បញ្ចាំង​មួយ​ថ្ងៃ​ដំបូង​នៅ​ចិន «Star Wars» រក​បាន​៣៣លាន​ដុល្លារ


បន្ទាប់ពីបានបំបែកឯកត្តកម្ម នៅទ្វីបអាមេរិកខាងជើង និងនៅអ៊ឺរ៉ុបរួច ភាពយន្ដវគ្គចុងក្រោយ នៃ​កម្រង​រឿង «សង្គ្រាម​ផ្កាយ (Star Wars)» បានចេញបញ្ចាំងនៅក្នុងប្រទេសចិន ជាមួយនឹងភាព​ភ្ញាក់ផ្អើល​​ប្រហែល​គ្នា។ នៅ​មួយ​ថ្ងៃ​សៅរ៍ ដែល​ជា​ថ្ងៃ​ចេញ​បញ្ចាំងដំបូង ចំណូលដែលរកបាន ពីការលក់សំបុត្រ មានកម្រិត​ដល់​ទៅ​ជាង៣៣លាន​ដុល្លារ។
បញ្ចាំង​មួយ​ថ្ងៃ​ដំបូង​នៅ​ចិន «Star Wars» រក​បាន​៣៣លាន​ដុល្លារ

រូបភាពផ្សាយពាណិជ្ជកម្ម របស់ភាពយន្ដ «សង្គ្រាមផ្កាយ» វគ្គទី៧ នៅក្នុងប្រទេសចិន។ (រូបថត imaginechina)

តាមការប៉ាន់ប្រមាណជាជំហានដំបូង របស់ផលិតកម្ម ឌីស្នេ (Disney) វគ្គទី៧ដែលមានចំណងជើង «The Force Awakens (កម្លាំងងើបឡើង)» នៃខ្សែភាពយន្ដ «Star Wars» កំពុងទទួលបាន នូវភាពជោគជ័យ នៅ​ក្នុង​ប្រវត្តិសាស្ត្រភាពយន្ដ នៃប្រទសចិន ដោយគ្រាន់តែក្នុងមួយថ្ងៃសៅរ៍ នៃការចេញបញ្ចាំងដំបូង ភាពយន្ដ​អាមេរិក​មួយ​នេះ រកចំណូលបានដល់ទៅជាង៣៣លានដុល្លារ។

ប៉ុន្តែផលិតកម្ម បានអះអាងកាលពីថ្ងៃអាទិត្យនេះថា តួលេខខាងលើនេះ មិនមានការអះអាងជាក់លាក់ ណាស់​ណា​ទេ។ ផលិតកម្មបានអះអាងថា៖ «យើងគ្រាន់តែអាចផ្ដល់ជូន នូវការប៉ាន់ប្រមាណ នៃចំណូល​ជា​សរុប​ប៉ុណ្ណោះ ដោយសាររាល់តួលេខដែលទទួលបាន មិនទាន់មានលក្ខណៈ ជាផ្លូវការនៅឡើយ។ ប៉ុន្តែ​រាល់​ទិន្នន័យទាំងនោះ បានប្រាប់យើងថា ចំណូលមានចំនួនច្រើនជាង ៣៣លានដុល្លារ សម្រាប់ថ្ងៃ​សៅរ៍​ដំបូង​មួយ​គត់។»

ផលិតកម្មដ៏ធំ របស់អាមេរិកមួយនេះ បានបញ្ជាក់ទៀតថា៖ «តួលេខនេះ ជាកម្រិតធំជាងពេលណាទាំងអស់ បើប្រៀបធៀបការចេញបញ្ចាំងដំបូងៗ នៃភាពយន្ដទាំងឡាយ របស់ឌីស្នេ នៅក្នុងប្រទេសចិន»។

នៅមុខចេញបញ្ចាំង នៅក្នុងប្រទេសចិន ភាពយន្ដនេះ បានចេញបញ្ចាំង នៅក្នុងទ្វីបអាមេរិកខាង​ជើង​រួច​ហើយ។ ត្រឹមតែបីសប្ដាហ៍ នៅលើផ្ទាំងសំពត់ស នៃបណ្ដារោងភាពយន្ដ ក្នុងមានប្រទេសម៉ិកស៊ិក អាមេរិក និងកាណាដា ភាពយន្ដរកចំណូលបាន ដល់ទៅ ៧៦៤,៤លានដុល្លារ។ បើគិតជាតួលេខសរុប នៅក្នុង​ពិភពលោក​ទាំងមូល ភាពយន្ដវគ្គទី៧ នៃ«សង្គ្រាមផ្កាយ» រកបានចំណូល​មកទល់នឹងពេលនេះ ប្រមាណជា ១,៧៣កោដ​ដុល្លា ត្រូវនឹងចំណាត់ថ្នាក់លេខ៣ នៅពីក្រោយភាពយន្ដ ដឹកនាំដោយសមិទ្ធិករ ជេម កាមឺរូន (James Cameroun) រឿង «Avatar» (២,៧៩កោដដុល្លារ) «Titanic» (២,១៩កោដដុល្លារ) ហើយ​ទើប​នឹង​ទម្លាក់ភាពយន្ដ «Jurassic World» (១,៦៧កោដដុល្លារ) ដែលដឹកនាំដោយសមិទ្ធិករ ខូលីន ត្រេវូរូវ (Colin Trevorrow) ឲ្យធ្លាក់ទៅនៅចំណាត់ថ្នាក់ទី៤។

យើងរងចាំមើល នៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ ដើម្បីចង់ដឹងថា តើភាពយន្ដវគ្គចុងក្រោយ នៃ​«សង្គ្រាម​ផ្កាយ»​នេះ នឹងអាចបំបាក់ឯកត្តកម្ម នៃភាពយន្ដទាំងពីរខាងលើ បានដែរឬទេ? គួរជ្រាបដែរថា ផលិតកម្ម​ឌីស្នេ បានទិញភាពយន្ដនេះទាំងមូល ពីលោក ហ្សក លូកាស (George Lucas) ម្ចាស់ផលិកម្ម លូកាសហ្វីម (Lucas Film) ដែលជាអ្នកបង្កើតរឿងនេះ ក្នុងតម្លៃ៤កោដដុល្លារ កាលពីឆ្នាំ២០១២កន្លងទៅ៕