មហា​សំរាម​បំបាក់​មុខមាត់​លោក​ចៅហ្វាយ​ក្រុង

មហា​សំរាម​បំបាក់​មុខមាត់​លោក​ចៅហ្វាយ​ក្រុង

ក្រុង​ប៉ោយ​ប៉ែ​ត ៖ គំនរ​សំរាម​គរ​ដូច​ដំបូក​រាយ​ប៉ាយ កំពុង​ជះក្លិន​ស្អុយ យ៉ាង​អសោចិ៍​ដល់​អ្នក​ដែល​រស់នៅ​ជិត​ទីនោះ រួម​ទាំង​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ។ គេ​សង្កេត​ឃើញ​នៅ​តាម​ផ្លូវ​បេតុង​០១៦ ខាងជើង​សណ្ឋាគារ​ប៉ោយ​ប៉ែ​ត​ស៊ី​ធី ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដែល​អាជ្ញាធរ​ក្រុង​អួត​ថា ទីក្រុង​ស្អាត​នោះ គឺ​ស្អាត​ផង់​លោក​មែន ។

នៅ​ត្រង់​ចំណុច​គំនរ​សំរាម​រាប់​ខែ​រាប់​ឆ្នាំ វា​ពិតជា​គួរ​ឱ្យ​ខ្មាស​អៀន​ពេក​ណាស់ ព្រោះ​មាន​ស្លាក​របស់​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បោះបង្គោល​ដាក់​ប៉ាយ​ត្រង់​ចំណុច​នោះ​ថា «​ទីក្រុង​ស្អាត បរិស្ថាន​ល្អ ជា​ប្រភព​សុខភាព​របស់​ប្រជាពលរដ្ឋ​» តែ​ផ្ទុយ​ទៅ​វិញ នៅ​ខាងក្រោម​ប៉ាយ​នោះ គេ​ឃើញ​មាន​សំរាម​គរ​ប្រៀប​ដូច​ជា​ឃ្លាំង​សំរាម​ទៅ​ហើយ សម្រាប់​តាំងពិព័រណ៍ ។

អ្នក​រស់នៅ​តំបន់​នោះ នាំ​គ្នា​រិះគន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថា គំនរ​សំរាម​មួយ​កន្លែង​នេះ គេ​សង្កេត​ឃើញ​កើត​មាន​យូរ​ឆ្នាំ​មក​ហើយ អាជ្ញា​ធរមាន​សមត្ថកិច្ច ហាក់ដូចជា​គ្មាន​វិធានការ​ទប់ស្កាត់​ការ​ចាក់សំរាម​អនាធិបតេយ្យ​នេះ​ឡើយ ។ ប្រភព​បន្ត​ថា សំរាម​ទាំង​អស់នេះ គឺ​អ្នក​ដែល​រស់នៅ​ជិត​ទីនោះ លួច​យក​មក​ចាក់ចោល​នៅ​ពេល​យប់​តាម​គ្នា ។ ចំណែក​អស់លោក​អាជ្ញាធរ​វិញ មិន​មាន​ចំណាត់ការ​អ្វី​ទេ ហាក់ដូចជា​មាន​ភាព​ធូររលុង ទើប​បញ្ហា​ទាំង​អស់នេះ​នៅ​តែ​បន្ត​កើត​មាន ទំនង​លោក​អភិបាលក្រុង​មិន​ដែល​បាន​អញ្ជើញ​ទៅ​ជួយ​ហិត​ទេ​មើលទៅ ។

អ្នក​រស់នៅ​តំបន់​នោះ បាន​លើក​ឡើង​ថា ប្រសិនបើ​អស់លោក​អាជ្ញាធរ មាន​ចេតនា​លុប​បំបាត់​គំនរ​សំរាម​បែប​នេះ​មិន​ឱ្យ​មាន​តទៅ​ទៀត​នោះ គួរតែ​ដាក់​បម្រាម ឬ​បង្កប់​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ចាប់​យក​រូបភាព​អ្នក​ដែល​យក​សំរាម​ទៅ​ចាក់ចោល ដើម្បី​នាំ​យក​ទៅ​ផាកពិន័យ ឱ្យ​រាងចាល ហើយ​ថ្ងៃក្រោយ​នឹង​គ្មាន​អ្នក​ណា​ហ៊ាន​យក​សំរាម​មក​ចាក់​ទៀត​ឡើយ ។ ម្យ៉ាងទៀត ប្រសិនបើ​ចូក​សំរាម​នេះ​ដឹក​ចេញ ហើយ​ធ្វើ​ទី​នេះ​ឱ្យ​ស្អាត ប្រាកដជា​គ្មាន​បែប​នេះ​ទៀត​ទេ គឺ​មក​តែ​ពី​មិន​អើពើ​តែ​ម្តង ។ ពិតជា​គួរ​ឱ្យ​ខ្មាស​អ្នកទេសចរ​ឆ្លងកាត់​មែន ៕