ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ក្រុម​សន្តិសុខកន្លែង​ផ្ញើម៉ូតូនៅ​​ផ្សារ​ធំ​ទួល​សង្កែ​​ប្រមាណ​ជា​១០នាក់​ព្រួត​គ្នា​វាយ​អ្នក​​ផ្ញើ​ម៉ូតូ​​​ម្នាក់​​បណ្តាល​ឱ្យរង​​របួស​បាក់​ដៃ និង​​បែក​ក្បាល​​៣កន្លែង​ថេរ​១០​ថ្នេរ ​​បង្ក​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​​វេលា​ម៉ោង​៤និង​៣០នាទីរសៀល​ថ្ងៃទី​១០ មករា ២០១៦ ​នៅ​កន្លែង​ផ្ញើម៉ូតូ​ក្នុង​ផ្សារធំ​ទួល​សង្កែ ស្ថិតនៅ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។​

​យុវជន​រង​គ្រោះ​​ឈ្មោះ ​ធាត់ ណារ៉ុង​ ជា​កម្ម​ករ ស្នាក់​នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ​។ ចំណែក​​ជន​សង្ស័យ​ដៃ​ដល់​​ទាំង​១០នាក់​ជា​ក្រុម​សន្តិ​សុខ​កន្លែង​ផ្ញើ​​កង់-​ម៉ូតូ​ នៅ​​ផ្សារធំ​ទួលសង្កែ ។

​ក្រោយ​ពី​កើត​ហេតុ ​យុវជន​រង​គ្រោះ​​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​​នៅ​ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​​ទួល​សង្កែ ដោយ​រៀប​រាប់​ថា មុន​​ពេល​កើតហេតុ គាត់​និង​មិត្តភក្តិ​​​មាន​គ្នា​៤នាក់​​ជិះ​ម៉ូតូ​២គ្រឿង​​យក​ទៅ​​ផ្ញើ​នៅ​​កន្លែង​ផ្ញើ​កង់-ម៉ូតូ​​ខាង​លើ រួច​ចាក់​សោ.ក​​​​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ​​ ​លុះ​​ពេល​ត្រឡប់​មក​វិញ​​ម៉ូតូ​គាត់​​ធូរ​ ក៏​សួរ​ទៅ​ក្រុម​​សន្តិសុខ​​ ​​ស្រាប់​តែ​​ក្រុម​សន្តិ​សុខ​​ឆ្លើយ​ថា ឯង​ដឹង​ថា​ឯង​ខុស​អីទេ?​ ​គឺ​យក​ម៉ូតូ​មក​ផ្ញើ​​ចាក់​សោ.ក​ទៀត ​​។ ជន​រង​​គ្រោះ​​​ក៏​​បាន​ឆ្លើយ​ថា ​​ជាទម្លាប់​ពេល​យក​ម៉ូតូ​មក​ផ្ញើ​គាត់​តែង​តែ​ចាក់​សោ.ក ​​​​​​​​ហើយ​​ក៏​បណ្តាល​ឱ្យ​ទៅ​ជា​ជម្លោះ​ពាក្យ​សម្តី​គ្នា ​ស្រាប់​តែ​ក្រុម​​សន្តិសុខ​ទាំង​១០នាក់​​​ស្ទុះ​មក​​​ព្រួត​គ្នា​វាយ​​​​​បណ្តាល​ឱ្យ​​រង​​របួសបាក់​ដៃ និង​​បែក​ក្បាល​ថេរ​១០​ថ្នេរ​បែបនេះ  ។ បន្ទាប់មក ​​ក្រុម​គ្រួសារ​​​ជន​រង​គ្រោះ​​​បាន​មក​ដល់​កន្លែង​កើតហេតុ​​ដើម្បី​សួរ​នាំ ក៏​ត្រូវ​ក្រុម​​សន្តិសុខ​ទាំង​នោះ ​ព្រួត​គ្នា​ដេញ​វាយ​ដែរ​ ។​

ជុំ​វិញ​​​ពាក្យ​បណ្តឹង​របស់​ជន​រងគ្រោះ​ខាង​លើ​ ​សមត្ថកិច្ច​​បាន​និង​កំពុង​​ធ្វើ​ការ​ស្រាវ​ជ្រាវ​​​ ដើម្បី​ចាប់​ជន​​ដៃ​ដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព