សុខភាព &raquo សុខភាព

ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពីសា​លា​សុខាភិបាល Harvard សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា បុព្វហេតុ​ចម្បង​ដែល​នាំ​ឱ្យ​មនុស្ស​វ័យ​ចំណាស់​ពិបាក​ដេក​លក់​ក្នុង​ពេល​យប់ ពីព្រោះ​ស្ថិត​ក្នុង​វ័យ​នេះ​កោសិកា​ដែល​បញ្ជា​ខួរក្បាល​មួយ​ចំនួន​ចាប់ផ្តើម​បាត់បង់ ។

ពួក​គេ​បាន​បញ្ជាក់​ថា បណ្តា​កោសិកា​មួយ​ដែល​មាន​នាទី​បិទ​ចោល​រាល់​ការ​គិត​របស់​ខួរក្បាល​(​កោសិកា​ប្រសាទ​)​បាន​រេចរឹល​បន្តិច​ម្តង​ៗ​នៅ​ពេល​មនុស្ស​យើង​មាន​វ័យ​កាន់តែ​ចាស់​ទៅ បញ្ហា​នេះ​ហើយ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ដល់​ដំណេក ។

តាម​រយៈ​ព្រឹត្តិបត្រ Brain លោក​សាស្ត្រា ចា​រ្យ Clifford Saper ជា​អ្នកដឹកនាំ​ការ​សិក្សា​បាន​បញ្ជាក់​ថា ជា​មធ្យម​បុគ្គល​ដែល​ស្ថិត​ក្នុង​វ័យ​ខ្ទង់​៧០​ឆ្នាំ​គឺ​បាត់បង់​ដំណេក​ក្នុង​មួយ​យប់​ប្រហែលជា​១​ម៉ោង​ធៀប​ទៅ​នឹង​បុគ្គល​វ័យ​ខ្ទង់​២០​ឆ្នាំ ។ ការ​បាត់បង់​កោសិកា​ប្រសាទ​ទាំងនេះ​រួម​ផ្សំ​នឹង​ការ​កើត​មាន​ជំងឺ​ភ្លេចភ្លាំង​ផង​គឺជា​ហេតុផល​សំខាន់​ដែល​មនុស្ស​វ័យ​ចំណាស់​ដេក​មិនសូវ​លក់​ក្នុង​ពេល​យប់ ។ ដូច្នេះ​លទ្ធផល​លើក​នេះ​អាច​នឹង​នាំ​ផ្លូវ​ឆ្ពោះទៅ​រក​វិធីសាស្ត្រ​ថ្មី​ៗ​ដើម្បី​កាត់​បន្ថយ​បញ្ហា​ដំណេក​របស់​មនុស្ស​ចាស់ ។
សាស្ត្រាចារ្យ​ដដែល​បាន​បន្ថែម​ថា បាត់បង់​ដំណេក​និង​ការ​ដេក​ភ្ញាក់​ៗ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ឱ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ក្នុង​នោះ​មាន​ដូច​ជា ខូច​ប្រព័ន្ធ​ទទួល​ចំណេះដឹង សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​បេះដូង​និង​ទឹកនោមផ្អែម​ប្រភេទ​-២​ជាដើម ។

សូម​បញ្ជាក់​ថា លទ្ធផល​ខាង​ដើម​នេះ​កើត​ចេញពី​ការ​ពិសោធ​ជា​២​ដំណាក់កាល​ដាច់​ដោយឡែក​ពី​គ្នា​គឺ​លើ​សត្វ​កណ្តុរ និង​ដំណាក់កាល​ចុង​ក្រោយ​ពិសោធ​លើ​មនុស្ស​៤៥​នាក់​វ័យ​ពី​៦៥​ឆ្នាំ​ដល់​៨៩​ឆ្នាំ​ដោយ​ប្រើ​រយៈពេល​១០​ឆ្នាំ​ប្លាយ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព