ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

ទោះជា​បច្ចុប្បន្ន​នេះ​ជា​សម័យ​ដ៏​ទំនើប​ក៏​ដោយ ក៏​ស្ត្រី​មេ​ម៉ា​យ​នៅ​កុង​ហ្គោ​នៅ​តែ​ត្រូវ​ប្រឈម​មុខ​ខ្លាំងក្លា​ជាមួយ​ទំនៀមទម្លាប់​ប្រពៃណី​សែន​ហួស​សម័យ ។ នាង​ត្រូវ​មនុស្ស​ខាង​ប្តី​ដែល​ជា​ម្តាយ​ឪពុកក្មេក​របស់​នាង ឬ​បងថ្លៃ​ប្អូនថ្លៃ​របស់​ខ្លួន​ចាត់ទុកជា​ស្រី​មហា​ចង្រៃ​, សូ​ម្បី​ហូប​បាយ ឬ​ផឹកទឹក​ក៏​ត្រូវ​គេ​កំណត់​ឱ្យ​ហូប ឱ្យ​ផឹក​ថ្មើរ​ណា​ដែរ ។ ជា​រួម​ស្រី្ត​មេ​មា​៉​យ​កុង​ហ្គោ បន្ទាប់​ពី​ប្តី​ស្លាប់​ចោល លែង​មាន​សិទ្ធិ​អ្វី​ទាំងអស់ សូ​ម្បី​សត្វ​ចិញ្ចឹម ដែល​ខ្លួន​ចិញ្ចឹម​ទាំង​ហ្វូង​ៗ​ជាមួយ​ប្តី​កាល​នៅ​រស់​ក៏​ត្រូវ​សាច់ញាតិ​ខាង​ប្តី​ដកហូត​យក​អស់ ព្រោះ​គេ​ថា​ខ្លួន​ជា​ស្រី​ចង្រៃ ស្រី​ស៊ី​ប្តី ។

រាល់​សិទ្ធិ​ផ្ទាល់ខ្លួន​ត្រូវ​បាន​ដកហូត​អស់រលីង
ប្រទេស​កុង​ហ្គោ​ក្នុង​ទ្វីបអាហ្វ្រិក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​សម្បូរ​ទំនៀមទម្លាប់​ប្រពៃណី​ហួស​សម័យ​បំផុត ។ ស្រី្ត​មេ​មា​៉​យ​ដែល​ប្តី​ស្លាប់​ចោល ទោះ​ស្លាប់​ដោយ​សង្គ្រាម​ក្តី ដោយ​ប្រការ​ណា​ផ្សេង​ក្តី នាង​តែង​ត្រូវ​សាច់ញាតិ​ខាង​ប្តី​មើលងាយ​ដូច​សត្វ​ធាតុ ដកហូត​សិទ្ធិ​ផ្ទាល់ខ្លួន​របស់​នាង​ទាំងអស់ ។ ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន ដែល​នាង​ខំ​រកស៊ី​ជាមួយ​ប្តី​កាល​ប្តី​នៅ​រស់ ក៏​ត្រូវ​គេ​ដកហូត​យក​អស់រលីង ដែល​ប្រពៃណី​នេះ​គេ​ហៅ​ថា Le Ngo ។

លោកស្រី Marie Florence Minengue អ្នកដឹកនាំ​តស៊ូ​ការពារ​ស្រី្ត​មេ​ម៉ា​យ​កុង​ហ្គោ​ក្នុង​តំបន់ Moussanda និយាយ​ទាំង​ដកដង្ហើម​វែង «​ក្រោយ​ពេល​ប្តី​ស្លាប់​ចោល​ស្រី​មេ​ម៉ាយ​កុង​ហ្គោ​ត្រូវ​ហាម​មិន​ឱ្យ​មើល​មុខ​អ្នក​ជិតខាង ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន ហាម​កាត់​ក្រចកដៃ ហាម​ធ្វើ​សក់​។ បម្រាម​នេះ​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ទើប​អស់​សុពលភាព ។ ក្រៅពី​នោះ ស្ត្រី​មេ​ម៉ា​យ​កុង​ហ្គោ​ត្រូវ​បាត់បង់​សិទ្ធិ​គ្រប់​យា​៉​ង​អស់​មួយ​ជីវិត រាប់​ទាំង​សិទ្ធិ​ហូប​បាយ ផឹកទឹក​ផង​។ គេ​អនុញ្ញាត​ឱ្យ​ហូប​បាយ ផឹកទឹក​ម៉ោង​ណា ទាល់តែ​ដល់​ម៉ោង​នោះ​ទើប​អាច​ហូប​បាន ផឹកទឹក​បាន ។ ទ្រព្យសម្បត្តិ​ដែល​មាន​កន្លង​មក ដូច​យ៉ា​ង​គោ ចៀម ពពែ មាន់ ទា គេ​ដកហូត​អស់​ក៏​បាន ទុក​ឱ្យ​ខ្លះ​ក៏​បាន នាង​គ្មាន​សិទ្ធិ​សុំ​ប៉ុណ្ណេះ ឬ​ប៉ុណ្ណោះ​ឡើយ​។ មិនតែប៉ុណ្ណោះ ស្ត្រី​មេ​ម៉ា​យ​កុង​ហ្គោ​ត្រូវ​ពាក់​ជាប់​ខ្លួន​រហូត​នូវ​ក្រណាត់​មួយ​ផ្ទាំង​វែង​ដល់​ជង្គង់ ។ ផ្ទាំង​ក្រណាត់​នោះ គេ​ចាត់ទុកជា​ការ​ពិន័យ​ចំពោះ​នាង ដែល​នាង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​ប្តី ។ ស្ត្រី​មេ​ម៉ា​យ​ខ្លះ​ត្រូវ​គេ​រឹបអូស​យក​កូនចៅ​ទាំងអស់ ហើយ​បណ្តេញ​ឱ្យទៅ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​របស់​នាង​វិញ​ក៏​មាន ។ និយាយ​រួម​ស្ត្រី​មេ​ម៉ា​យ​កុង​ហ្គោ​ត្រូវ​ស្លាប់ បណ្តើរ​ៗ ដោយសារ​ប្រពៃណី​ចាស់​គ​ម្រិ​ល​អាក្រក់​ហួសហេតុ​នេះ ព្រោះ​សូ​ម្បី​វាសនា​ខ្លួនឯង​ក៏​ខ្លួន​អត់​មាន​សិទ្ធិ​សម្រេច​ដែរ​» ។

ស្ត្រី​ម្នាក់​ឈ្មោះ Catherine ដែល​ធ្លាប់​វេទនា​ជាមួយ​ប្រពៃណី​ហួស​សម័យ​នោះ ជួយ​បន្ទរ​ថែម​ដោយ​ប្រាប់​ថា​ប្តី​គាត់​ត្រូវ​ឪពុក​ម្តាយបង្កើត​ចាក់​សម្លាប់ ព្រោះ​សង្ស័យ​ប្តី​គាត់​ចេះ​អាប​ធ្មប់ ។ «​ប្តី​ខ្ញុំ​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ដោយសារ​របួសធ្ងន់​ពេក ។ ក្រោយ​ពេល​ប្តី​ខ្ញុំ​ស្លាប់​ទៅ ឪពុកក្មេក​ម្តាយក្មេក​ខ្ញុំ​ដកហូត​យក​ទ្រព្យសម្បត្តិ​ខ្ញុំ​អស់រលីង យក​ទាំង​គោ​ចៀម​ទៀត ។ អ្វី​ដែល​ពួក​គាត់​បន្សល់​ទុក​ឱ្យ​ខ្ញុំ គឺ​សព​ប្តី​ខ្ញុំ និង​កូន​តូច​របស់ខ្ញុំ ។ ជីវិត​ជា​ស្រី្ត​មេ​ម៉ា​យ​របស់ខ្ញុំ​សែន​វេទនា តែ​ខ្ញុំ​ត្រូវ​តែ​ខំ​រស់​ដើម្បី​កូន ។ ព្រោះតែ​អាណិតកូន​ទើប​ខ្ញុំ​ប្រឹងរ​ស់បាន​មក​ដល់​ពេល​នេះ​» ។

សង្គ្រាម​ប្រឆាំង​ប្រពៃណី​ចាស់​គ​ម្រិ​ល
ដោយ​ទ្រាំទ្រ​តទៅ​ទៀត​លែង​បាន លោកស្រី Angelique Mouandza Ndossa ងើបឡើង​ដឹកនាំ​ស្រី្ត​កុង​ហ្គោ​បាន​យ៉ាង​ច្រើន តវ៉ា​គគ្រឹកគគ្រេង ទាមទារ​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ត្រូវ​តែ​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិ​នារី ហើយ​ត្រូវ​លុប​ចោល​ប្រពៃណី​ហួស​សម័យ Le Ngo ។ លោកស្រី​ប្រធាន​ក្រុម​ប្រើស​ម្តី ខ្លាំង​ៗ​លើក​ឡើង​ថា ប្រពៃណី​ហួស​សម័យ Le Ngo គឺជា​ការ​ប្រើ​អំពើ​ហិង្សា​ចំពោះ​ស្ត្រីភេទ ។ ក្រោយ​ពេល​មានការ​ងើប​តវ៉ា​គគ្រឹកគគ្រេង​របស់​ស្ត្រី​កុង​ហ្គោ មនុស្ស​មួយ​ចំនួន​សម្គាល់​ឃើញ​សភាពការណ៍​មានការ​ប្រែប្រួល​ខ្លះ ។ ដូច​យ៉ា​ង​នៅ​តំបន់ Mapindi គណៈកម្មការ​មូលដ្ឋាន​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ការពារ​ស្រី្ត​មេ​ម៉ាយ​ក្នុង​តំបន់​របស់​ខ្លួន ។ គណៈកម្មការ​នេះ​ធ្វើ​សកម្មភាព​ដើម្បី​ធានា​ឱ្យ​បាន​ថា ស្រី្ត​មេ​ម៉ា​យ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន គ្មាន​អ្នក​ណា​ត្រូវ​ដកហូត​សិទ្ធិ​គ្រប់​យ៉ា​ង​បាន​ទៀត​ទេ នាង​ត្រូវ​តែ​មាន​សិទ្ធិ​សម្រេច​វាសនា​របស់​ខ្លួន​ដោយ​ខ្លួនឯង ។ ទន្ទឹម​គ្នា​នោះ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ខិតខំ​ជួយ​ឱ្យ​ជីវិត​ស្រី្ត​មេ​មា​៉​យ​មាន​ស្ថិរភាព​ក្រោយ​ពេល​ប្តី​ស្លាប់​ទៅ ។

ប៉ុន្តែ​ទោះបី​មានការ​ងើបឡើង​របស់​នារី​កុង​ហ្គោ​នៅ​តំបន់​ខ្លះ​ក៏​ដោយ មនុស្ស​ជា​ច្រើន​យល់​ថា​សង្គ្រាម​នេះ​ត្រូវ​តែ​តស៊ូ​យូរអង្វែង​ណាស់​ទើប​អាច​មានការ​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់ ព្រោះ​ប្រពៃណី​ចាស់​គ​ម្រិ​ល Le Ngo ដុះ​ស្នឹម​ក្នុង​អារម្មណ៍​ជនជាតិ​កុង​ហ្គោ​ប៉ុន្មាន​រយ​ជំនាន់​មក​ហើយ មិន​អាច​រលុប​បាត់​ទៅ​វិញ ភ្លាម​ៗ​បាន​ទេ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព