ព្រះមហាក្សត្រថៃ ហាក់ធូរស្បើយច្រើន ពីជំងឺរលាកសួត និង សន្លាក់

បាងកក៖ ព្រះមហាក្សត្រថៃ ដែលគ្រងរាជ្យ យូរជាងគេនៅលើសកលលោក ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានធូរស្បើយបន្តិចហើយ ពីអការៈរោគ រលាកសួត និង សន្លាក់ឆ្អឹងជង្គង់ ដែលបានញាំញីព្រះកាយព្រះអង្គ អស់ជាច្រើនឆ្នាំ។ នេះបើតាមព័ត៌មានដែលក្យូដូ ដកស្រង់ ចេញពីសេចក្តីថ្លែងការណ៍របស់ការិយាល័យ ព័ត៌មាននៃព្រះបរមរាជវាំងថៃ នៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ ២០១៦។

គួរបញ្ជាក់ថា ព្រះមហាក្សត្រ ថៃមានព្រះជន ៨៨ ព្រះវស្សាទៅហើយ ដោយព្រះអង្គត្រូវបាន ក្រុមគ្រូពេទ្យ បញ្ជូនទៅព្យាបាលព្រះរោគ នៅមន្ទីរពេទ្យ ចាប់តាំងពីចុងខែឧសភា ឆ្នាំ ២០១៥ មកម្ល៉េះ ដោយក្នុងនោះ ព្រះអង្គត្រូវបានក្រុមគ្រូពេទ្យ អះអាងថា បានកើតនូវព្រះរោគច្រើន បន្តបន្ទាប់ គ្នា។ ចាប់តាំងពីឆ្នាំ ២០០៩ មក ព្រះអង្គ ជារឿយៗ តែងតែយាងទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ និង ព្យាបាលព្រះរោគ មិនដែលអាក់ខានឡើយ។

ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានប្រារព្ធពិធីបុណ្យចំរើនព្រះជន យាងចូល ៨៨ ព្រះ វស្សា កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៥។ បន្ទាប់ពីនោះមក ព្រះអង្គ ត្រូវបានក្រុមគ្រូពេទ្រ យាងចូលមន្ទីរពេទ្យសាជាថ្មី ហើយ រហូតមកដល់ពេលនេះ ទាំងសម្ពាធឈាម, ការដកដង្ហើម, និង ព្រះរាជសុខភាពទាំងមូល របស់ព្រះអង្គ ហាក់បានប្រសើរឡើងវិញ ដ៏គួរឲ្យរីករាយ៕

ព្រះមហាក្សត្រថៃ ហាក់ធូរស្បើយច្រើន ពីជំងឺរលាកសួត និង សន្លាក់