អ្នក​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូល​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ គំរាមកំហែង​អាយុជីវិត​សកម្មជន​ការពារ​ព្រៃឈើ​

កន្លងមក​ករណី​ជនជាតិ​យួន​ចូល​កាប់​ឈើ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អណ្ដូង​មាស ខេត្តរតនគិរី ត្រូវបាន​គេ​ដឹងថា មានការ​បើកដៃ​ពី​សមត្ថ​កិច្ចការពារ​ព្រំដែន និង​មន្ត្រី​ខិលខូច​មួយចំនួន​ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ដោយសារតែ​អស់ជំនឿ​លើ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​បំផ្លាញ​ព្រៃឈើ​ទើប​កន្លងមក​សហគម​ន៍​ជនជាតិដើម​ភាគតិច​បាន​ចាត់វិធានការ ដើម្បី​ការពារ​ព្រៃឈើ​ដោយ​ខ្លួនឯង​។ ជាងនេះទៅទៀត​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បានដាក់​ពាក្យបណ្ដឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដើម្បី​ឲ្យ​លោក ងួន គឿន ជា​ស្នងការ​នគរបាល​ខេត្ត ចាត់វិធានការ​លើ​មន្ត្រីនគរបាល​ការពារ​ព្រំដែន​ក្នុងស្រុក​អណ្ដូង​មាស​ទៀតផង​។

ក្រោយពេល​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ដាក់ពាក្យ​បណ្ដឹង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចោទប្រកាន់​រឿង​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​ប្រព្រឹត្ត​អំពើពុករលួយ​បើកដៃ​ឲ្យ​យួន​ចូល​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ​រួចមក ឥឡូវនេះ​មន្ត្រី​ខិលខូច​កំពុង​គំរាមកំហែង​ដល់​អាយុជីវិត​តំណាង​សហគមន៍​ការពារ​ព្រៃឈើ​យ៉ាង​កំរោល​។ លោក ក្លាន ពេ​វ តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​តាំង​លោម ស្រុក​អណ្ដូង​មាស បាន​ឲ្យ​ដឹងថា លោក​ទទួលរង​នូវ​ការ​គំរាម​សម្លាប់​បន្ទាប់ពី​លោក​បានដាក់​ពាក្យបណ្ដឹង​ប្ដឹង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផា​តាម​២​នាក់ និង​អ្នកភូមិ​ម្នាក់​ពីបទ​ឃុបឃិត​ឲ្យ​ជនជាតិ​យួន​ឆ្លងដែន​ចូលមក​កាប់​ឈើ​ខុសច្បាប់​លើ​ទឹកដី​ខ្មែរ​។ លោក ក្លាន ពេ​វ បាន​ឲ្យ​ដឹងថា អ្នកភូមិ​នៅផ្ទះ​ក្បែរ​ខាង​របស់លោក បាន​កាន់​កាំបិត​មក​ផ្ទះ​លោក​ហើយ​គំរាម​សម្លាប់​លោក​ដោយសារតែ​លោក​ដាក់​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​នឹង​អ្នកភូមិ​ម្នាក់​នោះ​ជា​អ្នក​នាំ​ផ្លូវ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​លើដី​ខ្មែរ​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តរតនគិរី បាន​ដឹងឮ​រួចហើយ​រឿង​គំរាម​សម្លាប់​តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​តាំង​លោម កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៦​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​តាំង​លោម បាន​អំពាវនាវ​ឲ្យ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី ចាត់វិធានការ​ទៅលើ​អ្នក​កាន់​កាំបិត​មក​គំរាម​សម្លាប់​លោក ក្លាន ពេ​វ ជាបន្ទាន់​។ ដោយហេតុថា អ្វីដែល​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ដាក់ពាក្យ​បណ្ដឹង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នាពេល​កន្លងមក​គឺជា​រឿង​ពិត ព្រោះ​មន្ត្រីនគរបាល​ប៉ុស្តិ៍​ផា​តាម ឈ្មោះ ទូច ហ៊ីង និង​ឈ្មោះ ថង ព្រមទាំង​អ្នកភូមិ​ម្នាក់ទៀត​បាន​ឃុបឃិត​គ្នា​បើកផ្លូវ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អណ្ដូង​មាស​យ៉ាង​គឃ្លើន​បំផុត​៕

103លោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី