អ្នកស្រី ជា ខេង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភូមិ​ឡ​ពាង រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​

​កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរៀបចំ​ពិធី​រំលឹក​ដល់​ថ្ងៃ​ដែល​ក្រុមហ៊ុន​ខេ​ឌី​ស៊ី របស់​អ្នកស្រី ជា ខេង ឈូសឆាយ​ដំណាំ​និង​ផ្ទះសម្បែង​របស់​ពួកគាត់​អស់​រយៈពេល​ជាង​៨​ឆ្នាំ​មកហើយ នៅតែ​មិនទាន់មាន​ដំណោះស្រាយ​។ តំណាង​ប្រជាពលរដ្ឋ​ភូមិ​ឡ​ពាង បាន​លើកឡើងថា អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បានធ្វើ​ឲ្យ​ពួកគាត់​ជាច្រើន​គ្រួសារ​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។ គិតពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០០៨ មកដល់ពេលនេះ គឺ​ប្រជាពលរដ្ឋ​រងគ្រោះ​ត្រូវ​ប្រឈម​នឹង​ទុក្ខវេទនា​គ្មាន​ទីបញ្ចប់ ហើយ​អាជ្ញាធរខេត្ត​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនបាន​ជួយ​រក​ដំណោះស្រាយ​ទេ​។

​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​រងទុក្ខវេទនា​ដោយសារ​ការ​ឈូសឆាយ​ដំណាំ ដីធ្លី និង​ផ្ទះសម្បែង តាំងពី​ឆ្នាំ​២០០៨​មក បានធ្វើការ​បួងសួង​រំលឹក​ដល់ពេល​វេលា​ដែល​ត្រូវ​បាត់បង់​ដី បាត់បង់​ផ្ទះ និង​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​អ្នក​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​តស៊ូ​ការពារ​ដីធ្លី​ដែល​ត្រូវ​អ្នកស្រី ជា ខេង ឆក់​ប្លន់​។ អ្នកស្រី អ៊ុំ សូ​ភី តំណាង​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ខេ​ឌី​ស៊ី របស់​អ្នកស្រី ជា ខេង បាន​ឲ្យ​ដឹងថា ពិធី​ដែល​ពួកគាត់​រៀបចំឡើង គឺ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​បានដឹង​ពី​ការឈឺចាប់​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ក្រុមហ៊ុន​ខេ​ឌី​ស៊ី ឈូសឆាយ​យក​ដី យក​ផ្ទះ ដោយ​គ្មាន​សំណង​និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ការដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​។ ពិធីបួងសួង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​បានបង្ហាញ​យ៉ាងច្បាស់​ថា ពួកគាត់​រងទុក្ខវេទនា​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ដោយសារតែ​ការបាត់បង់​ដីធ្លី ទីជម្រក​។​

​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​តាមដាន​ករណី​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​ភូមិ​ឡ​ពាង ជាមួយ​អ្នកស្រី ជា ខេង ម្ចាស់​ក្រុមហ៊ុន​ខេ​ឌី​ស៊ី បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ត្រូវ​ប្រឈម​នឹង​ទុក្ខវេទនា​គ្មាន​ទីបញ្ចប់ ហើយ​អាជ្ញាធរ​ស្រុក​និង​អាជ្ញាធរខេត្ត មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ផ្ទុយទៅវិញ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​មន្ត្រី​តុលាការខេត្ត​នេះ បាន​បម្រើ​និង​ការពារ​ផលប្រយោជន៍​អ្នកស្រី ជា ខេង ដោយ​ខ្វះ​ការពិចារណា​និង​មិន​គិតពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាល់តែសោះ​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​រងគ្រោះ​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ផ្ដល់​យុត្តិធម៌​ដល់​ពួកគាត់​ផង ព្រោះ​អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច និង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ខ្លាច​អំណាច​របស់​អ្នកស្រី ជា ខេង ហើយ​មិន​ហ៊ាន​រក​យុត្តិធម៌​ឲ្យ​ពួកគាត់​ជា​ជនរងគ្រោះ​នោះទេ​៕

image --1--2016-01-09