យុវវ័យនៅភ្នំពេញ ពេលទំនេរ ពីការសិក្សា និងការងារ គេចូលចិត្ត ទៅណាខ្លះ?

ភ្នំពេញ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថា យុវវ័យខ្មែរមួយចំនួន ហាក់បីដូចជា មានភាពមមារញឹកខ្លាំងណាស់ ក្នុងការសិក្សា ក៏ដូចជាការងារប្រចាំថ្ងៃ ដោយមិនសូវមានពេលទំនេរច្រើនប៉ុន្មានដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែមិនភ្លេច ការសម្រាកលំហែខួរក្បាលពេលទំនេរ ក្រោយការសិក្សា និងការងារផងដែរ។

ជាមួយគ្នានោះ គេតែងសង្កេតឃើញថា ទីកន្លែងក្នុងរាជធានីភ្នំពេញ ចំនួន ៣កន្លែង យុវវ័យតែងតែទៅអង្គុយ និងជជែកគ្នាលេងយ៉ាងច្រើនកុះករ ជាពិសេសនៅថ្ងៃចុងសប្តាហ៍តែម្តង។ តាមដានទីកន្លែងទាំងនោះ នៅខាងក្រោមជាមួយខ្មែរឡូតទាំងអស់គ្នា៖

១) សួនច្បារក្បែរវិមានឯករាជ្យ

នៅរសៀលវេលាម៉ោង ប្រហែលពី ៥ល្ងាចទៅ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ គេតែងសង្កេតឃើញ យុវវ័យជាច្រើន មកអង្គុយលេងកម្សាន្ត នៅត្រង់ចំណុចសួនច្បារក្បែរវិមានឯករាជ្យ ទល់មុខនឹងវត្តលង្កា ដោយមានអ្នកខ្លះ មកជាមួយមិត្តភក្តិ រីឯអ្នកខ្លះទៀត មកជាមួយមិត្តរួមការងារ និងអ្នកមួយចំនួនទៀត មកជាមួយសង្សារជាដើម។

យុវវ័យនៅភ្នំពេញ ពេលទំនេរ ពីការសិក្សា និងការងារ គេចូលចិត្ត ទៅណាខ្លះ?

ជួបជាមួយយុវជនឈ្មោះ រ៉ា ជានិស្សិតឆ្នាំទី៣ នៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់មកកាន់ ខ្មែរឡូត ឲ្យដឹងថា គេតែងមកអង្គុយលេងនៅទីនេះ ស្ទើរតែរៀងរាល់ចុងសប្តាហ៍ទៅហើយ។ រ៉ា និយាយថា៖ «ខ្ញុំតែងមកអង្គុយលេងនៅទីនេះ ស្ទើរតែរាល់ចុងសប្តាហ៍ហ្នឹង ជាមួយមិត្តភក្តិខ្ញុំ ២-៣នាក់ទៀត។ ខ្ញុំមកអង្គុយ ជជែកគ្នាលេង ពីនេះពីនោះ រួមទាំងការងារសាលា និងដើម្បីស្រូបយកខ្យល់អាកាស បណ្តូរអារម្មណ៍ កុំឲ្យស្មុគខួរពេក»។

យុវជន វ័យ២០ឆ្នាំ រូបនេះ ក៏បានប្រាប់ពីមូលហេតុ ដែលខ្លួនចូលចិត្ត មកអង្គុយលេងនៅទីនេះ ឲ្យដឹងផងដែរថា «...ដោយសារតែ នៅទីនេះ មានខ្យល់អាកាសល្អ ខ្យល់បក់មកល្វើយៗ ត្រជាក់សាច់ ណាមួយអង្គុយទីនេះ បានមើលគេឯង ជិះទៅវិញទៅមកទៀតផង។ ម្យ៉ាងទៀត ទេសភាពនៅទីនេះ គឺល្អអត់ខ្ចោះហ្មង... នេះគ្រាន់តែជា គំនិតខ្ញុំទេ ព្រោះអីមានទាំង សួនច្បារ និងវិមានឯករាជ្យ មើលទៅធ្វើឲ្យយើង ស្រស់ស្រាយ នៅក្នុងចិត្តហ្មង»។

យុវវ័យនៅភ្នំពេញ ពេលទំនេរ ពីការសិក្សា និងការងារ គេចូលចិត្ត ទៅណាខ្លះ?

មិនខុសគ្នាប៉ុន្មាន ពីយុវជន រ៉ា ឡើយ យុវតីឈ្មោះ តី អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) បានប្រាប់ស្រដៀងគ្នានេះដែរថា «ខ្ញុំ និងមិត្តភក្តិ ប៉ុន្មាននាក់ទៀត តែងមកអង្គុយលេងនៅទីនេះ ស្ទើរតែរាល់ថ្ងៃទៅហើយ ក្រោយទំនេរពីការសិក្សា ព្រោះអីនៅទីនេះ ខ្យល់អាកាសត្រជាក់ ស្រួលខ្លួនណាស់ ណាមួយបានមកអង្គុយលេង ស្រូបយកខ្យល់អាកាសនៅទីនេះ គឺពិតជាធ្វើឲ្យអារម្មណ៍ ស្រស់ស្រាយ ល្អណាស់»។

២) កោះពេជ្រ

ក្រឡេកទៅមើល នៅឯមជ្ឈមណ្ឌលកំសាន្ត កោះពេជ្រ វិញម្តង។ គ្រាន់តែលឺថា កោះពេជ្រ ប្រិយមិត្តប្រាកដ ជាបានដឹងហើយថា មានមនុស្សច្រើនកុះករ ទៅកំសាន្តនៅទីនោះ ជាពិសេស គឺយុវវ័យតែម្តង។ មិនខុសអីប៉ុន្មាន ពីសួនច្បារក្បែរវិមានឯករាជ្យឡើយ ឲ្យតែពេលល្ងាច ម៉ោងប្រមាណជា ៥ ទៅ ៦ គេតែងសង្កេតឃើញ មនុស្សម្នាជាច្រើន មិនថាក្មេងចាស់ ប្រុសស្រីឡើយ តែងមកលំហែអារម្មណ៍នៅកោះពេជ្រ។

ជួបជាមួយយុវជនឈ្មោះ រតនា គឺជានិស្សិតឆ្នាំទី៤ នៃសកលវិទ្យាល័យ ជាតិគ្រប់គ្រង (NUM) ដែលមកអង្គុយលេង ត្រង់ចំណុច មុខរោងមហោស្រពកោះពេជ្រ បានប្រាប់ ខ្មែរឡូត ឲ្យដឹងថា «ខ្ញុំមិនសូវមានពេលទំនេរទេ ព្រោះរវល់រៀនផង ធ្វើការផង និងមានកិច្ចការជាច្រើន ត្រូវធ្វើនៅផ្ទះ ប៉ុន្តែនៅពេលណា ដែលខ្ញុំទំនេរ ខ្ញុំតែងទូរស័ព្ទ ទៅរកមិត្តភក្តិ ២-៣នាក់ ណាត់ពួកគេ ឲ្យមកជួបគ្នានៅទីនេះ ដើម្បីអង្គុយជជែកគ្នាលេង ទើបទៅញ៉ាំអី នៅខាងក្រៅបន្ត»។

រតនា បានប្រាប់ពីមូលហេតុ ឲ្យដឹងដែរថា «...ដោយសារតែ វាមានទីធ្លាធំទូលាយ ហើយខ្យល់អាកាសក៏ល្អ ម្យ៉ាងមានមនុស្សម្នាជាច្រើន មកអង្គុយទីនេះដែរ គ្រាន់បានមើលគេឯង ជាពិសេសស្រីស្អាត ជិះឆ្លងកាត់តាមនេះ តែម្តង»។

យុវវ័យនៅភ្នំពេញ ពេលទំនេរ ពីការសិក្សា និងការងារ គេចូលចិត្ត ទៅណាខ្លះ?

ងាកមកជួបយុវជនឈ្មោះ សីហា ដែលកំពុងអង្គុយលេង ជាមួយមិត្តភក្តិជាច្រើន ត្រង់ចំណុចក្រោយ City Hall ក្នុងមជ្ឍមណ្ឌលកំសាន្តកោះពេជ្រ វិញម្តង ដោយយុវជនវ័យ ២១ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា «ពេលទំនេរ ពីការសិក្សា ប្រហែលម៉ោង ៦-៧យប់ ខ្ញុំ និងមិត្តភក្តិជាច្រើន តែងមកអង្គុយលេងនៅទីនេះ ស្ទើរតែរាល់ថ្ងៃ... អង្គុយប្រហែល ១ម៉ោងអី ខ្ញុំទៅញ៉ាំអីជុំគ្នា ជាមួយមិត្តភក្តិ ទើបត្រលប់ទៅផ្ទះវិញ ព្រោះមិនហ៊ាននៅយប់ពេកទេ។ នៅទីនេះ មិនសូវជាភ្លឺពេក ហើយក៏មិនសូវជាងងឹតពេកដែរ រីឯខ្យល់វិញបក់មកត្រជាក់រហឹមហ្មង... ខ្ញុំចូលចិត្ត បរិយាកាស បែបនេះណាស់។ ពេលខ្លះទៅ មានយុវវ័យផ្សេងទៀត ដែលមានឡានជិះ គេបើកចម្រៀង ពីក្នុងឡានមកស្តាប់ទៅដូចជា រូម៉ែនទិកខ្លាំងណាស់... កន្លែងល្អ អស់ត្រឹមហ្នឹងហើយ... បរិយាកាសក៏ល្អ ចម្រៀងក៏មានស្តាប់ ប៉ុណ្ណឹងហើយចង់បានអីទៀត...»។

យុវវ័យនៅភ្នំពេញ ពេលទំនេរ ពីការសិក្សា និងការងារ គេចូលចិត្ត ទៅណាខ្លះ?

៣) ត្រើយម្ខាង

ចំនែកឯត្រើយម្ខាង (ជ្រោយចង្វារ) ឯណេះវិញ ក៏មិនខុសគ្នាប៉ុន្មានពីសួនច្បារ ក្បែរវិមានឯករាជ្យ និងមជ្ឈមណ្ឌលកំសាន្តកោះពេជ្រដែរ ទាំងបរិយាកាស ក៏ដូចជាទេសភាព។

ជារៀងរាល់ពេលល្ងាច និងយប់ គេតែងសង្កេតឃើញ មនុស្សម្នាជាច្រើន ជាពិសេសយុវវ័យ តែងមកអង្គុយជួបជុំគ្នា ដោយអ្នកខ្លះ មកជាគូ និងអ្នកខ្លះទៀត មកជាលក្ខណៈមិត្តភក្តិ អង្គុយនៅលើបង់តាមបណ្តោយសួរច្បារ ដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ និងមើលទៅកាន់ទេសភាពទីក្រុង នាពេលរាត្រី។

យុវវ័យនៅភ្នំពេញ ពេលទំនេរ ពីការសិក្សា និងការងារ គេចូលចិត្ត ទៅណាខ្លះ?

ជួបជាមួយ យុវជនឈ្មោះ ឌី ជានិស្សិត ឆ្នាំទី៤ នៃសាកលវិទ្យាល័យ ន័រតុន ដែលកំពុងអង្គុយជជែកគ្នាលេង ជាមួយមិត្តភក្តិ មួយក្រុមបានប្រាប់ ខ្មែរឡូត ឲ្យដឹងថា «ក្រោយចេញពីរៀន ខ្ញុំ និងមិត្តភក្តិ រៀនថ្នាក់ជាមួយគ្នា ៤-៥នាក់ តែងមកអង្គុយលេងនៅទីនេះ ដើម្បីជជែកគ្នាលេង ប្រហែលកន្លះម៉ោងទៅ ១ម៉ោង ទើបត្រលប់ទៅផ្ទះវិញ... ព្រោះអីនៅទីនេះ ក្បែរសាលាស្រាប់ និងមានខ្យល់អាកាសល្អ។ ពេលចេញពីរៀន បានមកស្រូបយកខ្យល់អាកាសបែបនេះ គឺមានអារម្មណ៍ថា ស្រស់ស្រាយណាស់។ ម្យ៉ាងទៀត បានមើលគេមើលឯង និងមើលទៅ ម្តុំមុខវាំង-មាត់ទន្លេ ឃើញទេសភាពទីក្រុង គឺពិតជាស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។ ចំនែកឯថ្ងៃខ្លះវិញ ពួកខ្ញុំក៏បានទិញអី មកញ៉ាំជុំគ្នានៅទីនេះដែរ ព្រោះអីបរិយាកាស ពិតជាអំណោយផលខ្លាំងណាស់»។

យ៉ាងណាមិញ មិត្តភក្តិជាច្រើន របស់យុវជនឈ្មោះ ឌី ក៏បានយល់ស្រប ចំពោះសំដី យុវជនឈ្មោះ ឌី ដែលបាននិយាយរៀបរាប់ ប្រាប់មកកាន់ ខ្មែរឡូត ផងដែរ។

យុវវ័យនៅភ្នំពេញ ពេលទំនេរ ពីការសិក្សា និងការងារ គេចូលចិត្ត ទៅណាខ្លះ?

ចុះប្រិយមិត្តវិញ តើយល់យ៉ាងណាដែរ ចំពោះទីកន្លែង ទាំង ៣ ខាងលើនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត