ហ្វីលីព និយាយ​ជា​មួយ Angelina Jolie រឿង​ជួយ​កុមារ​នៅ​កម្ពុជា​

 

ជំនួប​ដ៏​​កម្រ​​នេះ កើត​ឡើង​នៅ​​លើ​ទឹក​ដី​​ខេត្ត សៀមរាប កាល​ពី​ថ្ងៃ​ទី០៦ ខែ មករា ឆ្នាំ២០១៦  គ្រា​ដែល​អ្នក​អ្នក​ស្រី Angelina Jolie កំពុង​តែ​មមាញឹក​ថត​​ខ្សែភាពយន្ត​របស់​ខ្លួន រឿង «​ដំបូង​ខ្មែរក្រហម សម្លាប់​ឪពុក​ខ្ញុំ​»​ ឬ​«First they killed my father» ។

 

លោក សាវិន ហ្វីលីប   បន្ត​ថា អ្នក​ស្រី Angelina Jolie បាន​សរសើរ​​ជា​ខ្លាំង​ ពី​កិច្ចការ​មនុស្ស​ធម៌​​របស់​មូលនិធិ​សាវីន​កម្ពុជា​ ដែល​កំពុង​ដំណើរការ​បច្ចុប្បន្ន​។  អ្នក​ស្រី​បាន​ប្រាប់​ទៅ​លោក​វិញ​ថា ប្រសិន​បើ​មាន​កិច្ចការ​មួយ​ចំនួន​ទាក់​ទាក់​ទង​នឹង​កុមារ ផ្ញើ​ផែន​ការណ៍​​ទាំង​នោះ​ឲ្យ​អ្នក​ស្រី​ដឹង។

 

តារា​​កម្ពុជា​ដដែល​បន្ថែម​ថា លោកបាន​​ជូន​គំនូរ​១ផ្ទាំង​​ ទុក​ជា​អនុស្សាវរីយ៍​ដល់​​អ្នក​ស្រី​Angelina Jolie  នឹង​បាន​អញ្ជើញ​តារា​ហូលីវូដ​ម្នាក់​នេះ ទៅ​ចូល​រួម​ខួប​គម្រប់​១៧ឆ្នាំ របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ ៣០ ខែ មករា ឆ្នាំ ២០១៦​​​ ខាង​មុខ។

 

ប្រភព​​គួរឲ្យ​ទុក​ចិត្ត​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា រឿង «​ដំបូង​ខ្មែរក្រហម សម្លាប់​ឪពុក​ខ្ញុំ​»​ ឬ​«First they killed my father» របស់​អ្នក​ស្រី Angelina Jolie  ដែល​កំពុង​តែ​​សម្រុក​ថត​ក្នុង​ទឹក​ដី​ខេត្ត សៀមរាប ក៏​មាន​វត្តមាន​លោក សាវិន ហ្វីលីព ចូលរួម​សម្ដែង​​​ដែរ។ ​ក្នុង​នោះ លោក​ដើរ​តួ​ជា​មេ ខ្មែរ​ក្រហម​​ និង​មាន​ប្លង់​​ថត​​ចំនួន​ ១៥ថ្ងៃ​ឯណោះ។ នេះ​ក៏​ជា​​ហេតុ ​​ធ្វើ​ឲ្យ​លោក​មាន​ឱកាស​បាន​ជួប Angelina Jolie។

 

ទោះ​បី​ជា​មាន​ការ​លើក​ឡើង​ពី​ប្រភព​ខាង​លើ​​នេះ​ក្ដី សាវិន ហ្វីលីប ដែល​ជា​ឯក​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​របស់​អង្គការបារាំង CGF Foundation និង​ជា​ម្ចាស់​គម្រោង “កុមារ​សាវិន​កម្ពុជា” មិន​​បាន​អត្ថាធិប្បាយ​ពី​បញ្ហា​ថត​ភាព​យន្ត​នោះ​ឡើយ៕

 

អត្ថបទ៖ ខុត សីហា ​​​​​​​